កីឡាជាតិ
ជាតិ
ពានរង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​១៥ ចាប់ផ្តើម​ជំនួប​ថ្នាក់​ខេត្ត​នៅថ្ងៃនេះ​
16, Feb 2021 , 9:53 am        
រូបភាព
​គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា (CNCC) បើក​ការប្រកួត​ថ្នាក់​ខេត្ត​សប្តាហ៍​ទីមួយ​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​១៥ ឆ្នាំ​២០២១ នា​ថ្ងៃ​អង្គារ ទី​១៦ ខែកុម្ភៈ​នេះ​។ ជំនួប​ប្រព្រឹត្ត​ទៅនា​វេលា​ម៉ោង​៣​រសៀល លើ​ទីលាន​៥​ផ្សេងៗ​គ្នា​។​
 
​ក្នុង​ពូ​ល A ភ្នំពេញ​ហ្គា​ឡាក់​ស៊ី ប្រកួត​តទល់​ជាមួយ​មន្ទីរ អយក​ខេត្តកំពង់ស្ពឺ នៅ​ទីលាន​វិទ្យាល័យ​ច្បារអំពៅ​។ នៅ​ទីលាន​វិទ្យាល័យ ហ៊ុន សែន កណ្តៀង ស​.​យ​.​ស​.​ស ខេត្តពោធិ៍សាត់ ស្វាគមន៍ ខេត្តបន្ទាយមានជ័យ​ស​ម្រា​ប់​ជំនួប​ពូ​ល B​។​
 
​រីឯ​ពូ​ល C ក្រុម​ឧ​ត្ត​រ​មានជ័យ ទៅ​ជួប​ជាមួយ​ម្ចាស់ផ្ទះ កងរាជអាវុធហត្ថ ខេត្តកំពង់ធំ នៅ​ទីលាន​វិទ្យាល័យ​កំពង់ធំ ស្រប​ពេលដែល​កោះកុង​អែ​ហ្វ​ស៊ី ទទួល មន្ទីរ អយក ខេត្ត​កែប នៅ​ទីលាន​វិទ្យាល័យ​កោះកុង សម្រាប់​ជំនួប​ពូ​ល E​។ 
 
​នៅ​ពូ​ល F មន្ទីរ​អយក ខេត្ត​ត្បូងឃ្មុំ ប្រើប្រាស់​ទីលាន​វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន មេមត់ ដើម្បី​ស្វាគមន៍ អធិរាជ​ដំរី​ឦសាន ខេត្តរតនគិរី​។ រីឯ​៤​ប្រកួត​នៃ​ពូ​ល​ផ្សេងទៀត នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ពុធ ទី​១៧ ខែកុម្ភៈ​។​
 
​នៅ​ឆ្នាំនេះ ក្រុម​ដែល​ចូលរួម​ប្រកួតប្រជែង​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត មាន​២១​ក្រុម​ដោយ​ចែកជា​៦​ពូ​ល​។ ពូ​ល A, B និង G មាន​៤​ក្រុម រីឯ​ពូ​ល C, D និង H មាន​៣​ក្រុម​។​
 
​ការប្រកួត​ថ្នាក់​ខេត្ត​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៦ ខែកុម្ភៈ ដល់ ថ្ងៃទី​១៦ ខែមិថុនា រីឯ​ថ្នាក់ជាតិ​ចាប់ផ្តើម​ពីថ្ងៃ​ទី​៧ ខែកក្កដា ដល់​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២១​។​
 
​ក្រុម​ដែល​ទទួលបាន​ជើងឯក ក្រុម​ចំណាត់ថ្នាក់​លេខ​២ និង​លេខ​៣ ទទួលបាន​កៅអី​បន្តទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​ថ្នាក់ជាតិ ដោយមាន​១៣​ក្រុម​ទៀត​នៃ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ រង់ចាំ​រួចជាស្រេច​។​
 
​កាលពី​រដូវ​កាល​មុន ខេត្តព្រៃវែង​ជា​ម្ចាស់​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត ក្រោយ​យកឈ្នះ​ត្បូងឃ្មុំ ១-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ កែប​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​ជ័យជម្នះ ៣-០ លើ​សៀមរាប​៕

© រក្សាសិទ្ធិដោយ thmeythmey.com