COVID-19
ជាតិ
ក្រសួង អំពាវនាវឲ្យអាណាព្យាបាល «គ្រប់គ្រងគ្រួសារឲ្យបានល្អ» ខណៈកូវីដ ឆ្លងចូលសហគមន៍ជាថ្មី
22, Feb 2021 , 12:10 pm        
រូបភាព
ក្មេងៗ កំពុងមើលទូរទស្សន៍ក្រោមផ្ទះ ក្នុងភូមិមួយនៅខេត្តសៀមរាប។ រូប ថតដោយទីភ្នាក់ងារសារព័ត៌មាន AFP កាលខែតុលា ឆ្នាំ២០២០។
ក្មេងៗ កំពុងមើលទូរទស្សន៍ក្រោមផ្ទះ ក្នុងភូមិមួយនៅខេត្តសៀមរាប។ រូប ថតដោយទីភ្នាក់ងារសារព័ត៌មាន AFP កាលខែតុលា ឆ្នាំ២០២០។
ក្រសួងសុខាភិបាលកម្ពុជា អំពាវនាវទៅកាន់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញនិងខេត្តកណ្តាល «ឲ្យប្រុងប្រយ័ត្នខ្ពស់ជានិច្ច ហើយត្រូវគ្រប់គ្រងគ្រួសារឲ្យបានល្អ» ដើម្បីចៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ខណៈជំងឺរាតត្បាតនេះ បានឆ្លងចូលសហគមន៍សាជាថ្មី ដែលនាយករដ្ឋមន្រ្តី សន្មតហៅថា ព្រឹត្តិការណ៍២០កុម្ភៈ។ ការអំពាវនាវរបស់ក្រសួងសុខាភិបាល ធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានប្រចាំថ្ងៃស្តីពីស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ។


តាមរយៈសេចក្តីប្រកាសព័ត៌មាន ក្រសួងសុខាភិបាល ថែមទាំងអំពាវនាវកុំឲ្យប្រជាពលរដ្ឋ ចេញពីផ្ទះ បើមិនបាច់។ ក្រសួងសុខាភិបាល មិនត្រឹមតែប្រាប់ប្រជាពលរដ្ឋ ឲ្យប្រយ័ត្ននឹងវីរុសកូវីដ-១៩ទេ តែក៏ប្រាប់ឲ្យប្រយ័ត្ននឹងវីរុសកូវីដ-១៩ បំលែងថ្មីដែរ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល ណែនាំប្រជាពលរដ្ឋជាអាណាព្យាបាល ឲ្យមើលការខុសត្រូវកូនចៅឲ្យបានល្អ ក្នុងពេលដែលសកម្មភាពនៃការស្វែងរកអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈកំពុងសកម្មខ្លាំង។

ក្រសួងសុខាភិបាល អំពាវនាវថា៖«សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ សហការ សមគ្គីគ្នា ជួយគ្នាទៅវិញទៅមក និង ចូលរួមអនុវត្តដោយម៉ឺងម៉ាត់នូវវិធានការសុខាភិបាល»។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាត់ទុកសភាពការណ៍នៃព្រឹត្តិការណ៍២០កុម្ភៈ ថាមិនមែនធម្មតានោះទេ។ តាមរយៈសារជាសំឡេងដែលត្រូវបានគេចែករំលែកតគ្នាលើបណ្តាញសង្គម ប្រមុខរដ្ឋាភិបាល និយាយទៅកាន់មន្រ្តីពាក់ព័ន្ធថា៖«យើង ត្រូវប្រុងប្រៀបដើរមុនមួយជំហាន គ្រប់គ្រងសភាពការណ៍ហ្នឹង»។

មានទីតាំងជាង២០ហើយ ត្រូវរកឃើញថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ ហើយទីតាំងទាំងនោះ ត្រូវអាជ្ញាធរ សម្រេចបិទជាបណ្តោះអាសន្ន។ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ចូលទៅទីតាំងទាំងនោះ ចាប់ពីថ្ងៃទី៦ ខែកុម្ភៈមក និងប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ ឲ្យទៅធ្វើតេស្តរកវីរុសកូវីដ-១៩ និងធ្វើចត្តាឡីស័ក។

ក្រសួងសុខាភិបាល វាយតម្លៃថា ព្រឹត្តិការណ៍២០កុម្ភៈ មានលក្ខណៈរាលដាលធំនិងស្មុគស្មាញជាងព្រឹត្តិការណ៍លើកមុនទៅទៀត គឺព្រឹត្តិការណ៍២៨វិច្ឆិកា។ ព្រឹត្តិការណ៍២០កុម្ភៈ គឺសំដៅដល់ការរកឃើញជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ហើយត្រូវប្រមុខរដ្ឋាភិបាល ប្រកាសប្រាប់ប្រជាពលរដ្ឋពីព្រឹត្តិការណ៍នេះ នៅថ្ងៃទី២០ ខែកុម្ភៈ។ ចំណែកព្រឹត្តិការណ៍២៨វិច្ឆិកា គឺសំដៅដល់ការរកឃើញជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។ ព្រឹត្តិការណ៍ទាំង២នេះ សុទ្ធតែផ្ទុះចេញពីរាជធានីភ្នំពេញ។

គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ៥៦៨នាក់ ដោយក្នុងនោះបានជាសះស្បើយវិញ៤៧៥នាក់ ខណៈ៩៣នាក់កំពុងសម្រាកព្យាបាល។ ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ ទាំង៩៣នាក់ ដែលកំពុងសម្រាកព្យាបាល មាន៧៦នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។

ក្រសុខាភិបាល មិនភ្លេចឡើយក្នុងការក្រើនរម្លឹកប្រជាពលរដ្ឋ ឲ្យបន្តអនុវត្តពាក្យស្លោក ៣ការពារ និង៣កុំ។ ៣ការពារ គឺពាក់ម៉ាស់ លាងដៃ និង រក្សាគម្លាតសុវត្ថិភាព ហើយ៣កុំ គឺកុំទៅកន្លែងដែលមានមនុស្សច្រើន កុំទៅកន្លែងដែលបិទជិតគ្មានខ្យល់ចេញចូលនិងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក និង កុំប៉ះគ្នា ដូចជា ចាប់ដៃ កៀកស្មា ឱប ជាដើម៕

Tag:
 COVID-19
  ព្រឹត្តិការណ៍២០កុម្ភៈ
© រក្សាសិទ្ធិដោយ thmeythmey.com