ជាតិ
សង្គមជាតិ
ចាត់ការអធិការស្រុកកំរៀងម្នាក់ ទុកជាការព្រមានដល់កងកម្លាំងដទៃទៀត កុំឲ្យល្មើសច្បាប់
17, Feb 2021 , 1:52 pm        
រូបភាព
សម្តេច ហ៊ុន សែន ស្ថិតក្នុងឯកសណ្ឋានឧត្តមសេនីយ៍ផ្កាយ៥ផុតលេខ ថ្លែងក្នុងពិធីរម្លឹកខួប២០ឆ្នាំនៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ដែលរៀបចំឡើងនៅវិមានឈ្នះឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨។ រូបពីអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី
សម្តេច ហ៊ុន សែន ស្ថិតក្នុងឯកសណ្ឋានឧត្តមសេនីយ៍ផ្កាយ៥ផុតលេខ ថ្លែងក្នុងពិធីរម្លឹកខួប២០ឆ្នាំនៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ដែលរៀបចំឡើងនៅវិមានឈ្នះឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨។ រូបពីអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី
ការដកហូតអធិការស្រុកកំរៀង ពីតំណែងយ៉ាងឆាប់រហ័ស ហើយបញ្ជូនចូលពន្ធនាគារដោយមិនបង្អង់យូរ តើអាចធ្វើឲ្យកងកម្លាំងដទៃទៀត ខ្លាចញញើតលែងហ៊ានប្រព្រឹត្តអំពើពុករលួយឬអំពើខុសច្បាប់ដែរឬទេ? នាយករដ្ឋមន្រ្តី យល់ថា វិធានការដ៏ម៉ឺងម៉ាត់នេះ គឺជាការបង្ហាញឲ្យកងកម្លាំងដទៃទៀត បានឃើញថា ការប្រព្រឹត្តអំពើពុករលួយឬអំពើខុសច្បាប់ គឺគ្មានការយោគយល់ឡើយ។ យ៉ាងណា អ្នកតាមដានស្ថានការណ៍សង្គម មិនសូវជឿយុទ្ធសាស្រ្តចាត់វិធានការលើមនុស្សម្នាក់ ដើម្បីព្រមានអ្នកផ្សេងទៀតបែបនេះឡើយ ដ្បិតកន្លងមក នាយករដ្ឋមន្រ្តី តែងព្រមានរបៀបនេះ តែនៅតែមានអ្នកប្រព្រឹត្តដដែល។


គ្រាន់តែទទួលបានព័ត៌មានបឋមថា លោកវរសេនីយ៍ឯក គឹម ពន្លក អធិការស្រុកកំរៀង ខេត្តបាត់ដំបង លួចដោះលែងមេខ្យល់ ដែលនាំមនុស្សឆ្លងដែនខុសច្បាប់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញបញ្ជាទៅកាន់លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឲ្យចុះទៅសហការជាមួយលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដើម្បីស្រាវជ្រាវឲ្យដឹងការពិតក្នុងល្បឿនមួយ ដែលលឿនបំផុត ចំពោះករណីនេះ។

ដូចការចង់បានរបស់សម្តេចនាយករដ្ឋមន្រ្តីមែន បន្ទាប់ពីចេញបញ្ជានៅពេលព្រឹក នៅពេលល្ងាច សម្តេច ក៏ទទួលបានរបាយការណ៍ផ្លូវការថា លោក គឹម ពន្លក ពិតជាបានស៊ុំគ្រលុំជាមួយមេខ្យល់ ហើយដោះលែងមេខ្យល់នោះវិញ។ មេខ្យល់នោះ ត្រូវកងកម្លាំងយោធា ចាប់បាននៅតាមព្រំដែនក្នុងស្រុកកំរៀង ហើយបញ្ជូនទៅកាន់អធិការដ្ឋានស្រុកកំរៀង តែត្រូវលោក គឹម ពន្លក ដោះលែងវិញ។ ដឹងការពិតភ្លាម សម្តេចនាយករដ្ឋមន្រ្តី បានចេញអនុក្រឹត្យភ្លាម ដោយដកស័ក្តិនិងបណ្តេញលោក គឹម ពន្លក ចេញពីក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ។

បញ្ជារបស់សម្តេចនាយករដ្ឋមន្រ្តី ធ្វើឡើងតាមរយៈសារជាសំឡេង ដែលផ្ញើទៅកាន់មន្រ្តីពាក់ព័ន្ធ ជាពិសេសសំដៅទៅលោក នេត សាវឿន និងលោក ងួន រតនៈ ដើម្បីរួមគ្នាស្រាវជ្រាវករណីរបស់លោក គឹម ពន្លក។ សំឡេងរបស់សម្តេច បានឮដល់សាធារណជន ក្រោយត្រូវសារព័ត៌មាននានាយកទៅផ្សព្វផ្សាយនិងបង្ហោះលើបណ្តាញសង្គម នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

បើគេ បានស្តាប់សំឡេងនោះ គេ នឹងអាចដឹងអារម្មណ៍របស់សម្តេចនាយករដ្ឋមន្រ្តី ដែលនិយាយទាំងខឹងចំពោះលោក គឹម ពន្លក។ សម្តេចនាយករដ្ឋមន្រ្តី ទំនងជាខឹងនឹងលោក គឹម ពន្លក លើរឿង២យ៉ាង។ ទី១ ការលួចនាំពលករឆ្លងដែនខុសច្បាប់ គឺជាបទល្មើសមួយ ដែលត្រូវផ្តន្ទាទោស ដោយមិនត្រូវលើកលែង និងទី២ ការលួចនាំពលករឆ្លងដែននេះ គឺស្ថិតក្នុងស្ថានការណ៍ ដែលប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ តែលោក គឹម ពន្លក បែរជាដោះលែងមេខ្យល់នោះទៅវិញ។ សម្តេចនាយករដ្ឋមន្រ្តី ហៅការសម្រេចចិត្តរបស់លោក គឹម ពន្លក ថាមិនគិតពីមហន្តរាយប្រទេសជាតិ ដែលកើតចេញពីការរាលដាលជំងឺកូវីដ-១៩។

សម្តេចនាយករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា៖«...ឥឡូវហ្នឹង ល្បឿនដែលលឿនជាងគេ គឺល្បឿនដកស័ក្តិ [និង] បណ្តេញចេញពី [ក្របខ័ណ្ឌ] នគរបាល បន្ទាប់ទៅស្រាវជ្រាវបន្ត។ បើមានករណីត្រូវផ្តន្ទាទោស ត្រូវយកទៅតុលាការ អ៊ីចឹង គឺជាល្បឿនលឿនមួយ ដែលបង្ហាញទៅឲ្យអ្នកដទៃទៀតបានដឹងថា អត់បានទេ គឺថា ធ្វើខុស គឺគ្មានការយោគយល់ណាមួយកើតឡើងទេ...»។

សម្តេចនាយករដ្ឋមន្ត្រី យល់ថា ការចាត់ការលើលោក គឹម ពន្លក គឺដើម្បីកុំឲ្យសន្សល់ទុកនូវគំរូអាក្រក់ក្នុងជួរនគរបាល និងកុំឲ្យខូចកេរ្តិ៍ឈ្មោះដល់នគរបាលដទៃ។ សម្តេច ថែមទាំងបានណែនាំឲ្យផ្សព្វផ្សាយករណីរបស់លោក គឹម ពន្លក ដើម្បីឲ្យសាធារណជនបានដឹងពីប្រតិបត្តិការក្នុងការរុករកជនពុករលួយ។ សម្រាប់សម្តេច ករណីលោក គឹម ពន្លក មិនមែនជារឿងលេងសើចឡើយ ដែលចាំបាច់ត្រូវចាត់វិធានការដោយគ្មានការលើកលែង។

សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា៖«រឿងនេះ គឺធំណាស់សម្រាប់ខ្ញុំ សម្រាប់យើងទាំងអស់គ្នា សម្រាប់ជាតិទាំងមូល។ វា មានគិតពីជំងឺឆ្លងឯណា វា បែរជាយោគយល់ជាមួយអ្នករកស៊ីរត់ពន្ធមនុស្សទៅវិញ»។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី លើកឡើងថា ដំណាក់កាលនេះ មិនអាចត្រឡប់មកនិយាយពីកខទៀតឡើយ តែជាដំណាក់កាល ដែលត្រូវអនុវត្តវិន័យឲ្យបានម៉ឺងម៉ាត់ចំពោះកងកម្លាំង ក៏ដូចជាមន្រ្តីរាជការទូទៅ។

លោក គឹម ពន្លក មិនរួចខ្លួនត្រឹមការបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិនោះទេ។ សម្តេចនាយករដ្ឋមន្រ្តី ប្រកាសថា លោក គឹម ពន្លក ក៏ត្រូវប្រឈមនឹងការជាប់ពន្ធនាគារដែរ បើទោសកំហុសរបស់លោក ដល់កម្រិតដែលត្រូវជាប់ពន្ធនាគារ។

មិនខុសពីសម្តីរបស់សម្តេចនាយករដ្ឋមន្រ្តីឡើយ ក្រោយត្រូវបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិបាន១ថ្ងៃ ស្អែកឡើង គឺនៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ លោក ក៏ត្រូវបញ្ជូនទៅតុលាការខេត្តបាត់ដំបង ហើយតុលាការ បានសម្រេចយកលោកទៅឃុំក្នុងពន្ធនាគារជាបណ្តោះអាសន្ន ក្រោមបទ «នាំចេញមនុស្សឆ្លងដែន ដោយមិនស្របច្បាប់» តាមមាត្រា៩និងមាត្រា១១នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ។

លោក អ៊ូ វីរៈ អ្នកតាមដានស្ថានការណ៍សង្គមនិងនយោបាយ គាំទ្រចំពោះការចាត់វិធានការលើកងកម្លាំងប្រដាប់អាវុធនិងមន្រ្តីរាជការ ដែលប្រព្រឹត្តអំពើពុករលួយឬអំពើខុសច្បាប់។ ប៉ុន្តែ លោក មិនសូវពេញចិត្តឡើយ ដែលនាយករដ្ឋមន្រ្តី ត្រូវលូកដៃដោះស្រាយគ្រប់បញ្ហានោះ។ លោក ឲ្យតម្លៃទៅលើយន្តការឬប្រព័ន្ធវិញ ពោលគឺ បញ្ហាណាមួយកើតឡើង ត្រូវប្រគល់ឲ្យអ្នកពាក់ព័ន្ធនិងអ្នកមានការទទួលខុសត្រូវ ដោះស្រាយ ដោយមិនត្រូវពឹងផ្អែកតែនាយករដ្ឋមន្រ្តីនោះទេ។

ចំពោះករណីអធិការស្រុកកំរៀង លោក អ៊ូ វីរៈ ចោទជាសំណួរថា ហេតុអ្វី អភិបាលខេត្ត ឬតុលាការខេត្ត មិនស៊ើបអង្កេត? ហេតុអ្វី ចាំបាច់នាយករដ្ឋមន្រ្តីលូកដៃ? បើនាយករដ្ឋមន្រ្តីដឹង ហេតុអ្វីអភិបាលខេត្តមិនដឹង?

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ អ្នកតាមដានស្ថានការណ៍សង្គមរូបនេះ បង្ហាញការយល់ឃើញថា៖«ធ្វើអ៊ីចឹង វាល្អហើយ តែវា មិនល្អណាស់ណាទេ ព្រោះនាយករដ្ឋមន្រ្តី គាត់មិនបានមើលគ្រប់ជ្រុងជ្រោយទូទាំងប្រទេសទេ។ រឿងមួយប្រទេស រឿងរាប់សែនជំពួក ពឹងផ្អែកតែទៅលើនាយករដ្ឋមន្រ្តី គាត់មិនរវល់ស្លាប់ហើយ! ហើយ [គាត់] មានពេលណាគ្រប់គ្រាន់ទៅឆែកគ្រប់រឿង»។

លោក បន្តថា បើមន្រ្តី មិនព្រមធ្វើការឬដោះស្រាយបញ្ហា ដោយរង់ចាំតែប្រតិកម្មពីនាយករដ្ឋមន្រ្តី ទើបចេញដោះស្រាយនោះ គឺបង្ហាញឲ្យឃើញពីការគ្រប់គ្របរដ្ឋ ដែលមិនមានយន្តការជាប្រព័ន្ធ។ លោក មានប្រសាសន៍ថា៖«បើម្នាក់ៗ អង្គុយចាំតែប្រតិកម្មពីសម្តេចនាយក [រដ្ឋមន្រ្តី] អត់ធ្វើការអ៊ីចឹង បានការអី អាហ្នឹងជាសញ្ញាមួយអន់វិញទេ ប្រព័ន្ធ អត់ដើរ បើប្រព័ន្ធដើរមិនអ៊ីចឹងទេ»។

ចំណែក ការដែលសម្តេចនាយករដ្ឋមន្រ្តី យកករណីអធិការស្រុកកំរៀង ធ្វើជាសារព្រមានទៅកងកម្លាំងដទៃទៀត ដើម្បីកុំឲ្យហ៊ានប្រព្រឹត្តអំពើខុសច្បាប់នោះ ក៏លោក អ៊ូ វីរៈ មិនសូវមានជំនឿចិត្តនិងមិនសូវមើលឃើញពីប្រសិទ្ធភាពប៉ុន្មានដែរ ដ្បិតលោក កត់សម្គាល់ថា កន្លងមក សម្តេចនាយករដ្ឋមន្រ្តី តែងព្រមានបែបនេះ តែនៅតែមានអ្នកប្រព្រឹត្ត។

លោក អធិប្បាយថា៖«ការព្រមានហ្នឹង ខ្ញុំ ឮ២០ឆ្នាំជាងហើយ។ គេ ខ្លាចតែមួយភ្លែតៗទេ ការព្រមានអ៊ីចឹងនុ៎ះ។ គេ ដឹងថា តិចទៅ សម្តេចនាយក [រដ្ឋមន្រ្តី] គាត់ទៅផ្តោតរឿងអីមួយទៀតថ្មី អារឿងចាស់ប៉ុន្មានរយរឿង ប៉ុន្មានពាន់រឿងទៀត គាត់ ភ្លេចបាត់ហើយ អ៊ីចឹង គេ បន្តធ្វើទៀតហើយ អាហ្នឹង បានវានៅតែមានតអ៊ីចឹងរហូត»។

លោក ដាក់ចោទសួរទៀតថា តើត្រូវព្រមានយ៉ាងដូចម្តេច បើបញ្ហា១ម៉ឺនជំពូក ដូចជា បញ្ហាផ្លូវ បញ្ហានេសាទ បញ្ហាព្រៃឈើ ជាដើម? លោក និយាយថា៖«ព្រមាន១​​ជំពូក ៩៩៩៩ករណីផ្សេងទៀត ភ្លេចបាត់ហើយ។ អ៊ីចឹង ត្រូវមានយន្តការ [មនុស្ស] រាប់ពាន់នាក់ ជាអ្នកធ្វើ ដើម្បីដោះស្រាយបញ្ហា១ម៉ឺនហ្នឹង។ មនុស្សម្នាក់ដោះស្រាយ១ម៉ឺនជំពូក ម៉េចបាន ទាល់តែមនុស្ស១ពាន់នាក់»។

ទាក់ទងនឹងបញ្ហាកូវីដ-១៩ សម្តេចនាយករដ្ឋមន្រ្តី បានចេញបញ្ជាទៅកងកម្លាំងនិងមន្រ្តីពាក់ព័ន្ធ ឲ្យពិនិត្យការឆ្លងដែនឲ្យបានម៉ត់ចត់ ហើយប្រជាពលរដ្ឋ ដែលឆ្លងដែនពីប្រទេសជិតខាង គឺ ថៃ វៀតណាម និង ឡាវ ចូលមកកម្ពុជាវិញ ចាំបាច់ត្រូវធ្វើចត្តាឡីស័ក។ សម្តេចនាយករដ្ឋមន្រ្តី ក៏បានបញ្ជាទៅមន្រ្តីផ្នែកច្បាប់ដែរ ឲ្យអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង លើមេខ្យល់ឬមេខ្លោង ដែលនាំប្រជាពលរដ្ឋ ចូលមកកម្ពុជា ហើយនាំប្រជាពលរដ្ឋគេចពីការធ្វើចត្តាឡីស័ក៕

Tag:
 ហ៊ុន សែន
  គឹម ពន្លក
  ចំណាក់ការលើមន្រ្តីពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com