COVID-19
ជាតិ
សង្គមជាតិ
សាលាចំនួន៧នៅភ្នំពេញ និងខេត្តកណ្តាលត្រូវផ្អាកដោយសារពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ
22, Feb 2021 , 10:28 am        
រូបភាព
ដោយ:
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈនេះ សាលារៀនចំនួន៧ហើយដែលក្រសួងអប់រំ យុវជន និងកីឡាប្រកាសឲ្យផ្អាកជាបណ្តោះអាសន្ន ក្រោយពីសាលារៀនទាំងនោះជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។ សាលារៀនទាំងនោះមានសាលាឯកជនចំនួន២ និងរដ្ឋចំនួន៥ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។
 
កាលពីថ្ងៃទី២១ ខែកុម្ភៈ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាឲ្យបិទសាលារៀនចំនួន២ ក្នុងនោះជាវិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មី និងសាលាអន្តរជាតិអេស អាយ អេស សាខាឡាក់គីស្តារ ដើម្បីឲ្យមន្ត្រីជំនាញសុខាភិបាលប្រមូលសំណាកសម្រាប់អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។
 
រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ លោករដ្ឋមន្ត្រីក្រសួងអប់រំ ក៏បន្តប្រកាសបិទសាលារៀនចំនួន៥ទៀត ដោយមានដូចជាអនុវិទ្យាល័យឬស្សីជ្រោយ សាលាបឋមសិក្សា ហ៊ុន សែន ឬស្សីជ្រោយ ស្រុកស្អាង អនុវិទ្យាល័យឬស្សីស្រុក ស្រុកកៀនស្វាយ ខេត្តកណ្តាល, សាលាបឋមសិក្សាកូលាបទី១ និងសាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ រាជធានីភ្នំពេញ។ 
 
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល  បានអំពាវនាវដល់បុគ្គលិកអប់រំ មាតាបិតា អាណាព្យាបាលសិស្ស និងសិស្សានុសិស្សទាំងអស់ដែលសិក្សានៅសាលារៀនខាងលើនេះទៅធ្វើតេស្តរកជំងឺកូវីដ-១៩ ត្រូវតាមដានសុខភាពផ្ទាល់ខ្លួន។ ក្នុងករណីសង្ស័យរាគសញ្ញាអ្វីមួយត្រូវទាក់ទងទៅមន្ត្រីសុខាភិបាល។ 
 
ក្រោយពីសាលារៀនទាំងនោះត្រូវបានផ្អាក ក្នុងចំណោមសាលារៀនទាំងអស់នោះ គឺមានសាលារៀនមួយចំនួនបានប្រកាសឲ្យសិស្សានុសិស្សដែលសិក្សានៅសាលារៀនខាងលើនេះគឺត្រូវបន្តការសិក្សាតាមអនឡាញវិញ។ 
 
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមតេឡេក្រាមថា ចំពោះសាលារៀនផ្សេងទៀតដែលសង្ស័យថាមានអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភ: គឺត្រូវរាយការណ៍ជូនមន្ទីរអប់រំ យុវជន និងកីឡា ដើម្បីជូនដំណឹងដល់ក្រសួងអប់រំ យុវជន និងកីឡាសម្រាប់ពិនិត្យនិងសម្រេចលើករណីដំណើរការសាលារៀន និងវិធានការពាក់ព័ន្ធផ្សេងៗ។
 
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប៥៦៩នាក់ ដោយ៤៧៥នាក់បានជាសះស្បើយ។ អ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គឺកើនឡើងដល់៧៦នាក់ហើយ៕ 
 
 
 
 
 

Tag:
 សាលារៀន
© រក្សាសិទ្ធិដោយ thmeythmey.com