កីឡាអន្តរជាតិ
អន្តរជាតិ
Naomi Osaka ឈ្នះ Australian Open លើក​ទី​២ និង​ជា​ពាន Grand Slam ៤​លើក​ជាប់​គ្នា​
21, Feb 2021 , 9:59 pm        
រូបភាព
ដោយ: រួបរួម
​កីឡាករ​ការិនី​វាយ​កូន​បាល់​ជប៉ុន Naomi Osaka កាន់តែ​លេចធ្លោ​ក្នុង​ក្របខណ្ឌ Grand Slam បន្ទាប់ពី​បាន​យកឈ្នះ​កីឡាការិនី​អាមេរិក Jennifer Brady ៦-៤ ៦-៣ ដើម្បី​លើក​ពាន Australian Open ជា​លើក​ទី​ពីរ កាលពី​ថ្ងៃ​សៅរ៍​។​


​បើ​គិត​ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ​២០២០ មក Osaka មិនទាន់​ចាញ់​មួយ​ប្រកួត​ណា​ឡើយ ហើយ​បន្ត​ឈ្នះ​២១​ប្រកួត​ជាប់ៗ​គ្នា​។ មុន​ដំណើរ​ទៅ​ជួប Brady នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ក្រុង​មែ​ល​ប៊​ន Osaka បាន​យកឈ្នះ​កីឡាការិនី​ឆ្នើមៗ​ជា​បន្តបន្ទាប់ ក្នុងនោះ​ឈ្នះ​កីឡាការិនី​តៃវ៉ាន់ Hsieh Su-wei ៦-២ ៦-២ នៅ​វគ្គ​១/៤ និង​ឈ្នះ​កីឡាការិនី​អាមេរិក Serena Williams ៦-៣ ៦-៤ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​
 

Osaka បាន​យកឈ្នះ Brady ៦-៤ ៦-៣ ដែល​ធ្វើ​ឲ្យ​ក្តី​សុបិន​របស់​កីឡាការិនី​ក្នុង​ឈ្នះ Grand Slam លើកដំបូង ត្រូវ​បរាជ័យ​។ Brady ដែល​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​២២​លើ​ពិភពលោក ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ Australian Open ជា​លើកដំបូង ដោយ​កន្លងមក​ធ្លាប់បាន​លេខ​២ French Open ២​លើក និង Wimbledon ២​លើក​ដូចគ្នា​។​


 
​នេះ​ជាការ​ទទួលបាន​ពាន Grand Slam ជា​លើក​ទី​៤​របស់​កីឡាការិនី​ជប៉ុន​អាយុ​២៣​ឆ្នាំ ដោយបាន​ឈ្នះ Australian Open លើកដំបូង​នៅ​ទីលាន Melbourne Park ដដែល កាលពី​ឆ្នាំ​២០១៩ និង​ឈ្នះ US Open នៅ​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០២០​។ 
 
Osaka ក្លាយជា​កីឡាការិនី​ដំបូង​ដែល​បានឈ្នះ​ការប្រកួត​នា​ការ​បង្ហាញខ្លួន​លើកដំបូង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Grand Slam រហូតដល់​ទៅ​៤​លើក បើ​គិត​ចាប់តាំងពី​ការសម្រេចបាន​របស់​កីឡាការិនី​យូ​ហ្គោ​ស្លា​វី Monica Seles កាលពី​ឆ្នាំ​១៩៩១​។ 
​ជោគជ័យ​នេះ នឹង​នាំ​ឲ្យ Osaka ឡើងទៅ​កាន់​ចំណាត់ថ្នាក់​លេខ​២​ពិភពលោក ខណៈ​បច្ចុប្បន្ន នាង​ស្ថិតនៅ​លេខ​៣ បន្ទាប់ពី​កីឡាការិនី​អូស្ត្រាលី Ashleigh Barty និង​កីឡាការិនី​រូ​ម៉ា​នី Simona Halep តែ​នាំមុខ​កីឡាការិនី​អាមេរិក Sofia Kenin និង​កីឡាការិនី​អ៊ុយ​ក្រែ​ន Elina Svitolina៕

Tag:
 វាយ​កូន​បាល់​
  Grand Slam
  Australian Open
© រក្សាសិទ្ធិដោយ thmeythmey.com