អន្តរជាតិ
របប​យោធា​មី​យ៉ាន់​ម៉ា ធ្វើ​វិសោធនកម្ម​ច្បាប់​ដើម្បី​ការពារ​ខ្លួន​ពី​ទោសទណ្ឌ​នៅពេល​ក្រោយ​
17, Feb 2021 , 8:29 pm        
រូបភាព
ប្រជាជនមីយ៉ាន់ម៉ា ធ្វើបាតុកម្មនៅក្នុងទីក្រុងយ៉ាំងហ្គោន។ រូបភាព៖ AFP
ប្រជាជនមីយ៉ាន់ម៉ា ធ្វើបាតុកម្មនៅក្នុងទីក្រុងយ៉ាំងហ្គោន។ រូបភាព៖ AFP
​រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា បានធ្វើ​វិសោធនកម្ម​មាត្រា​សំខាន់ៗ​ក្នុង​ក្រមព្រហ្មទណ្ឌ​ប្រទេស ដើម្បី​ការពារ​ខ្លួន​មេដឹកនាំ​ធ្វើ​រដ្ឋប្រហារ​នៅពេល​អនាគត​។ ការកែប្រែ​ច្បាប់​នេះ ធ្វើ​លើ​មាត្រា​ដែល​ចែង​ពីបទ​ក្បត់ជាតិ និង​ការបះបោរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Irrawaddy នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ​។


 
 
​របប​យោធា​មី​យ៉ាន់​ម៉ា បា​នរក​ច្រក​ដើម្បី​គេចផុត​ពី​ការទទួល​ទោសទណ្ឌ​នៅពេល​ខ្លួន​អស់អំណាច តាមរយៈ​ការកែប្រែ​មាត្រា​សំខាន់ៗ​ក្នុង​ក្រមព្រហ្មទណ្ឌ​ជាតិ​។ បើតាម​សារព័ត៌មាន The Irrawaddy ក្រមព្រហ្មទណ្ឌ​មី​យ៉ាន់​ម៉ា មាត្រា​១២១, ១២៤ និង​៥០៥ ត្រូវបានធ្វើ​វិសោធនកម្ម​តាមរយៈ​ការកែប្រែ និង​ការបន្ថែម​ចំណុច​ខ្លះ​។ 
 
​ជាក់ស្ដែង មាត្រា​១២១ ដើម បាន​ចែងថា អ្នក​ប៉ុនប៉ង​, អ្នករៀបចំ​កម្លាំង​ទ័ព ឬ​មធ្យោបាយ​ផ្សេងទៀត ក្នុងការ​ផ្តួល​រម្លំ​ស្ថាប័នរដ្ឋ ឬ​អង្គភាព​ណាមួយ ត្រូវ​ចាត់ទុកថា ជាការ​ក្បត់ជាតិ​។ ផ្អែក​តាម​មាត្រា​នេះ សកម្មភាព​ក្រុម​យោធា​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​ឡាំង ជា​ទោស​ក្បត់ជាតិ​។ ក្នុង​គោលបំណង​គេច​ផុតពី​ការទទួល​ទោស រដ្ឋាភិបាលយោធា​បាន​កែ​ថា មានតែ​ការប្រើប្រាស់​កម្លាំង​ទ័ព មិន​ស្រប​រដ្ឋធម្មនុញ្ញ​ប៉ុណ្ណោះ ទើបត្រូវ​ចាត់ទុកថា ក្បត់ជាតិ​។ 
 
​ចំណែក​មាត្រា ១២៤ ដែល​ដាក់ទោស​អ្នក​ញុះញង់ និង​ការបង្ក​ឱ្យមាន​ការមិន​ពេញ​ចិត្តនឹង​រដ្ឋាភិបាល ក៏ត្រូវ​របប​សឹក​បញ្ចូល​ការដាក់ទោស​លើ​សកម្មភាព​ប្រឆាំង​ស្ថាប័ន​យោធា និង​មន្ត្រី​យោធា​ដែរ​។ អ្នក​ល្មើស​មាត្រា​នេះ ប្រឈមមុខ​ការជាប់គុក​ពី​៧​ឆ្នាំ​ដល់​២០​ឆ្នាំ​ឯណោះ​។  
 
​វិសោធនកម្ម​ច្បាប់ព្រហ្មទណ្ឌ​នេះ រង​ការរិះគន់​ខ្លាំង ព្រោះ​ការកែប្រែ ធ្វើឡើង​ដើម្បី​ការពារ​អ្នក​ដណ្ដើម​អំណាច ហើយ​មិនបាន​ឆ្លង​ការយល់ព្រម​ពី​សាធារណជន​ផង​។ លោក Sai Aung Myint Oo អ្នកជំនាញ​ច្បាប់​មី​យ៉ាន់​ម៉ា ចាត់​វិសោធន​កម្មនេះ ជា​រឿង​គ្រោះថ្នាក់​ណាស់ ព្រោះ​គ្មាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ ការផ្ដល់​មតិ​ពី​ប្រជាជន និង​មិន​ឆ្លងកាត់​នីតិវិធី​ច្បាប់​ទៅទៀត​។ 
 
​សូមបញ្ជាក់ថា កន្លងទៅ​រដ្ឋាភិបាលយោធា ក៏បាន​ផ្អាក​ការអនុវត្ត​មាត្រា​មួយចំនួន ដែល​មានចែង​ក្នុង​ច្បាប់ឯកជន​ភាព​ផងដែរ ដែល​អនុញ្ញាតឱ្យ​អាជ្ញាធរ អាច​ចូលទៅ​ឆែកឆេរ ស្រាវជ្រាវ រឹបអូស​យក​ភស្តុតាង និង​ចាប់ខ្លួន​ដោយ​មិនមាន​ដីការ​ចាប់ខ្លួន​ជាដើម​។ 
 
​នៅក្នុង​ថ្ងៃទី​១៧ ខែកុម្ភៈ បាតុកម្ម​បាន​ឈាន​ចូលដល់​ថ្ងៃទី​១២ ហើយ​។ ក្រុមបាតុករ បានជា​ច្រើន​ពាន់​នាក់ បាន​ចេញមក​ជំទាស់​នឹង​អ្នកនាំពាក្យ​រដ្ឋាភិបាលយោធា ដែល​អះអាងថា​ប្រជាជន ៤០​លាន​នាក់ បាន​គាំទ្រ​ការដកហូត​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​។ លោក Sithu Maung សមាជិក​បក្ស​សម្ព័ន្ធជាតិ ដើម្បី​ប្រជាធិបតេយ្យ បាន​អះអាងថា ប្រជាជន​ចេញមក​តវ៉ា​បែបនេះ ដើម្បី​បង្ហាញថា​ពួកគេ មិន​ស្ថិត​ក្នុងចំណោម​មនុស្ស ៤០​លាន​នាក់​នោះទេ​។ នៅក្នុង​ទីក្រុង​យ៉ាំង​ហ្គោ​ន អ្នកបើករថយន្ត បានចាប់ផ្តើម​យុទ្ធនាការ «​ឡាន​ខូច​» ដោយ​ចត​រថយន្ត​ជាច្រើន​គ្រឿង​នៅលើ​ផ្លូវ និង​ស្ពាន ដើម្បី​បិទផ្លូវ មិនឱ្យ​រថយន្ត​ទាហាន​ធ្វើដំណើរ​៕ 

Tag:
 ​មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com