ជាតិ
អំបុក​កំពង់ធំ ត្រូវបាន​ចុះ​ក្នុង​បញ្ជី «​ម៉ាក​សមូហភាព​» របស់​ក្រសួងពាណិជ្ជកម្ម​
17, Feb 2021 , 4:53 pm        
រូបភាព
ដោយ:
​អំបុក​កំពង់ធំ ទទួលបាន​ម៉ាក​សមូហភាព (Collective Marks) ពី​ក្រសួងពាណិជ្ជកម្ម​ជា​ផ្លូវការ​ហើយ​។ ការប្រកាស​ពី​ការចុះបញ្ជី​ម៉ាក​សមូហភាព អំបុក​កំពង់ធំ​នេះ ធ្វើឡើង​នា​មហាសន្និបាត​កំណើត​ដំបូង និង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាភិបាល​របស់ «​ក្រុម​អ្នក​ផលិត​អំបុក​កំពង់ធំ​» កាលពី​ថ្ងៃ​១៦ ខែកុម្ភៈ ឆ្នាំ​២០២១​។ លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ  បានប្រាប់សារព័ត៌មានThmeythmey25ថា គោលបំណង​នៃ​ការចុះបញ្ជី​ម៉ាក​សមូហភាព​ដល់​អំបុក​កំពង់ធំ​នេះ គឺ​ដើម្បី​រួមចំណែក​រក្សា​របរ​ប្រពៃណី និង​ជួយ​ឲ្យ​អ្នក​ប្រកប​របរ​លក់ និង​ធ្វើ​អំបុក មាន​ជីវភាព​កាន់តែ​ប្រសើរ​។​
 
​ក្រសួងពាណិជ្ជកម្ម បង្កើត​សហគមន៍​«​ក្រុម​អ្នក​ផលិត​អំបុក​កំពង់ធំ​» និង​ផ្ដល់​ស្លាក​សញ្ញា​សម្គាល់​សមូ​ហ​ផលិតផល​អំបុក​កំពង់ធំ  ដើម្បី​រក្សា​របរ​ប្រពៃណី បង្កើន​តម្លៃ​អំបុក និង​ជួយ​ឲ្យ​អ្នក​ប្រកប​របរ​នេះ​មាន​ជីវភាព​ប្រសើរ​។ 


 
​យោងតាម​នាយកដ្ឋាន​ក​ម្ម​សិទ្ធិ​បញ្ញា​នៃ​ក្រសួងពាណិជ្ជកម្ម «​ម៉ាក​សមូហភាព​» គឺជា​សញ្ញា​ដែល​មើលឃើញ សំដៅ​ប្រើ​ក្នុង​ការដាក់​ពាក្យសុំ​ចុះបញ្ជី​ហើយ​អាច​សំគាល់​នូវ​ប្រភពដើម​នៃ​ទំនិញ​ឬ​សេវា ឬ​សំគាល់​នូវ​ចរិតលក្ខណៈ​រួម​ដទៃទៀត​គិត​ទាំង​គុណភាព​នៃ​ទំនិញ ឬ​សេវា របស់​សហគ្រាស​ផ្សេងៗ​គ្នា ដែល​ប្រើ​សញ្ញា​នោះ​ក្រោម​ការ​គ្រប់ គ្រង​របស់​ម្ចាស់​ម៉ាក​សមូហភាព​ដែល​បាន​ចុះបញ្ជី​។​
 
 
 
​លោក លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ  បាន​ប្រាប់​សារព័ត៌មាន Thmeythmey25 តាម​ទូរ​សព្ទ នៅ​ថ្ងៃទី​១៧ កុម្ភៈ​ថា ការបង្កើត​សហគមន៍​«​ក្រុម​អ្នក​ផលិត​អំបុក​កំពង់ធំ​» និង​ផ្ដល់​ស្លាក​សញ្ញា​សម្គាល់​សមូ​ហ​ភាព អំបុក​កំពង់ធំ​នេះ ជា​ផ្នែក​មួយ​នៃ​ការផ្សព្វផ្សាយ​ឲ្យ​គេ​ស្គាល់​កាន់តែច្រើន ពី​ផលិតផល​របស់​ខេត្ត​។ មិនតែប៉ុណ្ណោះ ការផ្ដល់​ម៉ាក​សម្គាល់​ផលិតផល​នេះ នឹងធ្វើ​ឲ្យ​អំបុក​កំពង់ធំ​កាន់តែ​មានតម្លៃ ហើយ​ក្រុម​អ្នក​ផលិត​ក៏មាន​ជីវភាព​កាន់តែ​ប្រសើរ​។ 


 
«​យើង​គ្រាន់​ជួយ​ផ្សព្វផ្សាយ​ប៉ុណ្ណោះ រឿង​គុណភាព​នៃ​ការផលិត ខាង​សហគមន៍​អ្នកចាត់ចែង​ដោយ​ខ្លួនឯង​។ យើង​ជឿថា តាមរយៈ​ការផ្ដល់​ម៉ាក​សម្គាល់​ផលិតផល ការផ្សព្វផ្សាយ នឹង​ជួយ​បង្កើន​ការលក់ បន្ថែម​តម្លៃ និង​ប្រែ​ពី​ការលក់​តាមបែប​ប្រពៃណី​»​។ លោក សុខ លូ មានប្រសាសន៍​ដូច្នេះ មុននឹង​បន្តថា កន្លងមក​ពលរដ្ឋ​ក្នុង​ខេត្តកំពង់ធំ ដែល​ប្រកប​របរ​លក់​អំបុក គឺ​លក់​តាម​តាម​រដូវ​កាល តាម​ផ្ទះ និង​តាម​ផ្សារ​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​បន្ទាប់ពី​ផលិតផល​នេះ​មាន​ម៉ាក​សម្គាល់​ត្រឹមត្រូវ ក្រុម​អ្នក​ផលិត​នឹង​កាន់តែ​យកចិត្តទុកដាក់​លើ​ការផលិត ការ​វេច​ខ្ចប់ និង​អាច​ចែកចាយ​នៅតាម​ម៉ា​ត និង​ផ្សារ​ទំនើប​។​
 
 
 
​សូមជម្រាបថា កាលពីដើមឆ្នាំ​២០២១ ក្រសួងពាណិជ្ជកម្ម បាន​បង្ហើប​ពី​គម្រោង​ចុះបញ្ជី​ម៉ាក​សមូហភាព និង​ចុះបញ្ជី​សម្គាល់​ទីតាំង​ភូមិសាស្ត្រ លើ​ផលិតផល​ចំនួន​៨​មុខ​។ ក្នុងនោះ​មាន​ផលិតផល ៥​មុខ គ្រោង​ចុះបញ្ជី​ម៉ាក​សមូហភាព​រួមមាន​អំបុក​កំពង់ធំ​, នំ​បញ្ចុក​សៀមរាប​, ចម្លាក់​ប្រាក់​ស្ពាន់ ឃុំ​កំពង់​លួង​កោះ​ចិន ខេត្តកណ្តាល​, ស្មូន​ឆ្នាំងដី ខេត្តកំពង់ឆ្នាំង និង​ពង​ទា​កូន​ស្រែ​រនោង ខេត្តតាកែវ​។ ផលិតផល​៣​មុខ​ទៀត គឺ​ទឹកឃ្មុំ​មណ្ឌលគិរី ,​អំបិល និង​ផ្កាអំបិល​កំពត ក្រសួង​ក៏​គ្រោង​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​៕
 
 
 

Tag:
 អំបុក​
 ​កំពង់ធំ​
© រក្សាសិទ្ធិដោយ thmeythmey.com