អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Ford និង​Google បាន​សហការគ្នា​នាំយក​ប្រព័ន្ធ​ប្រតិបត្តិការ Android មក​បំពាក់​លើ​រថយន្ត Ford ក្នុង​ឆ្នាំ​២០២៣​ខាងមុខ​
19, Feb 2021 , 5:36 pm        
រូបភាព
 ​កាលពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន Ford និង Google បានប្រកាស​ជា​ផ្លូវការ ពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រុមហ៊ុន​ទាំងពីរ ដែល​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ ២០២៣ ខាងមុខនេះ​។ ក្រុមហ៊ុន Ford នឹង​នាំយក​ប្រព័ន្ធ​ប្រតិបត្តិការ Android មក​ដាក់​ដំណើរការ​លើ​រថយន្ត Ford អម​មក​ជាមួយនឹង​មុខងារ​ផ្សេងៗ​ដូចជា​៖ Google Apps, និង Service Built-In​។ ជាមួយគ្នានេះដែរ Ford នឹង​ប្រើប្រាស់​សេវាកម្ម Google ផ្សេងទៀត​ដែលមាន​ដូចជា​៖ សេវាកម្ម Google Cloud, កម្មវិធី Artificial Intelligence (AI), កម្មវិធី Machine Learning (ML) ផងដែរ​។

​ចាប់ពី​ឆ្នាំ ២០២៣ អតិថិជន​រថយន្ត Ford និង Lincoln នឹង​ទទួលបាន​បទពិសោធន៍​កាន់តែ​ប្រសើរ ទាក់ទង​ជាមួយនឹង​កម្មវិធី​ផ្សេងៗ ដែល​ជួយ​សម្រួល​ដល់​ការបើកបរ ហើយ​ជាពិសេស​នោះ គឺ​ប្រព័ន្ធ​កម្សាន្ត​បែប​ថ្មី ដែល​អាច​ប្រើប្រាស់​ផ្ទាល់​នៅលើ​អេក្រង់ Touch Screen របស់​រថយន្ត​ដោយ​ពុំ​ចាំបាច់​ភ្ជាប់​ជាមួយនឹង​ទូរស័ព្ទ​នោះទេ​។​



 លោក Jim Farley អគ្គនាយក​ក្រុមហ៊ុន Ford បាន​មានប្រសាសន៍ថា​៖ “​ក្រុមហ៊ុន Ford បាន​បន្តធ្វើ​កំណែទម្រង់​យ៉ាង​ស៊ីជម្រៅ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​នាពេល​បច្ចុប្បន្ន និង​នាពេល​អនាគត ដូចជា​រថយន្ត​អគ្គិសនី និង​រថយន្ត​ដែល​អាច​បើកបរ​បាន​ដោយ​ខ្លួនឯង​។ ហើយ​ថ្មីៗ​នេះ ក្រុមហ៊ុន Ford និង Google បានរួម​គ្នា​ដើម្បី​បង្កើត នូវ​ការច្នៃប្រឌិត​ថ្មី ដែល​អាច​ផ្តល់នូវ​បទពិសោធន៍​ល្អប្រសើរ ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប​ថ្មីៗ​ចុងក្រោយ​។​”
 



​លោក Sundar Pichai នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Google និង Alphabet បាន​មានប្រសាសន៍ថា​៖ “​ក្រុមហ៊ុន Ford បាន​ឈរជើង​នៅលើ​វិស័យ​យានយន្ត អស់​រយៈពេល​ជិត 120​ឆ្នាំ​មកហើយ​។ ថ្ងៃនេះ​ដែរ​យើង​ពិត​ជាមាន​មោទកភាព ដែល​អាច​សហការគ្នា ជាមួយ​ក្រុមហ៊ុន Ford ដែល​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ក្នុងការ​គណនា វិភាគ​ទិន្នន័យ​ក្នុង Cloud ដើម្បី​ជួយ​ផ្លាស់ប្តូរ និង​បង្កើនល្បឿន​អាជីវកម្ម​របស់ Ford ឲ្យ​កាន់តែ​ប្រសើរ និង​កាន់តែ​ផ្តល់​សុវត្ថិភាព​ជូន​អ្នកបើកបរ​រថយន្ត Ford ទាំងអស់​ថែមទៀត​ផង​។​”
 
 


 
​តាមរយៈ​ការប្រើ Android និង​សេវាកម្ម Cloud របស់ Google ក្រុមហ៊ុន Ford នឹង​អាច​ផ្ញើ​សារ​ទៅកាន់​អតិថិជន​របស់ខ្លួន​បាន ទាក់ទង​ការស្នើ​ឲ្យ​យក​យានយន្ត ទៅ​ថែទាំ ឬ​ត្រួតពិនិត្យ​ផ្សេងៗ ក៏ដូចជា​ការជូនដំណឹង​សំខាន់ៗ​ជាច្រើន​ទៀតផង​។ 
 


​សូមបញ្ជាក់​ផងដែរ​ថា ការប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android លើ​រថយន្ត Ford នា​ឆ្នាំ ២០២៣ ខាងមុខ​នោះ វា​មិន​ដូចគ្នា​ទៅនឹង​កម្មវិធី Android Auto នាពេល​សព្វថ្ងៃនេះ​ទេ ព្រោះថា Android Auto គ្រាន់​ជា​កម្មវិធី​មួយ​ប៉ុណ្ណោះ មិនមែនជា​ប្រព័ន្ធ​ប្រតិបត្តិការ​ឡើយ  ហេតុដូច្នេះ មុខងារ​របស់​វា​មាន​ដែន​កំណត់​។ មួយវិញទៀត អ្នក​អាច​ប្រើ​បាន​លុះត្រាតែ​ភ្ជាប់​វា​ជាមួយ​ទូរស័ព្ទ Smart Phone ដែលមាន​ប្រព័ន្ធ​ប្រតិបត្តិការ Android ទើបបាន​។ តែ​សម្រាប់​រថយន្ត Ford នាពេល​អនាគត ដែល​បំពាក់​មកជា​មួយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ស្រាប់​វិញ​នោះ​គឺ វា​ដូចជា​ទូរស័ព្ទ Smart Phone ដែលមាន​ប្រព័ន្ធ​ប្រតិបត្តិការ Android អញ្ចឹង ដែល​អ្នកប្រើប្រាស់ អាច​បញ្ជា​មុខងារ​សំខាន់ៗ ឬ​បើក​កម្មវិធី​ផ្សេងៗ បាន​ដោយ​ខ្លួនឯង នៅក្នុង​នោះ​ផ្ទាល់​តែម្ដង​ដែលមាន​ដូចជា​៖
•​ ​មុខងារ Google Assistant ជួយ​ឲ្យ​អ្នកបើកបរ អាច​ផ្តោតអារម្មណ៍​ក្នុងការ​បើកបរ​ទៅមុខ និង​បញ្ជា​មុខងារ​ផ្សេងៗ​របស់​រថយន្ត តាមរយៈ​ការប្រើ​សំឡេង​តែប៉ុណ្ណោះ​
•​ ​មុខងារ Google Map បង្ហាញ​ផែនទី និង​ទីតាំង​បានច្បាស់លាស់ ដែល​អាចជួយ​ឲ្យ​អ្នកបើកបរ ទៅដល់​គោលដៅ បាន​ឆាប់រហ័ស​ជាង​មុន ជាមួយនឹង​ការបង្ហាញ​ស្ថានភាព​ចរាចរណ៍​ជាក់ស្តែង និង​ណែនាំ​ពី​គន្លង​ផ្លូវ ដែល​យើង​ត្រូវ​បើកបរ 
•​ ​មុខងារ Google Play ផ្តល់នូវ​ការកម្សាន្ត​ដល់​អ្នកបើកបរ តាមរយៈ​មុខងារ Apps ជាច្រើន ដូច​ជាការ​ស្តាប់​ចម្រៀង​, Podcasts, Audiobooks ដែល​មុខងារ​ទាំងអស់នេះ មាន​នៅលើ​រថយន្ត​ស្រាប់​តែម្តង​។​
 
​តាមរយៈ​ការបំពាក់​ប្រព័ន្ធ​ប្រតិបត្តិការ Android នៅលើ​រថយន្ត Ford នេះ​នឹង​អាចធ្វើ​ឲ្យ​ក្រុមហ៊ុន Ford និង​អ្នក​អភិវឌ្ឍន៍​កម្មវិធី Mobile Apps អាចបង្កើត​កម្មវិធី​កម្សាន្ត និង​កម្មវិធី​ផ្សេងៗ​ទៀត​បាន ដើម្បី​ផ្តល់ជូន​នូវ​បទពិសោធន៍​ថ្មី នៃ​ការបើកបរ​សម្រាប់​អតិថិជន​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com