កីឡាអន្តរជាតិ
អន្តរជាតិ
Everton ចាំ​២២​ឆ្នាំ ទើបបាន​ឈ្នះ Liverpool លើកដំបូង​នៅ​ទឹកដី Anfield
21, Feb 2021 , 10:36 am        
រូបភាព
ក្រុមកីឡាករ Everton អបអរជ័យជម្នះ​របស់ខ្លួន​លើ Liverpool។ រូបថត Everton FC
ក្រុមកីឡាករ Everton អបអរជ័យជម្នះ​របស់ខ្លួន​លើ Liverpool។ រូបថត Everton FC
ដោយ: រួបរួម
​ជំនួប​រវាង​ក្រុម​នៅ​ក្រុង Merseyside តែមួយ​ក្នុង​ក្របខណ្ឌ Premier League គឺជា​សុបិន​ដែល​ក្លាយជា​ការពិត​សម្រាប់ Everton ដោយបាន​យកឈ្នះ Liverpool ២-០ លើកដំបូង​នៅ​កីឡដ្ឋាន Anfield បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៩៩​មក​។​
 
​ក្រៅពី​ឈ្នះ​ម្ចាស់​ហង្ស​ក្រហម ក្រោយ​រង់ចាំ​អស់​២២​ឆ្នាំ Everton ក៏បាន​កត់ត្រា​ជ័យជម្នះ​លើ​ក្រុម​នៅ​ក្រុង​តែមួយ​លើកដំបូង​ផងដែរ បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០១០​មក ខណៈ Liverpool ចាញ់​ក្នុង​ទឹកដី​៤​ប្រកួត​ជាប់​គ្នា​ជា​លើកដំបូង​បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩២៣​មក​។​
 

​ប្រកួត​បាន​៣​នាទី James Rodriguez បាន​បញ្ជូន​បាល់​ទៅ Richarlison ទាត់​បញ្ចូល​ទី​គ្រាប់​ទីមួយ​សម្រាប់ Everton ហើយ​ក្រុម​ភ្ញៀវ​នេះ បន្ថែម​មួយគ្រា​ប់​ទៀត​នៅ​នាទី​៨៣ តាមរយៈ​ការ​ទាត់​ប៉េ​ណា​ល់​ទី​របស់ Gylfi Sururdsson ក្រោយ Trent Alexander-Arnold បង្កកំហុស​លើ Dominic Calvert-Lewin នៅ​តំបន់​គ្រោះថ្នាក់​។​
 
​ជ័យជម្នះ​នេះ នាំ​ឲ្យ Everton មាន​៤០​ពិន្ទុ​ស្មើ Liverpool ដោយ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៧​បណ្តោះអាសន្ន​។ ទោះបី​ហង្ស​ក្រហម​មានប្រៀប​លើ​សំណល់​គ្រាប់​បាល់​បញ្ចូល​ទី ប៉ុន្តែ Everton នៅសល់​មួយ​ប្រកួត​តាម​ពីក្រោយ ពោលគឺ​ប្រកួត​បាន​២៤​លើក រីឯ Liverpool បាន​២៥​លើក​ហើយ​។​
 
​ជំនួប​គូ​ផ្សេងទៀត Wolverhampton ឈ្នះ Leeds United ១-០, Chelsea ស្មើ ១-១ ជាមួយ​ម្ចាស់ផ្ទះ Southampton, Burnley និង West Brom បញ្ចប់​ការប្រកួត​ដោយ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី រីឯ Fulham ឈ្នះ Sheffield United ក្នុង​លទ្ធផល ១-០​។​
 
​សម្រាប់​ជំនួប​នៅ​រាត្រី​នេះ West Ham ស្វាគមន៍ Tottenham Hotspur នៅ​ម៉ោង​៧ បន្ត​ដោយ​ជំនួប​រវាង Aston Villa និង Leicester City, Arsenal និង Manchester City, Manchester United និង Newcastle United៕
 
 
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com