សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
Jeff Bezos ក្លាយជាអ្នកមានជាងគេលើលោកឡើងវិញ ក្រោយ Elon Musk ឈរបាន៦សប្តាហ៍
18, Feb 2021 , 8:29 am        
រូបភាព
លោក Jeff Bezos (ឆ្វេង) ដណ្តើមតំណែងជាអ្នកមានជាងគេលើលោកពីលោក Elon Musk វិញ
លោក Jeff Bezos (ឆ្វេង) ដណ្តើមតំណែងជាអ្នកមានជាងគេលើលោកពីលោក Elon Musk វិញ
ដោយ: ធីតា
លោក Jeff Bezos បានកាន់តំណែងជាអ្នកជាងគេលើពិភពលោកឡើងវិញ ចាប់ពីថ្ងៃទី១៦ ខែកុម្ភៈ មក បន្ទាប់ពីចំណាត់ថ្នាក់នេះ ត្រូវបានគ្រប់គ្រងដោយមហាសេដ្ឋី Elon Musk អស់រយៈពេល៦សប្តាហ៍។ នេះបើយោងតាមតារាងសទស្សន៍ Bloomberg Billionaires Index។


កាលពីថ្ងៃអង្គារកន្លងមក ភាគហ៊ុនក្រុមហ៊ុន Tesla ដែលវិនិយោគលើការផលិតរថយន្តអគ្គិសនី បានធ្លាក់ចុះ ២,៤ភាគរយ ដែលធ្វើឲ្យទ្រព្យសម្បត្តិរបស់លោក Elon Musk ធ្លាក់ចុះប្រមាណ៤,៦ពាន់លានដុល្លារអាមេរិក។

ការធ្លាក់ចុះនេះ បានធ្វើឲ្យនាយកប្រតិបត្តិក្រុមហ៊ុន Amazon មានឱកាសដណ្តើមបានចំណាត់ថ្នាក់លេខ១របស់ខ្លួនឡើងវិញ ដែលកន្លងមក លោកធ្លាប់គ្រប់គ្រងតំណែងអ្នកមានជាងគេលើលោកអស់រយៈពេល៣ឆ្នាំ។

Bloomberg Billionaires Index ដោយគិតត្រឹមថ្ងៃពុធ ទី១៧ ខែកុម្ភៈ បង្ហាញថា លោក Jeff Bezos មានទ្រព្យសម្បត្តិជាង១៩១ពាន់លានដុល្លារ រីឯលោក Elon Musk មានជាង១៩០ពាន់លានដុល្លារ។ លោក Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft ឈរចំណាត់ថ្នាក់លេខ៣ ដោយមានទ្រព្យសម្បត្តិជាង១៣៧ពាន់លានដុល្លារ។

លោក Bernard Arnault នាយកប្រតិបត្តិក្រុមហ៊ុន LVMH Moët Hennessy ស្ថិតនៅចំណាត់ថ្នាក់លេខ៤ (ទ្រព្យជាង១១៦ពាន់លានដុល្លារ) ដោយនាំមុខ លោក Mark Zuckerberg ស្ថាបនិកហ្វេសប៊ុក (១០៤ពាន់លានដុល្លារ)។

មហាសេដ្ឋីផ្សេងទៀតដែលស្ថិតនៅតំបន់ Top 10 នាពេលបច្ចុប្បន្ន រួមមាន លោក Zhong Shanshan (៩៧,៤ពាន់លានដុល្លារ), លោក Larry Page (៩៧,៤ពាន់លានដុល្លារ), លោក Sergey Brin (៩៤,២ពាន់លានដុល្លារ), លោក Warren Buffett (៩៣,២ពាន់លានដុល្លារ) និងលោក Steve Ballmer (៨៧,៦ពាន់លានដុល្លារ)៕



© រក្សាសិទ្ធិដោយ thmeythmey.com