COVID-19
ជាតិ
សេដ្ឋកិច្ច
មនុស្ស​ជាង​២​ពាន់​នាក់​ហើយ បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩
16, Feb 2021 , 2:07 pm        
រូបភាព
​ភ្នំពេញ​៖ គិត​ត្រឹម​រយៈពេល​៦​ថ្ងៃ​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ពោល​ពី​ថ្ងៃទី​១០-១៥​កុម្ភៈ មាន​មនុស្ស​ចំនួន​២១២២​នាក់​ហើយ បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ប្រភេទ​ស៊ី​ណូ​ហ្វា​ម​របស់​ចិន (Sinopharm) ។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​។​
 
​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា ក្នុង​រយៈពេល​៦​ថ្ងៃ​កន្លងមកនេះ គឺមាន​អ្នក​ដែល​ស្ម័គ្រចិត្ត សរុប​២,៦៧៨​នាក់ ទៅ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​របស់​ចិន​នៅតាម​មន្ទីរពេទ្យ​ទាំង​៥​ទីតាំង នៅ​រាជធានី​ភ្នំពេញ រួមមាន​មន្ទីរពេទ្យ​កាល់ម៉ែត​, មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​, មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​, មន្ទីរពេទ្យ​កុមារ​ជាតិ និង​មន្ទីរពេទ្យ​កេតុមាលា​។ ប៉ុន្តែ ក្នុងចំណោម​អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​នេះ មាន​៥៥៦​នាក់ ដែល​គ្រូពេទ្យ​មិន​អនុ​ញ្ញា​ត្ត​ឱ្យ​ចាក់​។​
 
​កន្លងមក រាជរដ្ឋាភិបាល ក៏​ដូច​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា វ៉ាក់សាំង​កូ​វីដ​-១៩​ប្រភេទ​ស៊ី​ណូ​ហ្វា​ម​របស់​ចិន​នេះ គឺអាច​ចាក់​បាន​ចំពោះ​មនុស្ស​ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ ដល់ ៥៩​ឆ្នាំ​ប៉ុណ្ណោះ ហើយ​អ្នក​ដែល​ស្ថិតនៅក្នុង​ចន្លោះ​វ័យ​នេះ បើ​មាន​សុខភាព​ខ្សោយ ឬ​មាន​ជំងឺ​ផ្សេងៗ ក៏​មិនអាច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ប្រភេទ​ស៊ី​ណូ​ហ្វា​ម​នេះ បានដែរ​។ 
 
​អ្នក​ដែលមាន​ជំងឺ​ផ្សេងៗ​ប្រចាំកាយ មិនអាច​ទទួល​វ៉ាក់សាំង​កូ​វីដ​-១៩​នេះ​បានទេ​។ ប្រភេទ​ជំងឺ​នោះ​រួមមាន អ្នកមាន​បញ្ហា​អា​ឡែ​ហ្ស៊ី​ផ្សេងៗ​, អ្នក​ដែលមាន​បញ្ហា​ដង្ហើម​, រលាក​សរសៃឈាម អ្នកចេញ​កន្ទាលត្រអាក​, អ្នកជំងឺ​រ៉ាំរ៉ៃ ,​អ្នកជំងឺ​ឆ្កួតជ្រូក ,​ជំងឺរលាកស្រោមខួរ ,​ជំងឺសរសៃប្រសាទ​, ជំងឺ​តំណពូជ ,​អ្នកមាន​សុខភាព​ខ្សោយ ,​អ្នក​កើត​ជំងឺអេដស៍ ,​អ្នក​មហារីក​កូនកណ្តុ​រ ,​អ្នកជំងឺ​ឈាមស​, អ្នកជំងឺ​បេះដូង​សរសៃឈាម​ធ្ងន់ធ្ងរ ,​ជំងឺថ្លើម ,​ជំងឺ​តម្រងនោម និង​ជំងឺ​ដុះ​ដុំ​សាច់​ធ្ងន់ធ្ងរ​។ ជាពិសេស​អ្នក​ដែលមាន​ប្រវត្តិ​ប្រតិកម្ម​ក្រោយពី​បាន​ចាក់​វ៉ាក់សាំង​ផ្សេងៗ​។​
 
​សូម​ជម្រាប ចំពោះ​ចំនួន​ពលរដ្ឋ​ខ្មែរ​សរុប​ខាងលើ ​ដែល​បាន​ចាក់​វ៉ា​ក់កូ​វីដ​-១៩​នេះ គឺ​មិនបាន​រាប់បញ្ចូល​នូវ​ចំនួន​កងកម្លាំង​ទ័ព​នានា ដែល​បាន​ចាក់​វ៉ាក់សាំង​នេះឡើយ​។  វ៉ាក់សាំង​កូ​វីដ​-១៩​ប្រភេទ​ស៊ី​ណូ​ហ្វា​ម ចំនួន​៦០​ម៉ឺន​ដូ​ស​របស់​ចិន បាន​ដឹក​មកដល់​កម្ពុជា​កាលពី​ថ្ងៃទី​៧​កុម្ភៈ ឆ្នាំ​២០២១ ដោយមាន​៣០​ម៉ឺន​ដូ​ស​ ប្រគល់ឱ្យ​ក្រសួងសុខាភិបាល និង​៣០​ម៉ឺន​ដូ​ស​ទៀត ប្រគល់ឱ្យ​ក្រសួងការពារជាតិ​។​
 
​គិត​ត្រឹម​ថ្ងៃទី​១៦​កុម្ភៈ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប​៤៧៩​នាក់​។ ក្នុងនោះ​មាន​៤៦៩ ជាសះស្បើយ និង​១០​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នានា​៕ 
 

Tag:
 វ៉ាក់សាំង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com