ជាតិ
សិក្សា​របៀប​ដាំ​ជីររណារ​ពី​កសិករ ខៀវ សុខ​ឃឿន នៅ​ត្បូងឃ្មុំ​
21, Feb 2021 , 8:29 am        
រូបភាព
រូបពីមន្ទីរកសិកម្មត្បូងឃ្មុំ
រូបពីមន្ទីរកសិកម្មត្បូងឃ្មុំ
ដោយ:
​ជីររណារ ជា​បន្លែ​ដ៏​ពេញនិយម និង​មាន​អត្ថប្រយោជន៍​ច្រើន ដូចជា​អាច​ព្យាបាល​ជំងឺ ក្រពះ​ពោះវៀន ផ្ដាសាយ ហៀរ​សំបោរ ជួយ​រំលាយ​អាហារ និង​បំបាត់​ក្លិន​មាត់​ជាដើម​។ ថ្ងៃនេះ​សារព័ត៌មាន Thmey Thmey 25 សូម​លើកយក​បទពិសោធ របស់​កសិករ​ដាំ​ជីររណារ ពី​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ​មក​បង្ហាញជូន​។​
 
​លោក ខៀវ សុខ​ឃឿន ជា​កសិករ​ដាំ​ជីររណារ និង​ជា​សមាជិក​ដាំ​បន្លែ នៅ​ភូមិ​ដូន​ទេស ឃុំ​ទួល​សូ​ភី ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ បាន​ចែករំលែក​ពី​វិធីសាស្ត្រ​ដាំ​ជីររណារ ដើម្បី​ទទួលបាន​ទិន្នផល​ខ្ពស់​។ កសិករ​អាច​ដាំ​ជីររណារ​ព្រោះ​គ្រាប់ និង​ដាំ​កូន​តែ​កសិករ ខៀវ សុខ​ឃឿន ជ្រើសរើស​ការ​ព្រោះ​ជីររណារ​ព្រោះ​ឆាប់​បាន​ប្រមូល​ផល​។​
 
​តាមរយៈ​មន្ទីរ​កសិក​ម្ម​ខេត្ត​ត្បូងឃ្មុំ កសិករ​រូបនេះ បាន​លើកឡើងថា ជាទូទៅ​អ្នក​បរិភោគ​ចូលចិត្ត​ជីររណារ​ដែល​ព្រោះ​គ្រាប់​ជាង​ដាំ​កូន​។ ការដាំ​កូនដើម​របស់​វា អាច​រឹង​ជាង​ជីររណារ​ដែល​ព្រោះ​គ្រាប់​។ ដើម្បី​ដាំ​ជីររណារ ទទួលបាន​ទិន្នផល​ល្អ មុនពេល​ដាំ​ជីររណារ ត្រូវ​ភ្ជួរ​ដី​ហាល​ចោល ៥-៦​ថ្ងៃ​។ បន្ទាប់មក​ត្រូវ​ភ្ជួរ​ដី​ម្ដងទៀត និង​ទុកចោល ៥-៦​ថ្ងៃ​ទៀត​។ កសិករ សុខ​ឃឿន បញ្ជាក់ថា ភ្ជួរ​ដី​ចំនួន​បី​ដង ទើប​លោក​ចាប់ផ្ដើម​លើក​រង និង​យក​គ្រាប់​ជីររណារ​មក​ព្រោះ​។​
 
​បន្ទាប់​ពីព្រោះ​គ្រាប់​ជីររណារ ត្រូវ​ស្រោច​ទឹក​មួយថ្ងៃ​បី​ដង ដើម្បី​ឲ្យ​ដី​មាន​សំណើម និង​ឆាប់​ដុះ​។ ជាធម្មតា​ចំនួន​១៥​ថ្ងៃ ជីររណារ​ចាប់ផ្ដើម​ដុះ ហើយ​ក្នុង​រយៈពេល​នេះ ត្រូវ​មើលថែ​ឲ្យ​បានល្អ ផ្ដល់​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ និង​ធ្វើ​ស្មៅ​ឲ្យ​បាន​ញឹកញាប់​។ សម្រាប់​ជីររណារ មិនសូវ​ពិបាក​មើលថែ​នោះទេ នៅ​រយៈពេល ៣​ខែ អាច​ប្រមូល​ផល​បាន​។ នេះ​បើតាម​កសិករ ខៀវ សុខ​ឃឿន​៕
 
 
 

Tag:
 ខៀវ សុខ​ឃឿន​
  ជីររណារ​
  ត្បូងឃ្មុំ​
© រក្សាសិទ្ធិដោយ thmeythmey.com