កីឡាអន្តរជាតិ
អន្តរជាតិ
Werner សប្បាយ​ចិត្តនឹង​ធ្វើការ​ជាមួយ «​បុរស​ល្អ Tuchel» នៅ Chelsea
16, Feb 2021 , 9:29 pm        
រូបភាព
​ដោយ​៖​ជា យូ​គៀង

​ខ្សែប្រយុទ្ធ​វ័យក្មេង Timo Werner បាន​ត្រឡប់​ទៅរក​ភាពខ្លាំង​ក្នុងការ​ទម្លុះ​សំណាញ់​ទី​ជាថ្មី​ក្រោយ​រកបាន​១​គ្រាប់​ក្នុង​ជ័យជម្នះ​របស់ Chelsea លើ Newcastle United ២-០ នា​រាត្រី​ថ្ងៃទី ១៥ ខែកុម្ភៈ​។ Werner រីករាយ​នឹង​លេង​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី​លោក Thomas Tuchel​។​


​ខ្សែប្រយុទ្ធ​សញ្ជាតិ​អាល្លឺម៉ង់​សារភាពថា ការមកដល់​របស់លោក Thomas Tuchel គឺជា​ជំនួយ​ដ៏​ធំ​មួយ​សម្រាប់​ខ្លួន​ក្នុងការ​ពង្រឹងសមត្ថភាព​នៅ Stamford Brigde​។ Werner បានបញ្ចប់​សំណាញ់​ទី​បាន​យ៉ាង​ល្អ ដើម្បី​ជួយ Chelsea ទ​ទូល​បាន​៣​ពិន្ទុ​ឡើងទៅ​ចំណាត់ថ្នាក់​ទី​៤​ក្នុង​តារាង​លី​គ​កំពូល​អង់គ្លេស​
 
​ទោះបី​នេះ​ជា​គ្រាប់​ទី​២​របស់ខ្លួន ក្នុងចំណោម ២០ ប្រកួត Werner ជឿជាក់ថា រូបគេ​នឹង​ឈានដល់​កំ​ម្រិ​ត​កំពូល​ឡើងវិញ​ក្រោម​ការគ្រប់គ្រង​របស់លោក Tuchel ដូចដែល​គេ​ធ្វើបាន​ជាមួយ​ក្លិប​ចាស់​អ៊ីចឹង​ដែរ​។​
 
Werner បាន​ប្រាប់ BBC Sport ថា​៖ «​វា​ប្រៀបដូចជា​មាន​អ្វី​ជួយ​ខ្ញុំ​នៅពេល​ដែរ​មាន​នរណា​ស្រែកប្រាប់​ខ្ញុំ​ជា​ភាសា​អាល្លឺម៉ង់​។ លោក Tuchel ជា​មនុស្ស​ល្អ លោក​មាន​យោបល់​ល្អៗ​ទាក់ទង​ទៅនឹង​បាល់ទាត់​ដែល​ត្រូវជា​មួយក្រុម​របស់​យើង​។ នៅពេលដែល​យើង​មានការ​ហ្វឹកហាត់​ច្រើន​ជាមួយ​គាត់​កាន់តែច្រើន ក្រុម​របស់​យើង​បានទទួល​លទ្ធផល​កាន់តែ​ប្រសើ​ឡើង​»​។​
​ឆ្លងកាត់​ការប្រកួត​២៤​លើក Chelsea រកបាន​៤២​ពិន្ទុ ឈរ​ចំណាត់ថ្នាក់​ទី​៤ ដោយ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Manchester City ចំនួន​១១​ពិន្ទុ​៕

Tag:
 Timo Werner
  Thomas Tuchel
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com