អន្តរជាតិ
ក្រុមបាតុករមីយ៉ាន់ម៉ា អំពាវនាវឱ្យប្រជាជនចូលរួមឱ្យបានច្រើន ទោះមានការគំរាមពីយោធា
22, Feb 2021 , 10:41 am        
រូបភាព
រូបថត AFP
រូបថត AFP
ក្រុមបាតុករមីយ៉ាន់ម៉ា បានអំពាវនាវឱ្យប្រជាជនចូលរួមការតវ៉ាឱ្យកាន់តែច្រើនបន្ថែមទៀត នៅថ្ងៃទី២២ ខែកុម្ភៈ ដើម្បីដាក់សម្ពាធលើក្រុមយោធា ដែលបានធ្វើរដ្ឋប្រហារលើរដ្ឋាភិបាលស៊ីវិល នៅ៣សប្តាហ៍មុន។ ស្របគ្នានោះ សារព័ត៌មានរដ្ឋមីយ៉ាន់ម៉ា ក៏ចេញការព្រមានពីផលវិបាក។ បាតុកម្មនៅក្នុងថ្ងៃទី២២ ខែកុម្ភៈ អាចនឹងមានចំនួនច្រើន ដោយក្រុមបាតុករបានចាត់ទុកថ្ងៃនេះជាថ្ងៃពិសេស។
 

 
 
ចលនាបាតុកម្មនៅមីយ៉ាន់ម៉ា កាន់តែពុះកញ្រ្ជោលឡើងខ្លាំង បន្ទាប់ពីបាតុករយ៉ាងហោចណាស់ ៣នាក់ បានស្លាប់នៅក្នុងបាតុកម្មទាមទារក្រុមយោធាប្រគល់អំណាចឱ្យរដ្ឋាភិបាលស៊ីវិល និងដោះលែងលោកស្រី អ៊ុងសាន ស៊ូជី។ ក្រុមអ្នកតវ៉ា បានអំពាវនាវប្រជាជននៅក្នុងប្រទេស ចេញមកធ្វើបាតុកម្មនៅថ្ងៃទី២២ ខែកុម្ភៈ ឱ្យកាន់តែច្រើនជាងមុន។ 
 
ថ្ងៃទី២២ ខែកុម្ភៈនេះ (២២ ២ ២០២១) ក្រុមបាតុករមីយ៉ាន់ម៉ា បានចាត់ទុកថា «បដិវត្តន៍២ចំនួន៥ដង»។ តាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកThe Irrawaddy  ម្ចាស់អាជីវកម្មជាច្រើន បានផ្អាកមុខជំនួញរបស់ខ្លួន ដើម្បីចូលរួមក្នុងចលនាបាតុកម្មនៅទូទាំងប្រទេស។ ប្រសិនបាតុកម្មទ្រង់ទ្រាយធំបែបនេះ អាចកើតឡើងមែន វាត្រូវបានចាត់ទុកថា គឺជាការប៉ះបោរលើកទីពីរ នៅក្នុងប្រវត្ថិសាស្រ្តមីយ៉ាន់ម់ា ដែលធ្លាប់កើតឡើងម្តងនៅក្នុងថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៨៨ ដោយប្រជាជនប្រឆាំងនឹងក្រុមយោធា ជុំវិញវិបត្តិសេដ្ឋកិច្ចកាលឆ្នាំនោះ។
 
ទាក់ទិននឹងបញ្ហានេះ របបសឹកមីយ៉ាន់ម៉ា បានព្រមានមុនមួយថ្ងៃថា ខ្លួនបានរកឃើញបាតុករជាច្រើនញុះញង់ឱ្យប្រជាជន ជាពិសេសយុវជន ចូលរួមក្នុងបាតុកម្ម ដែលអាចប្រឈមនឹងការបាតុបង់ជីវិត។ ទន្ទឹមនេះ ក្រុមយោធា ក៏បានបន្ទោសក្រុមបាតុករផងដែរ ជុំវិញការបង្កអំពើហិង្សានៅកន្លែងបាតុកម្ម ដែលទាមទារឱ្យក្រុមប៉ូលិសត្រូវតែបង្រ្កាបសកម្មភាពហិង្សាទាំងនោះ។ 
 
ក្រៅពីសេចក្តីប្រកាសខាងលើ រដ្ឋបាលតំបន់ ដូចជាក្រុងយ៉ាំងហ្គោន ក៏បានអំពាវនាវឱ្យប្រជាជនកុំចូលរួមបាតុកម្មផងដែរ និងត្រូវគោរពបម្រាមការជួបជុំមិនឱ្យលើសពី ៥នាក់ ដែលដាក់អនុវត្តក្នុងពេលកន្លងមក។ 
 
ប្រសិនបើគ្មានការប្រែប្រួលទេ ក្រុមប្រឹក្សាកិច្ចការបរទេសរបស់សហភាពអឺរ៉ុប នឹងបើកកិច្ចប្រជុំមួយនៅថ្ងៃទី២២ ខែកុម្ភៈ ដោយពិភាក្សាលើវិធានការដាក់ទណ្ឌកម្មលើរបបសឹកមីយ៉ាន់ម៉ា៕
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com