ជាតិ
សេដ្ឋកិច្ច
អ្នក​ចិញ្ចឹម «​ត្រី​ឆ្តោ​»​ប្រឈម​ខាត​ខ្លាំង ដោយសារ​ឈ្មួញ​នៅតែ​បញ្ជា​ទិញ​ត្រី​ពី​វៀតណាម​
21, Feb 2021 , 6:59 pm        
រូបភាព
រូបតំណាងពីសមាគមវារីវប្បករកម្ពុជា
រូបតំណាងពីសមាគមវារីវប្បករកម្ពុជា
​ភ្នំពេញ​៖ ពលរដ្ឋ​ដែល​ប្រកប​របរ​ចិញ្ចឹម​ត្រី​ស្ទើ​តែ​ប្រភេទ ពិសេស​អ្នក​ត្រី​«​ឆ្តោ​» កំពុង​ប្រឈម​ការខាតបង់​ជាខ្លាំង​ព្រោះតែ​គ្មាន​ទីផ្សារ​។ បច្ចុប្បន្ន ត្រី​«​ឆ្តោ​»​ចាប់​ចេញពី​ស្រះ​មានតម្លៃ​ត្រឹម​១​ម៉ឺន​៧​រយ​រៀល​ប៉ុណ្ណោះ ហើយ​ថែមទាំង​លក់មិនចេញ​ទៀត ព្រោះតែ​ឈ្មួញ​មិន​ព្រម​ទិញ​ត្រី​ពី​ពលរដ្ឋ​ចិញ្ចឹម​ក្នុងស្រុក បែរជា​នាំចូល​ត្រី​របស់​វៀតណាម មក​ផ្គត់ផ្គង់​លើ​ទីផ្សារ​ខ្មែរ​ទៅវិញ​។ វា​រី​វប្បករ​ដែល​ចិញ្ចឹម​ត្រី​ឆ្តោ ជាច្រើន​បាន​ខ្ចីប្រាក់​ពី​ស្ថាប័ន​ហិ​រញ្ញា​វត្ថុ​នានា សម្រាប់​ប្រកបមុខរបរ​មួយ​នេះ​។

អត្ថបទទាក់ទង

 
​កសិករ​នីមួយៗ​ដែល​ចិញ្ចឹម​ត្រី​ឆ្តោ បាន​ចំណាយពេល​យ៉ាងហោចណាស់​៨​ខែ ក្នុងការ​ថែទាំ និង​ផ្តល់​ចំណី ឱ្យបាន​គ្រប់គ្រាន់​សម្រាប់​លក់​នៅលើ​ទីផ្សារ​។ «​ខ្ញុំ​មិនដែល​ជួប​បញ្ហា​ទីផ្សារ និង​ខាត​ខ្លាំង​ដូច​ឆ្នាំនេះ​ទេ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ម៉េ​ត គ​ន្ធា អ្នក​ចិញ្ចឹម​ត្រី​អស់​រយៈពេល​ជិត​៧​ឆ្នាំ​មកហើយ នៅ​ភូមិ​ច្រនៀង ឃុំ​កំពង់​ឃ្លាំង ស្រក​សូទ្រនិគម ខេត្តសៀមរាប​។ 
 
​ត្រី​ឆ្តោ​ដែលមាន​នៅក្នុង​ស្រះ​ប្រមាណ​៣០​តោន របស់លោក គ​ន្ធា បើ​មាន​ឈ្មួញ​មក​ទិញ​ក្នុងតម្លៃ​ខ្ពស់បំផុត​១​ម៉ឺន​៨​រៀល​ក្នុង​មួយ​គីឡូក្រាម គឺ​ខាត​យ៉ាងហោចណាស់​ជាង​១​ម៉ឺន​ដុល្លារ​។ «​ត្រី​នេះ លក់បាន​មួយ​គីឡូ​១​ម៉ឺន​២​ពាន់​រៀល បាន​អាច​រួចខ្លួន ឬ​រួច​ដើម​»​។ លោក​បន្ត​និយាយប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​៖«​ឆ្នាំនេះ ចំណី​ត្រី​[​កូន​ត្រី​ឬ ត្រី​នុយ​] សម្រាប់​ឱ្យ​ត្រី​ឆ្តោ​ស៊ី ថ្លៃ​ជាង​រាល់​ឆ្នាំ ប៉ុន្តែ​ត្រី​ដែល​យើង​ចិញ្ចឹម​បាន​ផល​បែរ​ជាមាន​តម្លៃថោក​ខ្លាំង​ទៅវិញ  ហើយ​ថែមទៀត​គ្មាន​អ្នក​មក​ទិញ​ទៀត​»​។​
 
 
 
​បច្ចុប្បន្ន​កូន​ត្រី​តូចៗ ដែល​គេ​ហៅថា​ត្រី​នុយ​សម្រាប់​ធ្វើជា​ចំណី​ត្រី​ឆ្តោ​មានតម្លៃ​ជាង​២​ពាន់​រៀល បើ​ធៀប​នឹង​ពី​ឆ្នាំមុន​មានតម្លៃ​ត្រឹម​១​ពាន់​រៀល ឬ​លើស​តិចតួច​ប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម​។ វា​រី​វប្បករ​រូបនេះ បន្ថែមថា សម្រាប់​ដើមទុន​នៃ​ការចិញ្ចឹម​ត្រី​នេះ គឺ​លោក​បាន​ខ្ចី​ពី​ធន​គារ ដោយ​បច្ចុប្បន្ន​ទំហំ​ការប្រាក់​កើន​ជិត​១​ម៉ឺន​ដុល្លារ​ហើយ ខណៈ​វា​រី​វប្បករ តាន់ កូ​ឈិន ក៏​កំពុង​ជាប់បំណុល​ធនាគារ​១​ម៉ឺន​ដុល្លារ ក្នុងការ​ចិញ្ចឹម​ត្រី​ឆ្តោ ផងដែរ​។ 
 
«​ត្រី​ឆ្តោ​មួយ​គីឡូ បើ​លក់បាន​តម្លៃ​១​ម៉ឺន​២​ពាន់​រៀល​អី យើង​បាន​រួចខ្លួន ឬ​ចំណេញ​តែ​តិច​ទេ ប៉ុន្តែ​យើង​ខ្ចីលុយ​ការ​គេ​មក​ចិញ្ចឹម​នោះ គឺ​មិន​ចំណេញ​ទេ​! ឱ្យតែបាន​រួចខ្លួន​ក៏​ខ្ញុំ​អរ​ដែរ​»​។ អ្នកស្រី​តាន់ កូ​ឈិន បន្ត រៀបរាប់​ដូច្នេះ​៖« សព្វថ្ងៃនេះ បើ​មាន​ឈ្មួញ​មក​ចាប់​ត្រី​ខ្ញុំ​តម្លៃ​តែ​១​ម៉ឺន​៧០០​រៀល​ក្នុង​មួយ​គីឡូក្រាម ក៏​ខ្ញុំ​លក់​ដែរ​។ តម្លៃថោក​ប៉ុណ្ណោះ​ហ្នឹងហើយ នៅ​គ្មាន​អ្នក​មក​ចាប់​ទៀត​! ឈ្មួញ​ទៅ​ទិញ​ត្រី​វៀតណាម​អស់ហើយ​»​។ 
 
​ជាង​១០​ឆ្នាំ​មកហើយ ដែល​អ្នកស្រី កូ​ឈិន ប្រកបមុខរបរ​ចិញ្ចឹម​ត្រី​ឆ្តោ​នៅ​ភូមិ​ច្រនៀង ឃុំ​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម ខេត្តសៀមរាប សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ ដោយមាន​ឆ្នាំ​ខ្លះ​ក៏​ទទួលបាន​ប្រាក់ចំណេញ​, ឆ្នាំ​ខ្លះទៀត​នោះ ក៏​ខាត​ទាំង​ដើម​ទាំង​ចុង​។ ចំពោះ​ការចិញ្ចឹម​ត្រី​របស់​វា​រី​វប្បករ​វ័យ​៣៨​ឆ្នាំ​រូបនេះ  ចាប់ពី​ពាក់កណ្តាល​ឆ្នាំ​២០២០​មកដល់​បច្ចុប្បន្ន​នៃ​វិបត្តិ​កូ​វីដ​-១៩​នេះ  ក៏​ប្រឈម​ខ្លាំង​នៃ​ការ​ខាត​ថវិកា និង​ពេលវេលា​ផងដែរ​។​
 
​ការបង់​ថវិកា​និង​ពេលវេលា​ជាច្រើន​នៃ​ការ​ចិ​ញ្ចឹ​ត្រី ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំនេះ អ្នកស្រី កូ​ឈិន ក៏មាន​គំនិត​ចង់​បោះបង់​មុខរបរ​នេះ​ចោល​។ អ្នកស្រី​បាន​និយាយ​ដូច្នេះ​៖«​ទៅ​ថ្ងៃមុខ ខ្ញុំបោះបង់​មុខរបរ​នេះ​ចោល​ហើយ ដោយ​ខ្ញុំ​កាត់បន្ថយ​ទំហំ​ការចិញ្ចឹម​ត្រី​ម្តង​តិចៗ ដើម្បី​ឈប់​ចិញ្ចឹម​តែម្តង​»​។ 
 
 
 
​បើតាម​លោក សុខ រ៉ា​ដែន ប្រធាន​សមាគម​វ​វា​រី​វប្បករ​កម្ពុជា បច្ចុប្បន្ន​មិនមែន​តែ​ពលរដ្ឋ​ចិញ្ចឹម​ត្រី​ឆ្តោ ដែល​ខាត​និង​ជំពាក់​បំណុល​គេ​នោះទេ គឺ​ពលរដ្ឋ​ឬ​វា​រី​វប្បករ​ចិញ្ចឹម​ត្រី​ស្ទើ​ទាំងអស់​នៅ​កម្ពុជា កំពុង​ជួប​ឬ​ប្រឈម​បញ្ហា​នេះ ព្រោះតែ​ឈ្មួញ​ធំៗ​នាំគ្នា​ទៅ​នាំចូល​ត្រី​ពី​ប្រទេស​វៀតណាម​។ 
 
​លោក​បញ្ជាក់ថា​៖« ត្រី​ឆ្តោ​ដែល​ដឹក​ពី​វៀតណាម​ដឹក​ដល់​ផ្សារ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ គឺមាន​តម្លៃ​បោះ​ដុំ​មិន​ដល់​១​ម៉ឺន​រៀល​ទេ ក្នុង​មួយ​គីឡូក្រាម​។ អ៊ីចឹង​! គ្មាន​ឈ្មួញ​ឯណា​មក​ទិញ​ត្រី​របស់​វា​រី​វប្បករ​យើង​ទេ​! ទោះជា​យើង​ខំ​អំពាវនាវ​ឱ្យជួយ​ទិញ​ត្រី​ពី ពលរដ្ឋ​យើង​ដែល​ចិញ្ចឹម​បានឱ្យ​អស់​សិន ចាំ​បន្ត​ការនាំ​ចូល​ត្រី​ពី​វៀតណាម ក៏​ឈ្មួញ​ធំៗ​ទាំងនោះ​មិន​ព្រម​ទិញ ដោយ​លើក​ហេតុផល​មិនចេះចប់​»​។  
 
​ក្នុងនាម​ជា​ប្រធាន​សមាគម​វ​វា​រី​វប្បករ​កម្ពុជា លោក សុខ រ៉ា​ដែន នៅ​បន្ត​ស្នើ​សុំឱ្យ​ក្រុមអាជីវករ ឬ​ឈ្មួញ​ទាំងអស់​ឱ្យជួយ​ទិញ​ត្រី​របស់​វា​រី​វប្បករ​នៅក្នុង​ស្រុក ពិសេស​គឺ​ជួយ​សម្របសម្រួល​ទិញ​ត្រី​ខ្នាត​ធំ​ដែល​កំពុង​កកស្ទះ នៅតាម​ស្រះ​នីមួយៗ​។ 
 
​បច្ចុប្បន្ន​សមាគម​វ​វា​រី​វប្បករ​កម្ពុជា កំពុង​បង្កើន​ការយកចិត្តទុកដាក់​ក្នុងការ​ភ្ញាស់​កូន​ត្រី​ក្នុងស្រុក​បន្ថែម ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ក្នុងស្រុក ខណៈ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កំពុង​សិក្សា​ជាមួយ​អ្នកជំនាញ​នៅ​ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អំពី​លទ្ធភាព​ធ្វើឱ្យ​ខ្សែ​ច្រវាក់​ផ្នែក​វា​រី​វប្បករ​ទាប ដើម្បី​អាច​ប្រកួតប្រជែង​ជាមួយនឹង​ការនាំ​ចូល​ពី​វៀតណាម​។ 
 
​កន្លងមក ដើម្បី​ដោះ​ស្រោ​យ​បញ្ហា​កកស្ទះ​ត្រី​របស់​វា​រី​វប្បករ ក្រសួងកសិកម្ម​បាន​ផ្អាក​ការនាំ​ចូល​ត្រី​អណ្តែង ត្រី​ប្រា ត្រី​ពោ និង​ត្រី​ឆ្តោ ពី​ប្រទេស​វៀតណាម បាន​ក្នុង​រយៈពេល​មួយខែ រហូតដល់​ថ្ងៃទី​៨​កុម្ភៈ ឆ្នាំ​២០២១ បា​នស​ក្រសួង​សម្រេច​អនុញ្ញាតឱ្យ​នាំចូល​ត្រី​ទាំង​៤​ប្រភេទ​នោះ ពី​វៀតណាម​វិញ​រហូតដល់​សព្វថ្ងៃនេះ​។ 
 
​ក្រសួងកសិកម្ម​អះអាងថា ការអនុញ្ញាតឱ្យ​មានកា​រ​នាំចូល​ត្រី​ពី​វៀតណាម​នេះ គឺត្រូវធ្វើ​ឡើង​ស្របតាម​តម្រូវការ​ជាក់ស្តែង​នៅក្នុង​ស្រុក ដោយ​អនុលោម​តាមច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​៕ 
 
 
 

Tag:
 ត្រី​ឆ្តោ​
  វារីវប្បកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com