កីឡាជាតិ
ជាតិ
ពានរង្វាន់​សម្តេច ហ៊ុន សែន​៖៣​ពិន្ទុ​បើកឆាក​សម្រាប់​កំពង់ឆ្នាំង បាត់ដំបង និង​ព្រះសីហនុ​
17, Feb 2021 , 5:39 pm        
រូបភាព
 សស​យក​បាត់ដំបង ឈ្នះ សូ​ហ្វី​យ៉ា​ប៉ៃលិន ៤​ទល់នឹង​១ នៅ​ទីលាន វិទ្យាល័យ ហ៊ុន សែន នេ​ត យ៉ង់​
សស​យក​បាត់ដំបង ឈ្នះ សូ​ហ្វី​យ៉ា​ប៉ៃលិន ៤​ទល់នឹង​១ នៅ​ទីលាន វិទ្យាល័យ ហ៊ុន សែន នេ​ត យ៉ង់​
​មន្ទីរ​អយក ខេត្តកំពង់ឆ្នាំង និង​ស​.​ស​.​យ​.​ក ខេត្តបាត់ដំបង បាន​ជ័យជម្នះ​នៅ​ទឹកដី​រៀងៗ​ខ្លួន​នា​ការប្រកួត​បើកឆាក​ពានរង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​១៥ (​ថ្នាក់​ខេត្ត​) នា​រសៀល​ថ្ងៃ​ពុធ ទី​១៧ ខែកុម្ភៈ​នេះ ខណៈ​ស្វាយរៀង​ទទួលបាន​ត្រឹម​១​ពិន្ទុ រីឯ មន្ទីរ​អយក ខេត្តកំពត រង​នូវ​ការខកចិត្ត​។​
 
 
​ទីលាន​វិទ្យាល័យ​កំពង់ត្រឡាច មន្ទីរ​អយក ខេត្តកំពង់ឆ្នាំង បាន​ស៊ុត​បាល់​បញ្ចូល​ទី​១​គ្រាប់​ក្នុង​តង់​នីមួយៗ ដើម្បី​ទទួល​ជ័យជម្នះ ២-០ លើ​ក្រុម​រដ្ឋបាល​ខេត្តតាកែវ​។ លទ្ធផល​នេះ នាំ​ឲ្យ​កំពង់ឆ្នាំង​ឈរ​លេខ​១​បណ្តោះអាសន្ន​ក្នុង​ពូ​ល A ដោយសារ​ភ្នំពេញ​ហ្គា​ឡាក់​ស៊ី និង​មន្ទីរ អយក ខេត្តកំពង់ស្ពឺ បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២​។​
 
​នៅ​វិទ្យាល័យ នេ​ត យ៉ង់ ស​.​ស​.​យ​.​ក ខេត្តបាត់ដំបង បានទទួល​ជ័យជម្នះ ៤-១ លើ​ក្រុម​សូ​ហ្វី​យ៉ា​ប៉ៃលិន ក្រោយ​នាំមុខ ៣-០ នៅ​តង់​ទីមួយ​។ បាត់ដំបង​ឈរ​លេខ​២​បណ្តោះអាសន្ន​នៅ​ពូ​ល B ដោយមាន​៣​ពិន្ទុ​ស្មើ ខេត្តបន្ទាយមានជ័យ ដែល​បាន​ស៊ី ក្រុម​ស​.​ស​.​យ​.​ក ខេត្តពោធិ៍សាត់ ៤-០​។​
 
​សម្រាប់​ពូ​ល D ឯណោះ​វិញ ការប្រកួត​បើកឆាក​មន្ទីរ អយក ខេត្តស្វាយរៀង និង​មន្ទីរ អយក ខេត្តកំពង់ចាម  នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ ។ ក្រុម​ទាំងពីរ​ចែករំលែក​ម្នាក់​១​ពិន្ទុ ខណៈ​ខេត្តកណ្តាល មិនទាន់មាន​ការប្រកួត​នៅឡើយ​។​
 
​សម្រាប់​ការប្រកួត​ថ្ងៃនេះ មន្ទីរ​អយក ខេត្តកំពត​ជា​ក្រុម​ម្ចាស់ផ្ទះ​តែមួយគត់​ដែល​មិនមាន​ពិន្ទុ​រាប់ ដោយសារ​ចាញ់ ខេត្ត​ព្រះសីហនុ ១-០​។ ខេត្ត​ព្រះសីហនុ ឈរ​លេខ​១​បណ្តោះអាសន្ន​នៅក្នុង​ពូ​ល E បន្ទាប់ពី​កោះកុង​អែ​ហ្វ​ស៊ី និង​មន្ទីរ អយក ខេត្ត​កែប ចែកគ្នា​ម្នាក់​១​ពិន្ទុ​ក្រោយ​លទ្ធផល​ស្មើ ១-១ នា​ជំនួប​កាលពី​ថ្ងៃ​អង្គារ​៕
 

Tag:
 Hun Sen Cup 2021
© រក្សាសិទ្ធិដោយ thmeythmey.com