អន្តរជាតិ
លោក​ចូ បៃ​ឌិន​៖ ចិន​នឹងរង​ផលវិបាក ដោយសារ​ការរំលោភ​សិទ្ធិ​មនុស្ស​
17, Feb 2021 , 10:59 pm        
រូបភាព
លោក ចូ បៃឌិ​ន ប្រធានាធិបតីអាមេរិក។ រូបភាព៖ AFP
លោក ចូ បៃឌិ​ន ប្រធានាធិបតីអាមេរិក។ រូបភាព៖ AFP
​ចិន នឹង​ទទួលផល​វិបាក​លើ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​។ ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ឌិន បាន​ព្រមាន​ចិន​បែបនេះ នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ​។ ជាមួយ​ការព្រមាន​នេះ លោក បៃ​ឌិន ទំនង​ផ្ដល់​សញ្ញា​ថា បញ្ហា​សិទ្ធិមនុស្ស​នឹង​នៅតែ​ជា​បញ្ហា​រសើប​ក្រោម​រដ្ឋ​បា​ការ​របស់លោក​ដដែល​។​

 
​ក្នុង​អាណត្តិ​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ បញ្ហា​សិទ្ធិមនុស្ស​គឺជា​ប្រធានបទ​ដ៏​ក្តៅគគុក​មួយ​រវាង​ចិន និង​អាមេរិក​។ ក្រុង​វ៉ាស៊ីនតោន បានលើកឡើង​ជា​ញយៗ ពី​បញ្ហា​សិទ្ធិមនុស្ស​នៅក្នុង​តំបន់​ស៊ីន​ជាំ​ង និង​ហុងកុង​។ មុន​ចប់​អាណត្តិ អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​ចោទថា​ចិន បាន​ប្រព្រឹត្តិ​អំពើ​ប្រល័យពូជសាសន៍​លើ​ជនជាតិ​វី​ហ្គ័​រ នៅក្នុង​តំបន់​ស៊ី​ង​ជាំ​ង​។ ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ចូលកាន់​តំណែង ប្រមុខ​ការទូត​អាមេរិក​ថ្មី លោក​អាន់​តូ​នី ប្ល៊ី​ង​ខិ​ន ក៏បាន​យល់ស្រប​ដូច​លោក​ប៉ុ​ម​ប៉េ​អូ​ដែរ​។ 
 
​ទាក់ទិន​នឹង​ការរំលោភ​សិទ្ធិមនុស្ស លោក​ចូ បៃ​ឌិន ប្រធានាធិបតី​អាមេរិក បាន​ព្រមាន​ចិន​ចំៗ​ថា​ថា​៖ «​វា​នឹងមាន​ផលវិបាក​សម្រាប់​ចិន ហើយ​គាត់​ក៏​ដឹង​ពី​បញ្ហា​នេះ​»​។ លោក បៃ​ឌិន បាន​ប្រើប្រាស់​ពាក្យ «​គាត់​» ដោយ​សំដៅទៅ​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ភីង​។ បើតាម​លោក​បៃ​ឌិន អាមេរិក​នឹង​បញ្ជាក់​ពី​ជំហរ​របស់ខ្លួន​ជាស​កល​លើ​បញ្ហា​សិទ្ធិមនុស្ស និង​សហការ​ជាមួយ​សហគមន៍​អន្តរជាតិ ដើម្បី​ជំរុញ​ឱ្យ​ចិន​គោរព និង​ការពារ​សិទ្ធិមនុស្ស​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក បៃ​ឌិន ក៏​លើកឡើង​ពី​ភាពជា​អ្នកដឹកនាំ​ពិភពលោក​ផងដែរ​អំឡុង​កិច្ចសន្ទនា​មួយ​។ លោក​ថា ចិន បាន​ប្រឹងប្រែង​យ៉ាងខ្លាំង ដើម្បី​ក្លាយជា​មេដឹកនាំ​ពិភពលោក​។ បើតាម​ប្រធានាធិបតី​អាមេរិក ដើម្បី​ក្លាយជា​មេដឹកនាំ​ពិភពលោក​បាន ចិន​ត្រូវតែ​ទាញ​ទំនុកចិត្ត​ពី​ប្រទេស​ដទៃ​។ លោក បៃ​ឌិន យល់ឃើញថា ផ្ទុយទៅវិញ ចិន​មិន​បានធ្វើ​បែប​នោះឡើយ ព្រោះ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បានធ្វើ​ខុស​នឹង​មូលដ្ឋាន​សិទ្ធិមនុស្ស​។ 
 
​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ​កន្លងទៅ លោក​បៃ​ឌិន និង​លោក​ស៊ី បាន​ជជែក​គ្នា តាម​ទូរ​សព្ទ​រយៈពេល ២​ម៉ោង​។ ក្នុង​កិច្ចសន្ទនា​នេះ លោក​ស៊ី បាន​ប្រាប់​សម​ភាគី​ខ្លួន​ថា ឱ្យ​ប្រយ័ត្នប្រយែង​លើ​បញ្ហា​តៃវ៉ាន់ ហុងកុង និង​ស៊ីន​ជាំ​ង​ដែល​សុទ្ធតែជា​រឿង​ទាក់ទង​ទៅនឹង​អធិបតេយ្យ និង​បូរណភាព​ដែនដី​ចិន​៕

Tag:
 អាមេរិក​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com