ជាតិ
​ក្រុមហ៊ុន​១៦​ចុះកិច្ចសន្យា​ទិញ​បន្លែ ត្រី និង​សាច់​សុវត្ថិភាព​ពី​កសិករ​ខ្មែរ​
17, Feb 2021 , 7:59 am        
រូបភាព
លោក វេង សាខុន នាឱកាសចុះកិច្ចសន្យាជាមួយក្រុមហ៊ុនចំនួន១៦ទិញ-លក់កសិផលកសិកម្មនៅថ្ងៃទី១៥ កុម្ភៈ
លោក វេង សាខុន នាឱកាសចុះកិច្ចសន្យាជាមួយក្រុមហ៊ុនចំនួន១៦ទិញ-លក់កសិផលកសិកម្មនៅថ្ងៃទី១៥ កុម្ភៈ
ដោយ:
​ភ្នំពេញ​៖ ដើម្បី​ជំរុញ​កំណើន​ផលិតកម្ម​កសិកម្ម បន្លែ ដំឡូង​មី ឪឡឹក​លឿង ស្វាយ និង​មាន់​សាច់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​ចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ចំនួន​១៦ ដើម្បី​ទិញ​-​លក់​បន្លែ​សុវត្ថិភាព​ពី​កសិករ ក្នុង​បរិមាណ​សរុប ៣ ៤០០​តោន ដែលមាន​តម្លៃ​សរុប ១ ៤១១ ៦៩០​ដុល្លារ​។ នេះ​បើតាម​លោក វេ​ង សាខុន ដែល​បាន​បង្ហោះ​លើ​គណនី​យ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន នៅ​ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ​២០២១​។​
 
​ពិធី​ចុះហត្ថលេខា​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ដោយមាន​កិច្ចសន្យា​ចំនួន​១៦ និង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ចំនួន​២ ស្តីពី​«​ការផ្គត់ផ្គង់​បន្លែ​សុវត្ថិភាព ដំឡូង​មី ផ្លែស្វាយ ផ្លែ​ឪឡឹក​សាច់​លឿង និង​មាន់​សាច់​»​។ ពិធី​នេះ​មានការ​ចូលរួម​ពី​លោក វេ​ង សាខុន តំណាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ តំណាង​ក្រុមហ៊ុន តំណាង​បណ្ដុំ​អាជីវកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។​
 
​ក្រុមហ៊ុន​ដែល​បាន​ចុះកិច្ចសន្យា​មាន​ក្រុមហ៊ុន​ចំនួន​១៦ ដោយ​ក្រុមហ៊ុន​ទិញ​បន្លែ​មាន​១២ ,​ទិញ​មាន់​សាច់​ចំនួន​២ ,​ក្រុមហ៊ុន​ទិញ​ស្វាយ​១ និង​ក្រុមហ៊ុន​ទិញ​ឪឡឹក​លឿង​ចំនួន​១​។ ដើម្បី​ឲ្យ​ភាគី​ទាំងពីរ​អនុវត្ត​កិច្ចសន្យា​ប្រកបដោយ​ភាពត្រឹមត្រូវ ស្មោះត្រង់ ឈរលើ​ស្មារតី លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ណែនាំ​ឲ្យ​មានការ​រៀបចំ​ចងក្រង​បណ្តុំ​ផលិត រៀបចំ​កន្លែង​ប្រមូល​ទិញ និង​ស្តុក​កសិផល ការពង្រីក​ទីផ្សារ ការពង្រឹង​យន្ត​ការផ្តល់​សេវាកម្ម​ត្រួតពិនិត្យ និង​បញ្ជាក់​គុណភាព ផ្តល់​ស្លាក​សញ្ញា ឬ QR Code ការអនុវត្ត​កសិកម្ម​ល្អ និង​ការជួយ​គាំទ្រ និង​ផ្សព្វផ្សាយ​ការបរិភោគ​កសិផល​សុវត្ថិភាព​។​
 
​បច្ចុប្បន្ន កម្ពុជា​កំពុង​អនុវត្ត​កម្មវិធី​មួយ​ឈ្មោះថា ការផ្សព្វផ្សាយ​បច្ចេកវិទ្យា​កសិកម្ម​ថ្មី​ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​«​អា​ស្ប៉ា​យ​» ដែល​ជាការ​ចងក្រង​បណ្ដុំ​កសិករ ជួយ​ឲ្យ​កសិករ ជួយ​គាំទ្រ​បច្ចេកទេស និង​សម្ភារ​កសិកម្ម​ដល់​កសិក​រ​ផងដែរ​។​
 
​អា​ស្ប៉ា​យ បាន​ដើរតួនាទី​យ៉ាងសំខាន់ ជា​អ្នក​ជួយ​សម្របសម្រួល រៀបចំ​ចងក្រង​កសិករ អ្នកផ្គត់ផ្គង់​ធាតុ​ចូល​កសិកម្ម និង​អ្នកប្រមូល​ទិញ​កសិផល ដែលមាន​បណ្តុំ​អាជីវកម្ម​សរុប​មាន​ចំនួន ១ ៩២០ និង​មាន​សមាជិក​ចំនួន ៦១ ៧៣៥​គ្រួសារ នៅ​ទូទាំងប្រទេស​។ នេះ​បើតាម​របាយការណ៍​រប​ស់​នាយកដ្ឋាន​កសិកម្ម​៕

Tag:
 វេ​ង សាខុន​
 ​បន្លែ​
 ​ត្រី​
 ​សាច់​
 ​កសិករ​
© រក្សាសិទ្ធិដោយ thmeythmey.com