កីឡាអន្តរជាតិ
អន្តរជាតិ
Koeman សរសើរ Mbappe ដែល​ធ្វើបាន hat-trick និង​ទទួលស្គាល់ PSG ខ្លាំង​ជាង Barca
17, Feb 2021 , 10:19 am        
រូបភាព
លោក Ronald Koeman សាទរ​ចំពោះ​ទេពកោសល្យ​ដ៏​អស្ចារ្យ​របស់ Kylian Mbappe ដែល​ធ្វើបាន hat-trick ហើយ​សារភាពថា Barcelona ត្រូវតែ​ទទួលយក​បរាជ័យ​ដ៏​អាម៉ាស់​នៅ​ទឹកដី Camp Nou ក្រោយ​ចាញ់ Paris Saint-Germain ដល់​ទៅ ៤-១ ក្នុងការ​ប្រកួត Champions League ជើង​ទី​១ វគ្គ​១៦​ក្រុម​។​

Kylian Mbappe អាច​រកបាន​៣​គ្រាប់​ម្នាក់ឯង​នៅ​នាទី​៣២ ៦៥ និង​៨៥ បន្ទាប់ពី Lionel Messi ស៊ុត​គ្រាប់​នាំមុខ​ឱ្យ Barca នៅ​នាទី​២៧​ដោយ​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី ខណៈ Moise Kean រកបាន​មួយ​គ្រាប់​​ដើម្បី​ជួយ​ក្រុម​រងជើង​ឯក​រដូវ​កាល​មុន​នាំមុខ​នៅ​ជំនួប​ជើង​ទី​១ ដែល​ធ្វើឡើង​នៅ​រាត្រី​ថ្ងៃទី​១៦ ខែកុម្ភៈ ក្នុង​ទ​ល្ធ​ផល ៤-១​។​
 
​តាមរយៈ​លទ្ធផល​នេះ លោក Koeman អ្នកចាត់ការ​ទូទៅ Barcelona បានទទួល​ស្គា​ល់ពី​ភាពខ្លាំង​របស់ PSG និង​ទទួលស្គាល់ថា​ក្រុម​របស់លោក​នឹង​ពិបាក​រក​វិធីសាស្ត្រ​ដើម្បី​ទប់ទល់​ជាមួយ​ក្រុម​លោក Mauricio Pochettino នៅ​ជើង​ទី​២​។​


 
«​ពួកគេ​ពូកែ​ជាង​យើង ពួកគេ​ពូកែ​ខ្លាំងណាស់ ហើយ​ជាពិសេស​នោះ​គឺ Mbappe​។ ពួកគេ​បាន​បង្ហាញថា​ពួកគេ​ពោ​ពេញ​ដោយ​ភាពខ្លាំង​លើ​ការគ្រប់គ្រង​បាល់ និង​ជាពិសេស​នោះ​គឺ​រាងកាយ​ដឺ​រឹងមាំ​របស់​ពួកគេ​»​។ អ្នកចាត់ការ​សញ្ជាតិ​ហូ​ឡង់​ទទួលស្គាល់​លទ្ធផល​នេះ ប៉ុន្តែ​លោក​នឹង​ពង្រឹង​ក្រុម​ឱ្យ​ប្រសើរឡើង ដ្បិត​លោក​ជឿជាក់ថា​អ្វីៗ​សុទ្ធតែ​អាច​កើតឡើង​។ 
 
​កាលពី​ឆ្នាំ ២០១៧ ក្រុម​រហស្សនាម​អ្នកមាន​បុណ្យ​ធ្លា​ប់រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​យក្ស​បារាំង​នេះ​នៅ​ជើង​ទីមួយ​ដល់​ទៅ ៤-០ ប៉ុន្តែ​ពួកគេ​នៅតែ​អាច​ទម្លាក់ PSG ចេញពី Champions League បាន​ដដែល​ជាមួយនឹង​ជ័យជម្នះ​នៅ​ជើង​ទី​ពីរ​ដោយ​លទ្ធផល ៦-១ វិញ​។​




 
​យ៉ាងណាក៏ដោយ បើទោះជា​ការ​វាយ​ប​តាម​ឈ្នះ​របស់​ក្រុម​នៅ​អឺរ៉ុប​តែង​ធ្វើបាន​ជារឿយៗ ប៉ុន្តែ​លោក Koeman មាន​ក្តីសង្ឃឹម​តិចតួច​ប៉ុណ្ណោះ​នៅពេល​ត្រឡប់​ទៅ​កីឡដ្ឋាន Parc des Princes សម្រាប់​ជំនួប​ជើង​ទី​២ ដែល​ប្រព្រឹត្តទៅ​នៅ​រាត្រី​ថ្ងៃទី​១០ ខែមីនា​។​
 
​ដោយឡែក​ជំនួប​មួយគូ​ទៀត Liverpool បាន​យកឈ្នះ RasenBallsport Leipzig ក្នុង​លទ្ធផល ២-០ នៅ​ជើង​ទី​១​វគ្គ ១៦​ក្រុម​ចុងក្រោយ​នៅ​កីឡដ្ឋាន Puskas Arena ដែល​ស្ថិតក្នុង​ក្រុង​ប៊ុ​យ​ដា​ប៉ែស ប្រទេស​ហុង​គ្រី​ដែលជា​ទឹកដី​កណ្ដាល​។ ជើង​ទី​២ ហង្ស​ក្រហម​នឹង​ស្វាគមន៍​ក្រុម​អាល្លឺម៉ង់​នៅ Anfield វិញ នៅ​រាត្រី​ថ្ងៃទី​១០ ខែមីនា​៕
 



Tag:
 Ronald Koeman
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com