កីឡាអន្តរជាតិ
អន្តរជាតិ
Porto ឈ្នះ Juventus ជាលើកដំបូងនៅ UCL ឯ Sevilla ចាញ់ Dortmund ក្នុងដី 18, Feb 2021 , 10:49 am
× FC Porto ស្គាល់រសជាតិឈ្នះ Juventus ជាលើកដំបូងក្នុងការប្រកួត Champions League នារយៈពេល១៧ឆ្នាំ តាមរយៈជ័យជម្នះដោយលទ្ធផល ២-១ នៅជើងទី១ វគ្គ១៦ក្រុមចុងក្រោយ។ Erling Braut Haaland ស៊ុតពីរគ្រាប់ជួយ Borussia Dortmund យកឈ្នះ Sevilla ដល់ផ្ទះក្នុងលទ្ធផល ៣-២។
នាជំនួបជើងទី១ ដែលធ្វើនៅកីឡដ្ឋាន Estadio do Dragao នៅរាត្រីថ្ងៃទី១៧ ខែកុម្ភៈ Mehdi Taremi បានរកគ្រាប់នាំមុខឱ្យម្ចាស់ផ្ទះ Porto ក្រោយការប្រកួតដំណើរបាន១នាទី នៃវគ្គទី១។ ចូលដល់តង់ទីពីរ ពោលគឺត្រឹមរយៈពេលមិនដល់១នាទីផង ខ្សែប្រយុទ្ធ Moussa Marega បានបន្ថែមគ្រាប់ទី២ ដើម្បីនាំមុខ Juventus ពីរគ្រាប់ មុនពេល Federico Chiesa តាមបាន១គ្រាប់វិញនៅនាទី៨២។ ចប់ការប្រកួត Porto ឈ្នះ Juventus ២-១។
នេះជាជ័យជម្នះលើកដំបូងរបស់ក្រុមព័រទុយហ្គាល់ សម្រាប់ការជួបគ្នាក្នុងក្របខណ្ឌកំពូលអឺរ៉ុបទល់នឹងក្រុមយក្សអ៊ីតាលី គិតចាប់ពីឆ្នាំ ២០០៤មក។ នេះមានន័យថា Juventus បានបញ្ចប់កំណត់ត្រាមិនចាញ់របស់ខ្លួនក្រោមការដឹកនាំរបស់លោក Andrea Pirlo ត្រឹមរយៈពេល១៧ឆ្នាំ ខណៈសេះបង្កង់ហាក់ធ្លាក់ទម្រង់លេងគួរសមនៅរដូវកាល ២០២០-២១នេះ។
បើទោះចាញ់នៅជំនួបនេះ តែ Juventus នៅមានឱ្យកាសក្នុងការវាយបកយកឈ្នះក្នុងការប្រកួតជើងទី២នៅទឹកដីខ្លួនវិញ ដែលធ្វើនៅរាត្រីថ្ងៃទី៩ ខែមីនា។
ដោយឡែក Borussia Dortmund បានយកឈ្នះ Sevilla ដល់ផ្ទះក្នុងលទ្ធផល ៣-២ នៅជើងទី១។ ខ្សែប្រយុទ្ធវ័យក្មេងដែលកំពុងលេចធ្លោ Erling Braut Haaland រកបានពីរគ្រាប់ម្នាក់ឯងឱ្យក្រុមអាល្លឺម៉ង់ ឯ១គ្រាប់ទៀតធ្វើបានដោយ Mahmoud Dahoud។ Suso ជាអ្នករគ្រាប់នាំមុខឱ្យក្រុមអេស្ប៉ាញ Sevilla ហើយ Luuk de Jong រកបានគ្រាប់ទី២។
តាមរយៈជ័យជម្នះក្រៅដីនេះ ធ្វើឱ្យ Dortmund ជាក្រុមមានប្រៀបសម្រាប់ជំនួបជើងទី២ ដែលត្រូវធ្វើនៅទឹកដីខ្លួន នៅរាត្រីថ្ងៃទី៩ ខែមីនា៕
© រក្សាសិទ្ធិដោយ thmeythmey.com