ជាតិ
ព្រំដែន
តុលាការ នឹង​បន្តស​វនាការ​លើ​លោក រ៉ុង ឈុន នៅ​ថ្ងៃ​១០​មីនា​
17, Feb 2021 , 10:29 pm        
រូបភាព
លោក រ៉ុង ឈុន កាន់ឧគ្ឃោសនសព្ទនិយាយ ពេលចូលរួមទាមទារអត្ថប្រយោជន៍ផ្សេងៗដល់កម្មករ កាលដើមខែកក្កដា ឆ្នាំ២០២០ (មុនលោក ត្រូវចាប់ខ្លួន)។ រូបពី AFP
លោក រ៉ុង ឈុន កាន់ឧគ្ឃោសនសព្ទនិយាយ ពេលចូលរួមទាមទារអត្ថប្រយោជន៍ផ្សេងៗដល់កម្មករ កាលដើមខែកក្កដា ឆ្នាំ២០២០ (មុនលោក ត្រូវចាប់ខ្លួន)។ រូបពី AFP
​តុលាការ​ភ្នំពេញ បាន​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​លោក រ៉ុង ឈុន មេ​សហជីព​និង​ជាទី​ប្រឹក្សា​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទិ​១៧ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​។ លោក ជូ​ង ជូ​ងី មេធាវី​របស់លោក រ៉ុង ឈុន ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រោយ​បញ្ចប់​ការសួរដេញដោល ចៅក្រម មិនទាន់​សម្រេចសេចក្តី​អ្វី​ឡើយ ដោយ​ប្រកាសថា សវនាការ នឹងត្រូវ​បន្ត​នៅ​ថ្ងៃទី​១០ ខែមីនា​។ 

​ក្រៅពី​ផ្តល់ព័ត៌មាន​អំពី​ការបន្ត​បើ​សវនាការ​នៅ​ថ្ងៃទី​១០ ខែមីនា​ខាងមុខ លោក​មេធាវី ជូ ជូ​ងី មិនបាន​អធិប្បាយ​អ្វី​ច្រើន​នោះទេ ជុំវិញ​សវនាការ​របស់លោក រ៉ុ​ន ឈុន ដោយ​លោក ប្រាប់ថា កំពុង​ជាប់រវល់​។ នៅមាន​សំណុំរឿង​២​នាក់​ទៀត គឺ​សំណុំ​របស់​យុវតី ស កណិការ និង​សំណុំរឿង​របស់លោក តុ​ន និមល ក៏ត្រូវ​តុលាការ បើកសវនាការ​ជំនុំជម្រះ​ជាមួយ​សំណុំរឿង​របស់លោក រ៉ុង ឈុន ដែរ​។ 
 
​អ្នក​ទាំង​៣​ខាងលើ សុទ្ធតែ​ត្រូវ​ចោទ​ពីបទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម​។ លោក រ៉ុង ឈុ​ង ត្រូវ​ចាប់ខ្លួន​កាលពី​ចុងខែ​កក្កដា ឆ្នាំ​២០២០ ក្រោយ​លោក បាន​ចុះទៅពិនិត្យ​តាម​ព្រំដែន ក្នុងស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ហើយ​បានចេញ​សេចក្តីថ្លែងការណ៍​ថា ប្រជាពលរដ្ឋ​មួយចំនួន​នៅ​តំបន់​នោះ បាន​បាត់​ដី​ទៅខាង​វៀតណាម និង​អាជ្ញាធរ​វៀតណាម បាន​រំកិល​ចូលមក​ទឹកដី​កម្ពុជា​ថែមទៀត​។ 
 
​ពាក់ព័ន្ធ​នឹង​រឿង​ព្រំដែន​នេះ តុលាការ​ភ្នំពេញ ទើបនឹង​កាត់ទោស​មនុស្ស​ម្នាក់ គឺ​លោក សួង សុ​ភ័​ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ ឲ្យ​ជាប់ពន្ធនាគារ​១​ឆ្នាំ​៨​ខែ ហើយ​ត្រូវ​បង់ប្រាក់​១​ពាន់​ដុល្លារ​ចូលទៅ​រដ្ឋ និង​បង់​ដល់​ទៅ​៥០​ម៉ឺន​ដុល្លារ​ទៀត ជូនទៅ​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា ដែលជា​ដើមបណ្តឹង​។ សំណង​៥០​ម៉ឺន​ដុល្លារ គឺជា​ការ​សងជំងឺចិត្ត លើ​ថ្លៃ​ខូចខាត​កិត្តិយស​របស់​គណៈកម្មាធិកា​រ​កិច្ចការ​ព្រំដែន​។ 
 
​លោក សួង សុ​ភ័​ណ្ឌ មិន​ខុសពី​លោក រ៉ុង ឈុន ឡើយ គឺ​ត្រូវ​អាជ្ញាធរ ចាត់ទុក​ការអត្ថាធិប្បាយ​របស់លោក​ទាំង​២​ពី​រឿង​ព្រំដែន ជាការ​បំភ្លៃ​ការពិត​។ ក្រោយ​លោក រ៉ុង ឈុន ត្រូវ​ចាប់ខ្លួន លោក សួង សុ​ភ័​ណ្ឌ ក៏​ចុះទៅ​ពិនិត្យមើល​នៅ​តំបន់​ព្រំដែន ដែល​លោក រ៉ុង ឈុន ចុះទៅ ដើម្បី​សិក្សា​ឲ្យ​ដឹងថា អ្វីដែល​លោក រ៉ុង ឈុន អះអាង គឺជា​ការពិត​ដែរ​ទេ​។​
 
​ពេល​ចុះទៅពិនិត្យ​នៅតាម​ព្រំដែន​រួចហើយ លោក សួង សុ​ភ័​ណ្ឌ ក៏បាន​និយាយ​ជាមួយ​សារព័ត៌មាន The  Cambodia Daily ថា ការដោះដូរ​ដី​ជាមួយ​វៀតណាម គឺជា​អំពើ​ក្បត់ជាតិ​។ និយាយ​ជាមួយ​សារព័ត៌មាន The  Cambodia Daily រួចហើយ លោក ក៏ត្រូវ​ចាប់ខ្លួន ក្រោម​បទ​ចោទ​ដូច​លោក រ៉ុង ឈុន គឺ​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម​។ 
 
​ដោយឡែក យុវតី ស កណិការ ត្រូវ​ចាប់ខ្លួន ដោយ​សារបាន​ចូលរួម​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន​។ មិនមែន​មានតែ​យុវតី ស កណិការ ទេ នៅមាន​យុវតី​យុវជន​មួយចំនួនទៀត ដូចជា យ​វ​តី ឈឿន ដា​រ៉ាវី និង យុវជន ហ៊ុន វណ្ណៈ ជាដើម សុទ្ធតែ​ត្រូវ​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ការចូលរួម​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន​។ 
 
​ចំណែក លោក តុ​ន និមល និង​ស្ត្រី​២​នាក់​ទៀត គឺ​អ្នកស្រី លឹម សាន និង អ្នកស្រី យ៉យ ស្រីមុំ ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ទៅ​តវ៉ា​នៅមុខ​ស្ថានទូត​ចិន​។ អ្នក​ទាំង​៣ ក៏​ជាប់​ពីបទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម​ដែរ​។ 
 
​កាលនោះ​មាន​ប្រជាពលរដ្ឋ​មួយក្រុម បាន​ទៅមុខ​ស្ថានទូត​ចិន ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចិន ចូលរួម​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​បារី​ស​។ ប្រជាពលរដ្ឋ​ទាំងនោះ ថែមទាំង​បាន​យក​ញត្តិ​ទៅ​ដាក់​ស្ថានទូត​នៃ​ប្រទេស​ធំៗ​មួយចំនួនទៀត ដូចជា ស្ថានទូត​អាមេរិក​និង​ស្ថានទូត​បារាំង ជាដើម ដើម្បី​សុំ​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​កុំ​មាន​មូលដ្ឋានទ័ព​ចិន​នៅ​កម្ពុជា ព្រោះ​ពួកគេ នៅតែ​សង្ស័យថា មាន​មូលដ្ឋាន​កងទ័ព​ចិន នៅ​ខេត្ត​ព្រះសីហនុ ទោះបីជា​រដ្ឋាភិបាល​កម្ពុ​ជា ចេញមក​ច្រានចោល​ក្តី​៕
 

Tag:
 រ៉ុង ឈុន​
  ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com