ជាតិ
សហគមន៍កសិកម្មសាមគ្គីតំបែរ សិក្សាលទ្ធភាពច្នៃស្វាយកែវរមៀតធ្វើជាដំណាប់ ស្រា និងទឹកខ្មេះ 21, Feb 2021 , 10:29 pm
សកម្មភាពកសិករក្នុងសហគមន៍កសិកម្មសាមគ្គីតំបែរកំពុងប្រមូលផលស្វាយ(រូបពីហ្វេសប៊ុកសហគមន៍សាមគ្គីតំបែរ)
× សហគមន៍កសិកម្មសាមគ្គីតំបែរ ខេត្តត្បូងឃ្មុំ កំពុងសិក្សាពីលទ្ធភាព កែច្នៃស្វាយកែវរមៀត ជាដំណាប់ ស្រា និងទឹកខ្មេះ។ លោក អុំ សុភា ប្រធានសហគមន៍កសិកម្មសាមគ្គីតំបែរ បានពន្យល់ប្រាប់ ThmeyThmey25 តាមទូរសព្ទថា មូលហេតុដែលសហគមន៍កសិកម្មឲ្យកែច្នៃស្វាយ ដោយសារតែកន្លងមក ទិន្នផលស្វាយដែលកសិករប្រមូលបានលក់បានតម្លៃទាប ហើយស្វាយប្រមាណ ១០ភាគរយ ត្រូវចោលរៀងរាល់ឆ្នាំដោយសារមិនមានអ្នកទិញ។
បើតាមលោក អុំ សុភា សហគមន៍កសិកម្មសាមគ្គីតំបែរ មានផ្ទៃដីដាំស្វាយកែវរមៀត ប្រមាណ ១២៤ ហិកតា ស្មើនឹងប្រមាណ៣ម៉ឺនដើម ដែលអាចផ្តល់ទិន្នផលស្វាយប្រមាណ ៣ ៧២០តោនសម្រាប់ស្វាយខ្ចប់ និងប្រមាណ២ពាន់តោន សម្រាប់ស្វាយខៀវ។
លោកប្រធានសហគមន៍បានប្រាប់ថា ដ្បិតសហគមន៍បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនទិញស្វាយ តែក្រុមហ៊ុនទទួលទិញតែស្វាយលេខមួយប៉ុណ្ណោះ។ លោកបានពន្យល់យ៉ាងដូច្នេះ៖« ឲ្យតែដល់រដូវប្រមូលផលស្វាយ សហគមន៍អាចលក់បានតែស្វាយខ្ចប់ប៉ុណ្ណោះ សម្រាប់ស្វាយខៀវមានតម្លៃទាបណាស់ ហើយពេលខ្លះមិនមានអ្នកទិញផង។ យ៉ាងហោចស្វាយ ១០ភាគរយ ត្រូវបានបោះចោល ដូច្នេះវាជាវត្ថុធាតុដើម ដែលសហគមន៍គិតថាអាចកែច្នៃ ជាដំណាប់ ស្រា ទឹកខ្មេះ និងអ្វីផ្សេងទៀត»។
រូបពីហ្វេសប៊ុកសហគមន៍សាមគ្គីតំបែរ
ប្រធានសហគមន៍រូបនេះបានប្រាប់ThmeyThmey25ថា៖«បច្ចុប្បន្ន ស្វាយកែវរមៀតខ្ចប់ ដែលសហគមន៍ចុះកុងត្រា ជាមួយក្រុមហ៊ុន អាចលក់ក្នុងតម្លៃ ១ ២០០-១ ៥០០រៀល ក្នុងមួយគីឡូក្រាម។ ចំណែកស្វាយខៀវ អាចលក់បានត្រឹមតម្លៃ ៣០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ហើយពេលខ្លះក៏មិនមានអ្នកទិញផង»។
ដោយមើលឃើញបញ្ហានេះ សហគមន៍កសិកម្មសាមគ្គីតំបែរ បានដាក់សំណើជូនទៅក្រសួងកសិកម្ម ដើម្បីឲ្យជួយផ្ដល់នូវធនធានបច្ចេកទេស និងសម្ភារមកដល់សហគមន៍ផងដែរ។ ទន្ទឹមនឹងនោះ លោក អុំ សុភា ក៏បានលើកទឹកចិត្ត ឲ្យកសិករដាំស្វាយផ្សេងទៀតចូលជាសមាជិកសហគមន៍ សាមគ្គីតំបែរឲ្យបានច្រើន ដើម្បីដោះស្រាយបញ្ហាតម្លៃស្វាយនេះ ខណៈបច្ចុប្បន្នសហគមន៍កសិកម្មសាមគ្គីតំបែរ មានសមាជិក ៧០នាក់ប៉ុណ្ណោះ៕
ស្វាយកែវរមៀតក្នុងសហគមន៍សាមគ្គីតំបែរ(រូបពីហ្វេសប៊ុកសហគមន៍កសិកម្មសាមគ្គីតំបែរ)
Tag:
អ៊ សុភា
ស្វាយកែវរមៀត
ត្បូងឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com