COVID-19
ជាតិ
បុរសម្នាក់ រត់ចេញពីកន្លែងធ្វើចត្តាឡីស័កនៅបន្ទាយមានជ័យ, សមត្ថកិច្ចកំពុងតាមរក
18, Feb 2021 , 12:30 pm        
រូបភាព
មណ្ឌលចត្តាឡីស័កមួយកន្លែង ក្នុងក្រុងសិរីសោភ័ណ (រូបពីទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ)
មណ្ឌលចត្តាឡីស័កមួយកន្លែង ក្នុងក្រុងសិរីសោភ័ណ (រូបពីទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ)
បុរសវ័យ៣០ឆ្នាំម្នាក់ ឈ្មោះ គង់ សេត បានរត់ចេញពីមណ្ឌលចត្តាឡីស័កវិទ្យាល័យ សម្តេច ឪ  ក្នុងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ លោក ណង វុទ្ធ នាយរងរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលត្រូវបានចាត់តាំងឲ្យធ្វើជាប្រធានក្រុមការងារប្រចាំការនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យ សម្តេច ឪ ប្រាប់ថា ក្រុមការងាររបស់លោក បានទទួលបានព័ត៌មានពីការបាត់ខ្លួនបុរសនោះ នៅម៉ោងប្រមាណ៨ព្រឹក នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។


លោក ណង វុទ្ធ អះអាងថា កម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវរកបុរស ដែលរត់គេចពីមណ្ឌលចត្តាឡ័កស័កនោះ។ លោក បន្តថា ក្រុមការងារ ក៏កំពុងឆែកកាមេរ៉ាសុវត្ថិភាពដែរ ដើម្បីមើលសកម្មភាព ដែលបុរសនោះ លួចរត់ចេញពីមណ្ឌលចត្តាឡ័កស័ក។ លោក បញ្ជាក់ថា៖«យើង និងកម្លាំងសមត្ថកិច្ច កំពុងដុតដៃដុតជើងធ្វើរឿងហ្នឹង»។

បើតាមលោក ណង វុទ្ធ បុរសវ័យ៣០ឆ្នាំនោះ ជាពលករខ្មែរមកពីខេត្តស្រះកែវ ប្រទេសថៃ ជាមួយបុរសម្នាក់ទៀតជាបងថ្លៃ ហើយអាជ្ញាធរ បានបញ្ជូនពួកគេទាំង២ ទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក សម្តេច ឪ នៅថ្ងៃទី១៦ ខែកុម្ភៈ។ បុរសជាបងថ្លៃនេះហើយ ដែលជាអ្នកផ្តល់ព័ត៌មានដល់លោក និងក្រុមការងារ អំពីការបាត់ខ្លួនបុរសឈ្មោះ គង់ សេត។ លោក បន្ថែមថា នៅថ្ងៃទី១៧ ខែកុម្ភៈ ក្រុមគ្រូពេទ្យ បានយកសំណាករបស់អ្នកទាំង២ ទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ហើយលទ្ធផល នឹងត្រូវចេញល្ងាចថ្ងៃទី១៨ ខែកុម្ភៈនេះ។

មកដល់ពេលនេះ កម្លាំងសមត្ថកិច្ច មិនទាន់ទទួលបានតម្រុយថា បុរសខាងលើ រត់គេចទៅដល់ទីណាឡើយ។ តែ សមត្ថកិច្ច សន្និដ្ឋានថា បុរសនោះ ទំនងជារត់ចូលទៅថៃវិញ ព្រោះប្រពន្ធរបស់គាត់នៅទីនោះ បើពុំដូច្នេះទេ គាត់ អាចទៅផ្ទះម្តាយរបស់គាត់ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោក ណង វុទ្ធ និយាយទៀតថា ក្រុមការងារ បានណែនាំទៅបុរសជាបងថ្លៃ ដែលកំពុងនៅធ្វើចត្តាឡីស័ក ឲ្យជួយទាក់ទងទៅសាច់ញាតិ ទាំងនៅថៃនិងនៅខេត្តព្រះវិហារ ដើម្បីសួរព័ត៌មានពីបុរសដែលរត់គេចខ្លួនោះ។

ជុំវិញព័ត៌មានខាងលើនេះ សារព័ត៌មានថ្មីៗ មិនអាចសុំការបំភ្លឺបន្ថែមពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យឡើយ ដោយលោកប្រាប់ថា កំពុងរវល់។ ចំណែកអ្នកនាំពាក្យទាំង២នាក់របស់ក្រសួងសុខាភិបាល គឺអ្នកស្រី ឱ វណ្ឌឌីន និង លី សុវ៉ាន់ មិនទទួលការហៅចូល។

រដ្ឋាភិបាលកម្ពុជា ទើបនឹងចេញអនុក្រឹត្យថ្មីមួយ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដោយកំណត់ថា បុគ្គល ដែលគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ត្រូវពិន័យប្រាក់១លានរៀលដល់៥លានរៀល៕

Tag:
 COVID-19
  រត់ចេញពីមណ្ឌលចត្តាឡីស័ក
© រក្សាសិទ្ធិដោយ thmeythmey.com