អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រដ្ឋប្រហារមីយ៉ាន់ម៉ា៖ បាតុករពីរនាក់ស្លាប់ក្នុងការបង្រ្កាបរបស់ប៉ូលិសនៅទីក្រុង Mandalay
21, Feb 2021 , 10:05 am        
រូបភាព
អ្នកជួយសង្រ្គោះស្ម័គ្រចិត្តសែងអ្នករបួសចេញពីកន្លែងប៉ះទង្គិចរវាងបាតុករ និងកម្លាំងសន្តិសុខ។ រូបថត AFP
អ្នកជួយសង្រ្គោះស្ម័គ្រចិត្តសែងអ្នករបួសចេញពីកន្លែងប៉ះទង្គិចរវាងបាតុករ និងកម្លាំងសន្តិសុខ។ រូបថត AFP
កម្លាំងសន្តិសុខមីយ៉ាន់ម៉ា នៅថ្ងៃទី២០ ខែកុម្ភៈ បានបើកប្រតិបត្តិការបំបែកបាតុករនៅឯទីក្រុង Mandalay ដែលជាទីក្រុងធំទីពីររបស់ប្រទេស។ មនុស្សពីរនាក់បានស្លាប់ និងជាច្រើននាក់ទៀតរបួស។ សហគមន៍អន្តរជាតិ បានថ្កោលទោសទង្វើបែបនេះ និងទទូចជាថ្មីឱ្យរបបយោធាបញ្ចៀសការប្រើកម្លាំងដើម្បីបំបែកហ្វូងបាតុករ។ សហភាពអឺរ៉ុប ក៏ព្រមានដែរថា ខ្លួនចាត់វិធានការឱ្យសក្តិសមនឹងអ្វីដែលកើតឡើង។


ថ្ងៃទី២០ ខែកុម្ភៈ ជាថ្ងៃដ៏បង្ហូរបំផុតក្នុងការតវ៉ាប្រឆាំងការធ្វើរដ្ឋប្រហារនៅមីយ៉ាន់ម៉ាជាងពីរសប្ដាហ៍មកនេះ។ ការប៉ះទង្គិចរវាងកម្លាំងសន្តិសុខ និងក្រុមបាតុករ បណ្ដាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើន។ នៅទីក្រុង Mandalay កម្លាំងសន្តិសុខដែលមានប៉ូលិស និងទាហាន បានប្រមូលផ្ដុំនៅការដ្ឋានកប៉ាល់មួយកន្លែងនៅជាប់ទន្លេ Irrawaddy ។ អ្នកតវ៉ាដែលរួមទាំងកម្មករផងនោះ នាំគ្នាគប់ដុំថ្មដាក់ក្រុមសន្តិសុខ។

ប៉ុន្តែក្រុមសន្តិសុខបានឆ្លើយតបដោយការបាញ់គ្រាប់កាំភ្លើងពិត គ្រាប់កៅស៊ូ និងមានបាញ់ចំពាមកៅស៊ូផងដែរដើម្បីបំបែកអ្នកតវ៉ា។ លោក Hlaing Min Oo ប្រធានក្រុមជួយសង្រ្គោះស្ម័គ្រចិត្តនិយាយថា មនុស្សពីរនាក់បានស្លាប់ ដែលក្នុងនោះម្នាក់ជាយុវជនត្រូវបាញ់ចំក្បាល។ លោកបន្តថា មនុស្សប្រមាណ៣០នាក់ រងរបួសដោយសារគ្រាប់ចំពាម និងគ្រាប់កៅស៊ូ។ គ្រូពេទ្យជួយសង្រ្គោះម្នាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា អ្នកស្លាប់ម្នាក់ទៀតត្រូវរបួសធ្ងន់ចំទ្រូង។

ការបង្រ្កាបរបស់កម្លាំងសន្តិសុខ នឹងដុតបញ្ឆេះកំហឹងអ្នកតវ៉ាកាន់តែខ្លាំង។ តាំងពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈមក ប្រជាជនមីយ៉ាន់ម៉ាគ្រប់ស្រទាប់វណ្ណៈ នាំគ្នាតវ៉ាកាន់តែធំទៅៗរៀងរាល់ថ្ងៃ។ ការប៉ះទង្គិចហិង្សា ក៏ទំនងជាមិនចប់ឡើយ បើការតវ៉ាមានលក្ខណៈខ្លាំងក្លាដែរនោះ។

សហគមន៍អន្តរជាតិ បានបង្ហាញក្ដីបារម្ភចំពោះការវិវត្តស្ថានការណ៍នៅមីយ៉ាន់ម៉ា។ សិង្ហបុរីដែលចេញមុខបង្ហាញការមិនពេញចិត្តនឹងរដ្ឋប្រហារនេះ ក៏ថ្កោលទោសការប្រើប្រាស់ហិង្សាលើបាតុករ។ ក្នុងសេចក្ដីប្រកាសថ្ងៃទី២០ ខែកុម្ភៈ ក្រសួងការបរទេសសិង្ហបុរីលើកឡើងថា ការប្រើប្រាស់កម្លាំងហួសហេតុ ជារឿងមិនបកស្រាយបានឡើយ ហើយស្នើឱ្យអាជ្ញាធររក្សាការអត់ធ្មត់ខ្ពស់បំផុតដើម្បីបញ្ចៀសការស្លាប់ និងការរបួស។

អាមេរិកវិញ ក៏បង្ហាញក្ដីបារម្ភចំពោះអ្វីដែលកំពុងកើតឡើងដែរ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Ned Price សរសេរលើ Twitter ថា អាមេរិកនៅតែបារម្ភចំពោះការចាប់ចង ធ្វើទុក្ខបុកម្នេញលើអ្នកតវ៉ា និងបញ្ជាក់ជាថ្មីពីជំហររបស់អាមេរិកលើរដ្ឋប្រហារ។ ចំណែកប្រមុខគោលនយោបាយអឺរ៉ុប  Josep Borrell អះអាងថា អឺរ៉ុបថ្កោលទោសអំពើហិង្សាលើជនស៊ីវិល។ លោកបន្តថា ជំនួបរដ្ឋមន្រ្តីការបរទេសអឺរ៉ុបនៅថ្ងៃទី២២ ខែកុម្ភៈ នឹងចាត់វិធានការសមស្រប៕

 


    


© រក្សាសិទ្ធិដោយ thmeythmey.com