កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកស្រី Hashimoto ជា​ប្រធាន​អូឡាំពិក​តូ​ក្យូ​ថ្មី​ជំនួស​លោក Mori ដែល​អស់តំណែង​រឿង​រិះគន់​ស្ត្រី
18, Feb 2021 , 6:29 pm        
រូបភាព
អ្នកស្រី Seiko Hashimoto រដ្ឋមន្ត្រីក្រសួង​អូឡាំពិក​ជប៉ុន នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ បាន​ក្លាយជា​ប្រធាន​គណៈកម្មកា​ធិ​ការរៀបចំ​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ ជំនួស​លោក Yoshiro Mori ដែល​ចុះ​ចេញពី​តំណែង​ដោយសារ​ពាក់ព័ន្ធ​នឹង​ការ «​រើសអើង​ភេទ​»​។​

Hashimoto ដែល​សព្វថ្ងៃ​មាន​អាយុ​៥៦​ឆ្នាំ ធ្លាប់បាន​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ដល់​ទៅ​៧​លើក ក្នុងនោះ​អូឡាំពិក​រដូវរងារ​៤​លើក និង​អូឡាំពិក​រដូវក្តៅ​៣​លើក​។ នេះ​ជាការ​បង្ហាញខ្លួន​ច្រើនជាងគេ​បំផុត​របស់​អ្នកស្រី​ចំណោម​អត្ត​ព​លិ​ក​ជុំវិញ​ពិភពលោក​សម្រាប់​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​។​
 
​ក្រៅពី​កីឡា​អូឡាំពិក អ្នកស្រី Hashimoto ជោគជ័យ​ខ្លាំង​បំផុត​នៅ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​រដូវរងា​ដោយ​ទទួលបាន​មេដាយមាស​សរុប​ពី​កីឡា​ជិះ​ស្គី​ដល់​ទៅ​៦ និង​សំរឹទ្ធ​១​ផងដែរ​។  
 
​អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​ទៅទៀត​នោះ ម្ចាស់​មេដាយសំរិទ្ធិ​អូឡាំពិក​វិញ្ញាសា​ជិះ​ស្គី​ចង្ងាយ​១៥០០​ម៉ែត្រ​រូបនេះ បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ទៀត​ក្នុងប្រទេស​ជប៉ុន ក្នុងនាម​ស្ត្រី​ដ៏​កម្រ​ដែលមាន​មុខតំណែង​ទាំង​ក្នុង​ក្រុមប្រឹក្សាភិបាល​កីឡា និង​នយោបាយ​។ អ្នកស្រី​ក៏​ជា​រដ្ឋមន្ត្រី​អូឡាំពិក​របស់​ជប៉ុន​ផងដែរ​។​
 
​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP អ្នកស្រី Hashimoto ត្រូវបានតែងតាំង​ជា​ប្រធាន​គណៈកម្មាធិការ​រៀបចំ​អូឡាំពិក​ទីក្រុង​តូ​ក្យូ​បន្ទាប់ពី​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ​នេះ​។ អ្នកស្រី ជា​អ្នក​ជំនួស​លោក Mori អាយុ​៨៣​ឆ្នាំ ដែលជា​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ដែល​ត្រូវ​បង្ខំ​ឱ្យ​លាឈប់​តំណែង​កាលពី​សប្តាហ៍​មុន បន្ទាប់ពី​លោក​និយាយ​ទៅកាន់​សមាជិក​ក្រុមប្រឹក្សាភិបាល​ស្ត្រី​ថា​«​និយាយ​ច្រើន​និង​រំខាន​» នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​គណៈកម្មាធិការ​អូឡាំពិក​ជប៉ុន (JOC)​។​
 
​ការឡើង​តំណែង​ជា​ប្រធាន​គណៈកម្មាធិការ​រៀបចំ​អូឡាំពិក​ទីក្រុង​តូ​ក្យូ​នេះ មានន័យថា​អ្នកស្រី Hashimoto នឹងត្រូវ​ដឹកនាំ​ធ្វើ​ការងារ​ដែលមាន​រយៈ​ត្រឹម​៥​ខែ​ប៉ុណ្ណោះ មុនពេល​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​ឆ្នាំ​២០២០ ដែល​ត្រូវ​ពន្យារ​ទៅ​រៀបចំ​នៅ​ឆ្នាំ​២០២១​ចូលមក​ដល់​។ បើ​មិន​ប្រែប្រួល​អ្វី​ទៀត​ទេនោះ អូឡាំពិក​រដូវក្តៅ​នឹង​ចាប់​ផ្តើ​ពីថ្ងៃ​ទី​២៣ ខែកក្កដា ដល់​ថ្ងៃទី​៨ ខែសីហា​៕
 

Tag:
 Yoshiro Mori
  Seiko Hashimoto
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com