ភ្នំពេញ៖ កម្ពុជាទទួលបានចំណូលពីពន្ធ៣ប្រភេទ ដែលមានកំណើនចន្លោះពី៤ ទៅជាង១០ភាគរយ នៅដើមឆ្នាំ២០២១នេះ បើធៀបនឹងប្រភេទពន្ធដូចគ្នា ប្រចាំខែមករា ឆ្នាំ២០២០។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលចេញផ្សាយនៅថ្ងៃទី១៥កុម្ភៈ។
ពន្ធទាំង៣ប្រភេទ ដែលរក្សាកំណើនល្អសម្រាប់កម្ពុជានោះ រួមមានពន្ធលើប្រាក់ចំណូល, ពន្ធលើអាករពិសេស និងពន្ធលើប្រាក់បៀវត្ស។ បើតាមអគ្គនាយកដ្ឋានពន្ធដារ ការប្រមូលពន្ធលើប្រាក់ចំណូលប្រចាំខែមករាឆ្នាំ២០២១ មានចំនួន១៧៣,៧៩ពាន់លានរៀល(ស្មើនឹងជាង៤០លានដុល្លារ) បានកើន៧,២៦ ភាគរយ, ការប្រមូលពន្ធលើអាករពិសេស បាន១១,៧៦ ពាន់លានរៀល(ជិត២០លានដុល្លារ) កើនឡើង៤,០៤ភាគរយ និងការប្រមូលពន្ធលើប្រាក់បៀវត្ស បានចំនួន ៩១,៣១ពាន់លានរៀល (ស្មើនឹងជាង២២លានដុល្លារ) បានកើនរហូត១០,០៧ភាគរយ។
ថ្វីដ្បិតចំណូលពីពន្ធទាំង៣ប្រភេទខាងលើមានកំណើនក៏ពិតមែន ប៉ុន្តែចំណូលសរុបដែលកម្ពុជាបានពីពន្ធអាករគ្រប់ប្រភេទប្រចាំខែមករា គឺមានចំនួន៨៧៩,៦៨ពាន់លានរៀល(ស្មើនឹង២១៧,២០លានដុល្លារ) ថយចុះ ៨,០៦ភាគរយ បើធៀបនឹងចំណូលពន្ធដារប្រចាំខែមករា ក្នុងឆ្នាំ២០២០។ នេះបើតាមអគ្គនាយកពន្ធដារដដែល។
បើតាមផែនការ ដែលបានកំណត់នៅឆ្នាំ២០២១ ការប្រមូលពន្ធត្រូវមានទំហំជាង២,២០០លានដុល្លារ។ដូច្នេះដើម្បីធានានូវប្រសិទ្ធភាព ក្នុងការប្រមូលចំណូលពន្ធ ឲ្យស្របតាមផែនការកំណត់នោះ អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តពង្រឹងនូវវិធានការនយោបាយ និងរដ្ឋបាលសារពើពន្ធ ដោយអនុវត្តឱ្យមានប្រសិទ្ធភាព នូវការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធព័ត៌មានបច្ចេកវិទ្យា។ ជាពិសេសជំរុញការអនុវត្តលើការដាក់លិខិតប្រកាសពន្ធ តាមប្រព័ន្ធអនឡាញ(E-Filling) និងលិខិតប្រកាសពន្ធលើប្រាក់ចំណូល។
អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តលើកកម្ពស់វប្បធម៌បង់ពន្ធ ដោយពង្រឹងការផ្សព្វផ្សាយ និងការអនុវត្ត រួមទាំងពង្រឹងការប្រមូលពន្ធបំណុល និងវិធានការតឹងរឹងក្នុងការទារបំណុលពន្ធ។ ជាពិសេសបំណុលពន្ធធំៗ ដែលមានសក្កានុពល ដោយបានកំណត់ជាបំណុលអាទិភាព នៅក្នុងវិស័យដែលមិនរងប៉ះពាល់ដោយសារកូវីដ-១៩ រួមទាំងសកម្មភាពផ្សេងៗ ដើម្បីធានានូវការប្រមូលពន្ធឱ្យមានប្រសិទ្ធភាព និងតម្លាភាព។
ឆ្នាំ២០២០ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលប្រាក់ពន្ធពីវិស័យនានា បានជិត៣ពាន់លានដុល្លារ កើនឡើង ៣,៧៣ភាគរយបើធៀបនឹងឆ្នាំ ២០១៩៕