ភ្នំពេញ៖ សង្គមស៊ីវិលព្រួយបារម្ភពីការរឹតត្បិតសិទ្ធិសេរីភាពលើពលរដ្ឋដែលប្រើប្រាស់អ៊ីនធឺណិត ខណៈរដ្ឋាភិបាលចេញអនុក្រឹត្យច្រកទ្វារអ៊ីនធឺណិតជាតិ ។ ប៉ុន្តែរដ្ឋាភិបាលអះអាងថា អនុក្រឹត្យនេះ រៀបចំឡើងដើម្បីឲ្យប្រព័ន្ធអ៊ីនធឺណិតដើរលឿនជាងមុន និងរក្សាសណ្ដាប់ធ្នាប់ សន្តិសុខជាតិ ដោយគ្មានការជៀតចូលសិទ្ធិបុគ្គល ដែលប្រើប្រាស់អ៊ីនធឺណិតឡើយ។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ ពិនិត្យឃើញថា អនុក្រឹត្យស្ដីពីការបង្កើតច្រកទ្វាអ៊ីនធឺណិតជាតិ មានចំណុចអវិជ្ជមាន ច្រើនជាងវិជ្ជមាន ។ លោកសង្កត់ធ្ងន់ថា ការដាក់កំហិតឲ្យប្រតិបត្តិករនៃក្រុមហ៊ុនអ៊ីនធឺណិត ធ្វើរបាយការណ៍ទៅក្រសួងជារៀងរាល់ខែ គឺជាការគ្រប់គ្រង និងឃ្លាំមើលដោយផ្ទាល់ ដែលនាំឲ្យប៉ះពាល់សិទ្ធិឯកជនរបស់បុគ្គលប្រើប្រាស់អ៊ីនធឺណិត ។ បើតាមលោក សំអាត ការដាក់កំហិតបែបនេះ ក៏អាចនាំឲ្យបាត់បង់ការវិនិយោគពីបណ្ដាក្រុមហ៊ុនដែលមានបំណងបោះទុនលើវិស័យនេះដែរ។
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅថ្ងៃទី១៨កុម្ភៈនេះ លោក អំ សំអាត ថ្លែងយ៉ាងដូច្នេះថា៖ «អនុក្រឹត្យនេះ មានលក្ខណៈរឹតបន្តឹងសេរីភាព ក្នុងការប្រើប្រាសប្រព័ន្ធអ៊ីនធឺណិត ពិសេសសេរីភាពនៃការបញ្ចេញមតិ នៅតាមប្រព័ន្ធអនឡាញ។ អនុក្រឹត្យបានដាក់កំហិតទៅដល់ក្រុមហ៊ុនចែកចាយប្រព័ន្ធអ៊ីនធឺណិត ហើយមានការដាក់ពិន័យថែមទៀត...។ ជាសំណូមពរ ចង់ឲ្យមានការនិរាករណ៍ ព្រោះមាត្រាខ្លះ(មាត្រាទាំង៤ខាងលើ) មានភាពមិនច្បាស់លាស់ និងរឹតត្បិតសេរីភាពមតិ ទទួលព័ត៌មាន និងសិទ្ធិប្រកួតប្រជែងរបស់ក្រុមហ៊ុនអ៊ីនធឺណិត»។
លោក អំ សំអាត ស្នើឲ្យរដ្ឋាភិបាលនិរាកណ៍មាត្រា៦, មាត្រា១២ មាត្រា១៣ និងមាត្រា១៤ ដែលជាចំណុចដាក់កំហិត និងរឹតត្បិតសេរីភាពខ្លាំង។ អ្នកធ្វើការខាងផ្នែកសិទ្ធិមនុស្សរូបនេះ លើកឡើងថា ប្រសិនចង់ឲ្យអនុក្រឹត្យនេះ ប្រសើរឡើងវិញ ត្រូវតែមានការចូលរួមពិភាក្ សាពីក្រុមអ្នកប្រើប្រាស់អ៊ីនធឺណិត ក្រៅពីក្រុមហ៊ុន ឬស្ថានប័នដែលចែកចាយអ៊ីនធឺណិត។
អនុក្រឹត្យ ស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ ដែលបានដាក់ចេញកាលពីថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០២១ មាន១១ជំពូក ក្នុងនោះមាន២០មាត្រា។ ក្នុងមាត្រា១ បញ្ជាក់ថា គោលបំណងនៃការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ គឺដើម្បីសម្រួល និងគ្រប់គ្រងការតភ្ជាប់បណ្ដាញអ៊ីនធឺណិត សម្រាប់ពង្រឹងប្រសិទ្ធភាព និងកៀរគរចំណូលជាតិ។ លើសពីនេះ គឺដើម្បីការពារសន្តិសុខជាតិ សណ្ដាប់ធ្នាប់សង្គម វប្បធម៌ និងប្រពៃណីជាតិ។
ឆ្លើយតបនឹង ការព្រួយបារម្ភរបស់សង្គមស៊ីវិល លើការរឹតត្បិតសិទ្ធិសេរីភាព លោក មាស ប៉ូ អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អះអាងថា មុននឹងចេញអនុក្រឹត្យនេះ ក្រុមការងារជំនាញ បានប្រជុំពិគ្រោះយោបល់ច្រើនដង ជាមួយក្រុមប្រតិបត្តិករអ៊ីនធឺណិត ដោយប្រើពេលជិត១ឆ្នាំ។ លោក មាស ប៉ូ អះអាងថា តាមរយៈកិច្ចប្រជុំកន្លងមក ប្រតិបត្តិករអ៊ីនធឺណិត គ្មានការជំទាល់ពីគោលការណ៍គ្រប់គ្រងរបស់រដ្ឋាភិបាល និងក្រសួងនោះទេ តែផ្ទុយទៅវិញប្រតិបត្តិករទាំងនោះ តែងតែផ្ដល់យោបល់ ឲ្យដំណើរការដើរទៅមុខកាន់តែល្អប្រសើរថែមទៀត។
លោក មាស ប៉ូ អះអាងថា ការរៀបចំគ្រប់គ្រងទ្វារអ៊ីនធឺណិតជាតិនេះ ជាកាតព្វកិច្ចរបស់រដ្ឋាភិបាល ដែលមិនអាចខ្វះបាន និងធ្វេសប្រហែសឡើយ ។ លោក ប៉ូ ព្យាយាមពន្យល់ថា ការគ្រប់គ្រងច្រកទ្វារអ៊ីនធឺណិត គឺជាការគ្រប់គ្រងប្រតិបត្តិករ នៃបណ្ដាក្រុមហ៊ុនអ៊ីនធឺណិត មិនមែនអ្នកប្រើប្រាស់ឡើយ។
«ការគ្រប់គ្រងទ្វារអ៊ីនធឺណិតនេះ មិនមែនគ្រប់គ្រងអ្នកប្រើប្រាស់ (អ៊ីនធឺណិត) លក្ខណៈឯកជនទេ។ ការគ្រប់គ្រងនេះ ជាការគ្រប់គ្រងប្រតិបត្តិករនៃក្រុមហ៊ុនអ៊ីនធឺណិត...។ អ្នកប្រើប្រាស់ជាអតិថិជន មិនមែនប្រតិបត្តិករទេ អ៊ីចឹងក្នុងអនុក្រឹត្យមានពាក្យគ្រប់គ្រងអ្នកប្រើប្រាស់អ៊ីនធឺណិត ឬអតិថិជនទេ គឺគ្មានទេ! អ៊ីចឹងការព្រួយបារម្ភរបស់ពួកគេ (សង្គមស៊ីវិល) គឺខុសស្រលះ»។ នេះបើតាមអ្នកនាំពាក្យក្រសួងប្រៃសណីយ៍ ដែលអះអាងថា ការគ្រប់គ្រង ឬរាយការណ៍ទៅក្រសួង ជាទិន្នន័យត្រាហ្វ៊ិក (ទំហំអ៊ីនធឺណិត) ប្រើប្រាស់រួមរបស់ក្រុមហ៊ុន មិនមែនព័ត៌មាន ពីអតិថិជនដែលប្រើប្រាស់នោះទេ។
បើតាមលោក មាស ប៉ូ ប្រតិបត្តិករនៃក្រុមហ៊ុនអ៊ីនធឺណិត ត្រូវរៀបចំបណ្ដាញថ្មីៗ ឱ្យស្របតាមលក្ខខណ្ឌអនុក្រឹត្យគ្រប់គ្រងអ៊ីនធឺណិតជាតិនេះ ដោយត្រូវចំណាយសម្ភារ និងថវិកាមួយចំនួន ដើម្បីទទួលបានទិន្នន័យកាន់ងាយស្រួលប្រើនិងធំជាងមុន។ លោក មាស ប៉ូ ក៏បង្ហាញពីក្ដីបារម្ភតិចតួច ជុំវិញការចំណាយនេះដែរ ប៉ុន្តែលោកជឿថា ក្រុមហ៊ុនភាគច្រើនអាចដោះស្រាយបាន។ លើសពីនេះ ក្រសួងគ្រោងរៀបចំសេចក្ដីប្រកាស ស្ដីពីលក្ខណៈនៃការដាក់ពាក្យស្នើសុំអាជ្ញារប័ណ្ណប្រតិបត្តិករអ៊ីនធឺណិត។
មាត្រា៦ នៃអនុក្រឹត្យគ្រប់គ្រងច្រកទ្វារអ៊ីនធឺណិតជាតិ ចែងថា ប្រតិបត្តិករនៃច្រកទ្វារអ៊ីនធឺណិតជាតិ មានតួនាទីផ្ដល់របាយការណ៍អំពីស្ថានភាព គុណភាព និងត្រាហ្វ៊ិកនៃការតភ្ជាប់បណ្ដាញទៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា។ លើសពីនេះ ត្រូវសហការជាមួយ និងស្ថាប័នពាក់ព័ន្ធ ក្នុងការចាត់វិធានការទប់ស្កាត់ និងកាត់ផ្ដាច់ចោលរាល់ការតភ្ជាប់បណ្ដាញទាំងឡាយ ដែលប៉ះពាល់ដល់ចំណូលជាតិ សុវត្ថិភាព សណ្ដាប់ធ្នាប់ សីលធម៌ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់។ ទន្ទឹមនឹងនេះ គឺត្រូវអនុវតភារកិច្ចផ្សេងទៀត តាមការណែនាំរបស់រដ្ឋមន្រី្តក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
បើតាមលោក មាស ប៉ូ នៅកម្ពុជា មានប្រតិបត្តិករនៃក្រុមហ៊ុនអ៊ីនធឺណិតចំនួន៣៧ ប៉ុន្តែក៏មានក្រុមហ៊ុនខ្លះ ត្រូវបានដកហូតអាជ្ញាប័ណ្ណវិញដែរ។ ប៉ុន្តែលោកមិនទាន់មានតួលេខច្បាស់នៅឡើយទេ៕