ជាតិ
សេដ្ឋកិច្ច
លោក វេង សាខុន៖ ការអភិវឌ្ឍវិស័យកសិកម្ម ទាមទារការស្រាវជ្រាវ និងបច្ចេកវិទ្យានៅថ្នាក់ឧត្តមសិក្សា 18, Feb 2021 , 9:29 pm
លោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម។ គណនីហ្វេសប៊ុក៖ Sakhon Veng
× ភ្នំពេញ៖ ការអភិវឌ្ឍវិស័យកសិកម្ម គឺទាមទារការពង្រឹងគុណភាពអប់រំ ស្រាវជ្រាវ និងផ្សព្វផ្សាយអំពីបច្ចេកវិទ្យាកសិកម្មនៅថ្នាក់ឧត្តមសិក្សា។ នេះជាការលើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ក្នុងពិធីចូលកាន់តំណែងនាយកវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នាព្រឹកថ្ងៃទី១៨កុម្ភៈ។
លោក វេង សាខុន បានសង្កត់ធ្ងន់ថា ចក្ខុវិស័យ និងទិសដៅគោលនយោបាយវែងឆ្ងាយរបស់ក្រសួងកសិកម្ម គឺប្រែក្លាយកសិកម្មកម្ពុជាទៅជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារកសិករ។
ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ លោក វ៉េង សាខុន ជំរុញឱ្យមន្ត្រី និងអ្នកជំនាញនៅក្នុងវិស័យកសិកម្មទាំងអស់ ពិសេសខាងអប់រំ គឺត្រូវចេះកែច្នៃ ពិចារណា និងព្យាយាមអនុវត្តឱ្យស្របតាមស្ថានភាពជាក់ស្តែងដែលកម្ពុជា ក៏ដូចជាអន្តរជាតិកំពុងប្រឈម។ ជាក់ស្តែង រយៈពេលមួយឆ្នាំមកនេះ នៃវិបត្តិកូវីដ-១៩ វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់សម្រាប់កម្ពុជា ក្នុងការជំរុញកំណើនផលិតកម្មស្បៀង និងបង្កើនបរិមាណផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុក និងនាំចេញ។ មិនតែប៉ុណ្ណោះវិស័យមួយនេះ ក៏បានបង្កើនប្រាក់ចំណូល បង្កើតការងារ ពង្រីកទីផ្សារកសិផល ដោយអនុវត្តនូវបច្ចេកវិទ្យាទំនើប សម្រាប់ផលិតកម្ម និងសេដ្ឋកិច្ច នៅក្នុងយុគសម័យនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងការវិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថល។
ដើម្បីបង្កើនសមត្ថភាព ឬលទ្ធភាពវិស័យកសិកម្មរបស់កម្ពុជា ឱ្យបានកាន់តែប្រសើរ គឺទាមទារការចូលរួមគ្រប់ពីភាគីពាក់ព័ន្ធ ជាពិសេសការអប់រំ ។ បើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម លោក វេង សាខុន បានណែនាំដល់នាយកវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ដែលទើបចូលកាន់ដំណែងនាព្រឹកថ្ងៃទី១៨កុម្ភៈ ឆ្នាំ២០២១ អនុវត្តការងារ៥ចំណុច ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្ម។
ចំណុចទាំង៥នោះមាន៖ ១.ការពង្រឹងគុណភាពអប់រំ គឺត្រូវខិតខំធ្វើកំណែទម្រង់ប្រព័ន្ធសិក្សា កែលម្អ និងអភិវឌ្ឍកម្មវិធីសិក្សា វិធីសាស្ត្របង្រៀន និងមធ្យោបាយសម្ភារបង្រៀន ឯកសារបង្រៀន ការងារពិសោធន៍ ស្រាវជ្រាវក្នុងនិងក្រៅមន្ទីរពិសោធន៍ ផ្សព្វផ្សាយ ឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា២០១៥-២០២៥ ក៏ដូចជាគោលនយោយបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកសិកម្ម២០១៩-២០២៣ និងគោលនយោបាយសំខាន់ៗផ្សេងៗទៀត។
ទី២៖ត្រូវព្យាយាមកៀរគរ រកប្រភពជំនួយឧបត្ថម្ភទាំងធនធានមនុស្ស សម្ភារ និងថវិកា ពីគ្រប់មជ្ឈដ្ឋាន ដើម្បីពង្រឹងគុណភាពអប់រំ ស្រាវជ្រាវ និងពង្រឹងសមត្ថភាពមន្ទីរពិសោធន៍។ ៣៖ ត្រូវពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយថ្នាក់ជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន សហគមន៍កសិកម្ម។ ពិសេសអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដើម្បីឱ្យការអនុវត្តផែន ការសកម្មភាពអភិវឌ្ឍធនធានមនុស្សប្រព្រឹត្តដោយភាព ជោគជ័យតាមផែនការដែលបានគ្រោងទុក។
៤៖ ត្រូវប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាពឯកភាពផ្ទៃក្នុង ប្រកាន់យកក្រមសីលធម៌ជាមន្ត្រីរាជការសាធារណក្នុងការបំពេញភារកិច្ច។ ដឹកនាំ និងគ្រប់គ្រងលើមន្ត្រីរាជការប្រកបដោយសមធម៌ ប្រគល់ការងារតាមសមត្ថភាព ទប់ស្កាត់រាល់សកម្មភាពបំបែកបំបាក់ផ្ទៃក្នុង និងយុត្តិធម៌។ រដ្ឋមន្ត្រីកសិកម្មរូបនេះ បន្តមានប្រសាសន៍ ទៅកាន់ចំពោះមុខមន្ត្រីរបស់ខ្លួន នាយកវិទ្យាស្ថាន លោកគ្រូ-អ្នកគ្រូ និងនិស្សិត ថា៖ «មិនត្រូវយកតួនាទីរបស់ខ្លួនធ្វើជាខ្នងបង្អែក និងបក្សពួកខ្លួនណាមួយឡើយ ហើយក៏មិនត្រូវលាបពណ៌គ្នាឯង ជាពិសេសមន្ត្រីនៅថ្នាក់ក្រោម មិនមើលបំណាំគ្នា និងស្តាប់យោបល់ថ្នាក់ក្រោមបង្គាប់ដោយអនុវត្តគោលការណ៍ សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ»៕
Tag:
កសិកម្ម
លោក វេង សាខុន
© រក្សាសិទ្ធិដោយ thmeythmey.com