អន្តរជាតិ
អគ្គរដ្ឋទូត​ចិន​៖ ភាព​តានតឹង​នៅ​មី​យ៉ាន់​ម៉ា មិនមែនជា​អ្វីដែល​ចិន​ចង់ឃើញ​ឡើយ​
17, Feb 2021 , 11:10 am        
រូបភាព
ប្រជាជនមីយ៉ាន់ម៉ា ធ្វើបាតុកម្មជំទាស់នឹងរដ្ឋប្រហារយោធា។ រូបភាព៖ AFP
ប្រជាជនមីយ៉ាន់ម៉ា ធ្វើបាតុកម្មជំទាស់នឹងរដ្ឋប្រហារយោធា។ រូបភាព៖ AFP
​ការតវ៉ា​ទាមទារ​របស់​ប្រជាជន​មី​យ៉ាន់​ម៉ា​ឱ្យ​របប​សឹក​ប្រគល់​អំណាច​ឱ្យ​រដ្ឋាភិបាល​ស៊ីវិល នៅតែ​បន្ត​កើតមាន ខណៈពេល​រដ្ឋាភិបាលយោធា​បញ្ជូនទាហាន​មក​ក្នុង​ក្រុង​ធំៗ​កាន់តែច្រើន​។ ពាក់ព័ន្ធ​ស្ថាន​ការណ៍ភាព​តានតឹង​បែបនេះ អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​មី​យ៉ាន់​ម៉ា លោក Chen Hai បានបង្ហាញ​ការបារម្ភ​ជា ចិន​មិន​ចង់ឃើញ​ស្ថានភាព​បែប​នោះ​។
 
​នៅក្នុង​កិច្ច​សម្ភាស​ដែល​បង្ហោះ​លើ​វេ​ប​សាយ​ស្ថានទូត​ចិន​ប្រចាំ​នៅ​មី​យ៉ាន់​ម៉ា ក្នុង​ថ្ងៃទី​១៦ ខែកុម្ភៈ លោក Chen Hai អគ្គ​រដ្ឋទូត​ចិន​ប្រចាំ​នៅ​មី​យ៉ាន់​ម៉ា​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ការវិវឌ្ឍ​ស្ថានការណ៍​ក្នុងពេល​បច្ចុប្បន្ន​នៅ​មី​យ៉ាន់​ម៉ា គឺជា​អ្វីដែល​ចិន​មិន​ចង់ឃើញ​»​។ ក្នុងន័យនេះ ប្រេសិត​របស់​ចិន ចង់ឃើញ​រដ្ឋាភិបាល​ស៊ីវិល និង​យោធា​មី​យ៉ាន់​ម៉ា ដោះស្រាយ​បញ្ហា​ជាមួយគ្នា ដោយ​ផ្អែក​ទៅតាម​ច្បាប់ និង​រដ្ឋធម្មនុញ្ញ ដើម្បី​រក្សា​ស្ថិរភាព​នយោបាយ​នៅក្នុង​ប្រទេស​។ 
 
​មួយរយៈ​ចុងក្រោយ​នេះ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បាន​បញ្ជូនទាហាន និង​រថពាសដែក​ជាច្រើន​គ្រឿង​ចូលក្នុង​ទីក្រុង​ធំៗ ស្របពេល​ប្រជាជន​នៅតែ​បន្ត​តវ៉ា​ជំទាស់​នឹង​ក្រុម​យោធា​។ ទន្ទឹមនេះ រដ្ឋាភិបាលយោធា បាន​ចាប់ខ្លួន​អ្នកប្រឆាំង​ជា​បន្តបន្ទាប់ និង​កាត់ផ្តាច់​អ៊ីនធឺណិត​នៅពេល​យប់​។​
 
​បើតាម​ប្រេសិត​ចិន​ប្រចាំ​នៅ​មី​យ៉ាន់​ម៉ា​រូបនេះ កន្លងមក​ចិន បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា នៅក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដែល​បានចេញ​សេចក្តីថ្លែងការណ៍​អំពាវនាវ​ឱ្យមាន​ការដោះលែង​អ្នក​ជាប់ឃុំ​, លើកទឹកចិត្ត​ឱ្យមាន​ការចរចា និង​ការបង្រួបបង្រួម​នៅក្នុង​ប្រទេស​។ 
 
​ក្នុង​កិច្ច​សម្ភាស​ដដែល​នេះ លោក Chen នៅតែ​បន្ត​ការពារ​ជំហរ​របស់​រដ្ឋាភិបាល​ចិន​ដែល​រង​ការរិះគន់​។ ចិន​នឹងមិន​ជ្រៀតជ្រែក ក្នុង​កិច្ចការ​ផ្ទៃក្នុង​មី​យ៉ាន់​ម៉ា​ឡើយ ព្រោះ​ទង្វើ​បែបនេះ នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ទំនាក់ទំនង​ប្រទេស​ទាំងពីរ រួមទាំង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​កិច្ចសហប្រតិបត្តិការ​ជាដើម​។ ការមិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​នេះ នឹង​អាចជួយ​កែលម្អ​ជីវភាព​របស់​ប្រជាជន​មី​យ៉ាន់​ម៉ា​។ 
 
​កន្លងមក មាន​ពាក្យ​លេចឡើង​ថា ចិន​បាន​ដឹកជញ្ជូន​សម្ភារ​បច្ចេកទេស និង​អ្នកជំនាញ​អ៊ីនធឺណិត​មកជួយ​រដ្ឋា​ភិ​បាល​យោធា​។ ដោយសារ​ពាក្យ​លេចឡើង​បែបនេះ ប្រជាជន​មី​យ៉ាន់​ម៉ា​ជាច្រើន​នាក់ បានធ្វើ​បាតុកម្ម​មុខ​ស្ថានទូត​ចិន​។ ជាការ​ឆ្លើយតប​នឹង​ការចោទប្រកាន់​ខាងលើ លោក​អគ្គរដ្ឋទូត​ចិន​បានការ​ពារ​ថា ជើងយន្តហោះ​នោះ គ្រាន់តែ​ជាការ​ដឹកជញ្ជូន​ធម្មតា​រវាង​ចិន និង​មី​យ៉ាន់​ម៉ា​ប៉ុណ្ណោះ ដែលមាន ៥​ជើង​ក្នុង​មួយថ្ងៃ​។ ជើងយន្តហោះ​នោះ រួមមាន​ការដឹកជញ្ជូន​ទំនិញ និង​គ្រឿង​សមុទ្រ​ពី​មី​យ៉ាន់​ម៉ា ទៅ​ចិន​ផងដែរ​៕ 

Tag:
 ចិន​
  មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com