ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន ស្នើឱ្យ​ហ្វីលីពីន​ពិនិត្យ​លទ្ធភាព​ទិញ​អង្ករ​ពី​កម្ពុជា ខណៈ​កម្ពុជា​សល់​អង្ករ​៦​លាន​តោន​ក្នុង​១​ឆ្នាំ​
19, Feb 2021 , 10:29 pm        
រូបភាព
លោកស្រី​Maria Amelita C.Aquino និង​សម្តេច ហ៊ុន សែន​។
លោកស្រី​Maria Amelita C.Aquino និង​សម្តេច ហ៊ុន សែន​។
​ភ្នំពេញ​៖  សម្តេចនាយក​មន្ត្រី​ហ៊ុន សែន បាន​ស្នើឱ្យ​ប្រទេស​ហ្វីលីពីន តាមរយៈ​លោកស្រី Maria Amelita C.Aquino ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ប្រចាំ​នៅ​កម្ពុជា ពិនិត្យ​លទ្ធភាព​ក្នុងការ​នាំចូល​ឬ​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា ខណៈ​កម្ពុជា​គឺ​នៅមាន​អង្ករ​សល់​ប្រមាណ​៦​លាន​តោន ក្នុង​មួយឆ្នាំ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​លើ​គេហទំព័រ​របស់​សម្តេច ហ៊ុន សែន​។​
 
​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី​Maria Amelita C.Aquino កាលពី​ថ្ងៃទី​១៧​កុម្ភៈ សម្តេច ហ៊ុន សែន  បាន​ស្នើឱ្យ​ហ្វីលីពីន ពិចារណា​អំពី​ស្ថិរភាព​ស្បៀង​ជា​អង្ករ ដែល​មាននៅ​កម្ពុជា​សម្រាប់​ការនាំ​ចេញទៅ​ប្រទេស​ហ្វីលីពីន​។ សម្តេច មានប្រសាសន៍ ថា ហ្វីលីពីន អាចមក​ដាក់ទុន​វិនិយោគ​នៅក្នុង​កម្ពុជា​បាន តាមរយៈ​ការដាក់ទុន​លើ​ផ្នែក​ម៉ាស៊ីនកិនស្រូវ ការសាងសង់​ឃ្លាំង​ស្តុក​ស្រូវ និង​បង្កើតជា​បណ្ដាញ​ទិញស្រូវ​ស្តុក​ទុក ដើម្បី​នាំចេញ​ទៅ​ប្រទេស​ហ្វីលីពីន​។​
 
​ប្រមុខរដ្ឋ​ភិ​បាល​កម្ពុជា បន្ត​មានប្រសាសន៍​ចំពោះមុខ​លោកស្រី​Maria Amelita C.Aquino ដែល​ទើប​មកកាន់​តួនាទី​ជា ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ប្រចាំ​នៅ​កម្ពុជា​ថា​៖«​យើង​គប្បី​ណា ពិនិត្យមើល​សក្តានុពល​ណា​ដែលមាន​នៅក្នុង​តំបន់​របស់​យើង ជាជាង​ពិនិត្យមើល​សក្តានុពល នៅ​ទី​ឆ្ងាយៗ​។ ពោលគឺ​យើង​អាចធ្វើ​យ៉ាងណា ទាញយក​សក្តានុពល​នេះ​មកប្រើប្រាស់ ហើយ​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​»​។ 
 
​ជាការ​ឆ្លើយតប​នឹង​ការស្នើ​របស់​កម្ពុជា លោកស្រី​Maria Amelita C.Aquino លើកឡើងថា តាម​គោលការណ៍​ថ្មី​របស់​ប្រទេស​ហ្វីលីពីន គឺ​បាន​អនុញ្ញាតឱ្យ​វិស័យ​ឯកជន​របស់ខ្លួន​មក​ទិញ​អង្ករ​ដោយផ្ទាល់​ដោយ​មិនចាំបាច់​ឆ្លងកាត់​តាមរយៈ​យន្ដការ​របស់​រាជរដ្ឋាភិបាល​ទៀតឡើយ ឱ្យតែ​ការនាំ​ចូល​នោះ​អនុលោម​តាម​វិធានការ​អនាម័យ​-​ភូតគាម​អនាម័យ​របស់​ហ្វីលីពីន​។  
 
​កន្លងមក​រដ្ឋាភិបាល​ហ្វីលីពីន​បានផ្ដល់​ការទទួលស្គាល់​ដល់​ក្រុមហ៊ុន​មួយចំនួន​សម្រាប់ធ្វើ​ពាណិជ្ជកម្ម​ស្រូវ​អង្ករ​។ ឯកអគ្គរដ្ឋទូត​រូបនេះ បន្ត​អះអាងថា ស្ថានទូត​នឹង​ផ្ញើ​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​ទាំងនោះ ឱ្យ​ក្រសួងពាណិជ្ជកម្ម ដើម្បី​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។​
 
​ឆ្នាំ​២០២០ កម្ពុជា​បាន​នាំចេញ​អង្ករ​សរុប ៦៩០ ៨២៩ តោន ដោយមាន​តម្លៃ​ជិត​៥៤០​លាន​ដុល្លារ​។ ចំនួន​នេះ បាន​កើនឡើង​១១,៤០ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០១៩ ។ ដោយឡែក នៅក្នុង​ខែមករា ឆ្នាំ​២០២១ កម្ពុជា​នាំចេញ​អង្ករ​បាន​ត្រឹម​ជាង​៣,៤​ម៉ឺន​តោន ដោយ​ចំនួន​នេះ​ធ្លាក់ចុះ​រហូត​ជាង ៣២​ភាគរយ  បើ​ធៀប​នឹង​ខែ​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០​។ 
 
​លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ធា្ល​ប់​បាន​លើកឡើងថា បញ្ហា​ដែល​ធ្វើឱ្យ​ការនាំចេញ​អង្ករ​កម្ពុជា មានការ​ធ្លាក់ចុះ គឺ​ដោយសារ​បញ្ហា​ខ្វះ​កុងតឺន័រ​ដឹក និង​ការដឹកជញ្ជូន​តាម​កប៉ាល់​៕ 
 

Tag:
 អង្គរ​
  សម្តេច ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com