កីឡាជាតិ
ជាតិ
ពាន​សម្តេច ហ៊ុន សែន​៖ ជ័យជម្នះ​បើកឆាក​សម្រាប់​បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ និង​ត្បូងឃ្មុំ​
16, Feb 2021 , 5:19 pm        
រូបភាព
ក្រុម​ខេត្តបន្ទាយមានជ័យឈ្នះក្រុមខេត្តពោធិ៍សាត់ ៤-០
ក្រុម​ខេត្តបន្ទាយមានជ័យឈ្នះក្រុមខេត្តពោធិ៍សាត់ ៤-០
​ខេត្តបន្ទាយមានជ័យ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​មន្ទីរ អយក ខេត្ត​ត្បូងឃ្មុំ សុទ្ធតែ​ទទួលបាន​៣​ពិន្ទុ​នា​ការប្រកួត​បើកឆាក​ពូ​ល​រៀងៗ​ខ្លួន នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​១៥ (​ថ្នាក់​ខេត្ត​) នា​រសៀល​ថ្ងៃ​អង្គារ ទី​១៦ ខែកុម្ភៈ​នេះ ខណៈ​ជំនួប​២​ប្រកួត​ទៀត​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើគ្នា​។​
 
​នៅ​ទីលាន​វិទ្យាល័យ​កណ្តៀង ខេត្តបន្ទាយមានជ័យ បាន​នាំមុខ​ម្ចាស់ផ្ទះ ស​.​យ​.​ស​.​ស ខេត្តពោធិ៍សាត់ ២-០ នៅ​តង់​ទីមួយ ហើយ​បន្ថែម​បាន​២​គ្រាប់​ទៀត​នៅ​តង់​ទី​ពីរ ដើម្បី​បញ្ចប់​លទ្ធផល ៤-០ សម្រាប់​ជំនួប​បើកឆាក​ពូ​ល B​។​
 

​រីឯ​ជំនួប​ពូ​ល C នៅ​ទីលាន​វិទ្យាល័យ​កំពង់ធំ ក្រុម​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក៏បាន​ដណ្តើម​ជ័យជម្នះ​លើ​ម្ចាស់ផ្ទះ​ផងដែរ ដោយ​នាំមុខ ១-០ នៅ​តង់​ទីមួយ ហើយ​មានការ​ស៊ុត​ចូលគ្នា​ទៅវិញទៅមក​នៅ​តង់​ទី​ពីរ ដែល​ធ្វើ​ក្រុម​ភ្ញៀវ​ឈ្នះ ២-១​។​
 
​មន្ទីរ អយក ខេត្ត​ត្បូងឃ្មុំ ជា​ក្រុម​ម្ចាស់ផ្ទះ​តែមួយគត់​ដែល​ទទួលបាន​៣​ពិន្ទុ​ពី​ការប្រកួត​បើកឆាក​នៅថ្ងៃនេះ​លើ​ទីលាន​វិទ្យាល័យ​ប៊ុនរ៉ានី ហ៊ុន សែន មេមត់​។ នៅ​តង់​ទីមួយ ពួកគេ​បាន​នាំមុខ​អធិរាជ​ដំរី​ឦសាន ខេត្តរតនគិរី ៣-០ ហើយ​មានការ​ស៊ុត​ចូល​ទី​១​គ្រាប់​ទៅវិញទៅមក​នៅ​តង់​ទី​ពីរ​។ ចប់​ការប្រកួត ត្បូងឃ្មុំ​ឈ្នះ ៤-១ សម្រាប់​ជំ​នួ​បើកឆាក​នៅ​ពូ​ល F​។​
 
​រីឯ​ជំនួប​២​ប្រកួត​ទៀត បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើគ្នា​។ នៅ​ពូ​ល A ភ្នំពេញ​ហ្គា​ឡាក់​ស៊ី និង​មន្ទីរ​អយក ខេត្តកំពង់ស្ពឺ ស៊ុត​ចូល​ទី​គ្នា​ទៅវិញទៅមក​ម្នាក់​១​គ្រាប់​ក្នុង​តង់​ទីមួយ​លើ​ទីលាន​វិទ្យាល័យ​ច្បារអំពៅ​។ បញ្ចប់​ការប្រកួត​ក្រុម​ទាំងពីរ​ស្មើគ្នា ២-២​។​
 
​សម្រាប់​ការប្រកួត​ពូ​ល E នៅ​ទីលាន​វិទ្យាល័យ​កោះកុង​ឯណោះ​វិញ ក្រុម​ម្ចាស់ផ្ទះ និង​មន្ទី អយក ខេត្ត​កែប មិនមាន​គ្រប់​បាល់​បញ្ចូល​ទី​ឡើយ​នៅ​តង់​ទីមួយ ប៉ុន្តែ​រកបាន​១​គ្រាប់​រៀងៗ​ខ្លួន​នៅ​តង់​ទី​ពីរ ដើម្បី​ចែករំលែក​ម្នាក់​១​ពិន្ទុ​សម្រាប់​ជំនួប​បើកឆាក​៕
 

Tag:
 Hun Sen Cup 2021
© រក្សាសិទ្ធិដោយ thmeythmey.com