COVID-19
កីឡាជាតិ
ជាតិ
បុណ្យ​សមុទ្រ​លើក​ទី​៩ នឹងធ្វើ​នៅ​ខេត្ត​ព្រះសីហនុ ក្រោយ​ពន្យារ​ដោយសារ COVID-19
18, Feb 2021 , 7:59 am        
រូបភាព
​ពិធីបុណ្យ​សមុទ្រ​ប្រចាំឆ្នាំ​លើក​ទី​៩ ជុំ​ទី​៣​នឹង​រៀបចំ​ឡើងវិញ​នៅ​ខែធ្នូ ឆ្នាំ​២០២១ ក្នុង​ខេត្ត​ព្រះសីហនុ​។ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​លើកឡើង​ដូច្នេះ​នៅក្នុង​ព្រឹត្តិការណ៍ «​ជិះ​កង់​នៃ​ក្តី​ស្រឡាញ់​» ថ្ងៃទី​១៤ កុម្ភៈ ដែល​ធ្វើ​នៅ​ខេត្ត​ឆ្នេរសមុទ្រ​មួយ​នេះ​។​

​ដើមឡើយ​ពិធីបុណ្យ​សមុទ្រ​ជុំ​ទី​៣ ត្រូវធ្វើ​នៅ​ចុងឆ្នាំ​២០២០​នេះ​ទេ ប៉ុន្តែ​ដោយសារ​វិបត្តិ COVID-19 ទើប​បង្ខំចិត្ត​ពន្យារពេល​វិញ​។ កាលនោះ ក្រសួងទេសចរណ៍​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​បានប្រកាសថា​នេះ​ជាការ​សម្រេចចិត្ត​របស់​សម្តេច ហ៊ុន សែន ក្នុង​គោលបំណង​ការពារ​ភ្ញៀវទេសចរ និង​ពលរដ្ឋ​ពី​ការឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។​
 
​ឆ្លើយ​នឹង​សំនួរ​អ្នកកាសែត​ក្រោយ​ចប់​កម្មវិធី «​ជិះ​កង់​នៃ​ក្តី​ស្រឡាញ់​» នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ​ដើម្បី​យក​កីឡា​ធ្វើជា​មធ្យោបាយ​ផ្លាស់ប្ដូរ​ឥរិយាបទ​យុវវ័យ​នៅ​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់ និង​បង្ហាញ​សក្តានុពល​ទេសចរណ៍​ក្នុង​ខេត្ត​ដែលមាន​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ​កន្លង​ទៅនោះ លោក វ៉ា​ត់ ចំរើន​អះអាងថា ពិធីបុណ្យ​សមុទ្រ​ប្រចាំឆ្នាំ​លើក​ទី​៩ នឹងធ្វើ​នៅ​ចុងឆ្នាំ​២០២១​នេះ​។​
 
«​នៅ​ចុងឆ្នាំ​២០២១ រដ្ឋាភិបាល និង​ក្រសួងទេសចរណ៍​បានរៀបចំ​ត្រៀមលក្ខណៈ​រួចហើយ​ដើម្បី​ធ្វើ​ម្ចាស់ផ្ទះ​នៃ​ពិធីបុណ្យ​សមុទ្រ​ជុំ​ទី​៣ នៅ​ខេត្ត​ព្រះសីហនុ​»​។ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បានលើកឡើង​ដូច្នេះ មុន​បន្ថែមថា​ព្រឹត្តិការណ៍​កីឡា​តំបន់ឆ្នេរ​លើក​ទី​៩​នេះ នឹងមាន​ភាពសម្បូរ​បែប​ជាង​ឆ្នាំមុនៗ​ទៅទៀត​។​
 
​លោក វ៉ា​ត់ ចំរើន​ក៏មាន​ជំនឿ​ចិត្ត​ដែរ​ថា ក្រៅពី​បុណ្យ​សមុទ្រ ខេត្ត​ព្រះសីហនុ​ដែល​បាន​ប្តូរ​មុខមាត់​ថ្មី​តាមរយៈ​អាគារ​ខ្ពស់ៗ និង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ស្រស់ស្អាត​ដែល​លាតសន្ធឹង​ពី​ឆ្នេរ​អូរ​ឈើទាល​ដល់​ឆ្នេរ​រាម​នោះ នឹង​អាច​រៀបចំ​ព្រឹត្តិការណ៍​កីឡា​លំដាប់​អន្តរជាតិ​ផ្សេងៗ​ទៀត​នៅ​ឆ្នាំ​២០២០​។​
 
​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ឆ្នាំ​២០១៩ នៅ​ខេត្តកំពត​ទទួលបាន​ភ្ញៀវទេសចរ​សរុប​ប្រមាណ​៩០​ម៉ឺន​នាក់ ក្នុងនោះ​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ​៦​ពាន់​នាក់​៕
 
 
 

Tag:
 បុណ្យ​សមុទ្រ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com