ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជួយ​ចែករំលែក​! ព្រឹក​ឡើង​ទទួលទាន​កាហ្វេ​ទាំង​មិនទាន់​ញ៊ាំ​អាហារ ប្រយ័ត្ន​ជួប​បញ្ហា​ទាំងនេះ​
06, Aug 2022 , 6:59 am        
រូបភាព
​ការ​ទទួលទាន​កាហ្វេ​ភ្លាមៗ​បន្ទាប់ពី​ក្រោក​ពី​គេង ឬ​មិនទាន់​ទទួលទាន​អ្វី​សោះ​អាច​បង្ក​ផល​អាក្រក់​ច្រើនជាង​ល្អ​។ វេជ្ជបណ្ឌិត​ជាច្រើន​បានឱ្យដឹងថា ពេលវេលា​ល្អ​បំផុត​ដើម្បី​ទទួលទាន​កាហ្វេ គឺ​ចន្លោះ​ម៉ោង ៩​ៈ​៣០ នាទី​ព្រឹក និង​ម៉ោង ១១​ៈ​៣០ នាទី​ព្រឹក​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​អ្នក​មិនគួរ​ទទួលទាន​កាហ្វេ​នៅពេល​ពោះ​ទទេរ ៖
 
១. អ្នក​អាចមាន​អារម្មណ៍​ងងុយគេង​ជាង​មុន​
 
​កាហ្វេ គឺជា​ភេសជ្ជៈ​ដែល​អាចជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ស្វាង ប៉ុន្តែ​ការទទួល​ទាន​វា​ភ្លាមៗ​បន្ទាប់ពី​ក្រោក​ពី​គេង​អាច​ផ្ដល់​ឥទ្ធិពល​ផ្ទុយ​មកវិញ​។ កាហ្វេ​អ៊ី​ន​អាច​បង្កើន​កម្រិត​នៃ​អ័រម៉ូន​ស្ត្រេ​ស​និង​បង្កបញ្ហា​ពាក់ព័ន្ធ​ជាមួយ​ការ​គេង​ដែលជា​លទ្ធផល​នៃ​អាកា​រៈ​អស់កម្លាំង​។ ប្រសិនបើ​អ្នក​ចាប់ផ្ដើម​ថ្ងៃ​ថ្មី​ដោយ​ការ​ទទួលទាន​កាហ្វេ cappuccino ដាក់​ស្ករ ១​ពែង អ្នក​អាចមាន​អារម្មណ៍​ងងុយគេង​ម្ដងទៀត​ក្រោយ​កំឡុងពេល​ខ្លី​មួយ​។ វា​កើតឡើង​ដោយសារ​រាងកាយ​ផលិត​អាំង​ស៊ុយ​លីន​ដើម្បី​ទូទាត់​កម្រិត​នៃ​ជាតិ​ស្ករ​បណ្ដាលឱ្យ​កម្រិត​នៃ​គ្លុយកូស​ក្នុង​ឈាម​ធ្លាក់ចុះ ជា​លទ្ធផល​នៃ​កង្វះ​ថាមពល​និង​ថប់​បារម្ភ​។​
 
២. រាងកាយ​អាច​បាត់បង់​ជាតិ​រ៉ែ​ចាំបាច់​យ៉ាង​ឆាប់រហ័ស​
 
​ការ​ទទួលទាន​កាហ្វេ​ជាប្រចាំ​នាពេល​ព្រឹក​ព្រលឹម​អាច​បណ្ដាលឱ្យ​រាងកាយ​បាត់បង់​ជាតិ​រ៉ែ​និង​វីតាមីន​សំខាន់ៗ​ជាច្រើន​។ វា​អាច​ជះ​ផលប៉ះពាល់​ដល់​ការ​ស្រូប​យកជាតិ​ដែក ម៉ាញ៉េ​ស្យូ​ម និង​វីតាមីន​ក្រុម B ដែល​ចាំបាច់​សម្រាប់​ប្រព័ន្ធ​ស​សៃ​ប្រសាទ​។ កាហ្វេ​អ៊ី​ន​ច្រើនពេក​ក៏​មិនល្អ​ដល់​កម្រិត​នៃ​ជាតិ​កាល់ស្យូម​ក្នុង​ឆ្អឹង​ដែលនាំឱ្យ​ឆ្អឹង​ខ្សោយ​ផុយស្រួយ​ផងដែរ​។​
 
៣. វា​អាច​បណ្ដាលឱ្យ​ឈឺពោះ​
 
​អ្នក​អាច​នឹង​ចូល​បន្ទប់ទឹក​ញឹកញាប់​ដោយសារ​ការទទួល​ទាន​កាហ្វេ​នៅពេល​ពោះ​ទទេរ​។ កាហ្វេ​ធ្វើឱ្យ​ប្រព័ន្ធ​ស​សៃ​ប្រសាទ​សកម្ម​ដែល​ជះឥទ្ធិពល​លើ​ពោះវៀន​ជា​លទ្ធផល​នៃ​ការ​រាគ​។ មនុស្ស​ភាគច្រើន​ក៏​ចូលចិត្ត​បន្ថែម​ទឹកដោះគោ ឬ​គ្រី​ម​ក្នុង​កាហ្វេ​ផងដែរ ហើយ​អ្នក​ដែល​ពិបាក​រំលាយ​ឡាក់​តូ​ស​ប្រាក​ជា​ជួបប្រទះ​អា​ការៈមិន​ស្រួល​ក្នុង​ពោះ​ជាមិនខាន​។​
 
៤. វា​អាច​នាំឱ្យ​កើន​ទម្ងន់​
 
​ទោះបី​កាហ្វេ​អាចជួយ​ដុតបំផ្លាញ​ខ្លាញ់ ប៉ុន្តែ​វា​ក៏​អាច​ជះ​ផលប៉ះពាល់​ដល់​វដ្ត​នៃ​ការ​គេង​ផងដែរ​។ នៅពេល​អ្នក​គេង​មិនបាន​គ្រប់គ្រាន់ អ្នកមាន​ទំនោរ​ឃ្លាន​ខ្លាំង​ជាង​ធម្មតា​ចំពោះ​អាហារ​ផ្អែមៗ​។ ភេសជ្ជៈ​កាហ្វេ​ភាគច្រើន​មាន​ផ្ទុក​ជាតិ​ស្ករ​និង​កាឡូរី​ដែលជា​ហេតុ​ចម្បង​មួយ​នាំឱ្យ​កើន​ទម្ងន់​។​
 
៥. វា​អាច​នាំឱ្យ​អាកា​រៈ​នៃ​ជំងឺ​ថប់​បារម្ភ​កាន់តែ​អាក្រក់​ឡើង​
 
​វា​មិនមែនជា​រឿង​ចំលែក​អ្វី​ឡើយ​ដែល​ការ​ទទួលទាន​កាហ្វេ​អាច​បណ្ដាលឱ្យ​កើតមាន​អាកា​រៈ​ញ័រ ចង្អោរ​ចង់​ក្អួត និង​បេះដូង​លោត​ញាប់​ខុស​ប្រក្រតី ជាពិសេស​ចំពោះ​អ្នក​ដែល​ចាញ់​ជាតិ​កាហ្វេ​អ៊ី​ន​។ ជាតិ​កាហ្វេ​អ៊ី​ន​អាច​បង្កបញ្ហា​នៃ​ជំងឺ​ថប់​បារម្ភ ឬ​ធ្វើឱ្យ​ស្ថានភាព​កាន់តែ​យ៉ាប់​យ៊ឺ​ន​ឡើង ប្រសិនបើ​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​នៃ​ជំងឺ​នេះ​ស្រាប់​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​កាត់បន្ថយ ឬ​បញ្ឈប់​ការ​ទទួលទាន​កាហ្វេ​តែម្ដង​។ ហើយ​អ្នក​ក៏​គួរតែ​កម្រិត​ការ​ទទួលទាន​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​ដទៃ​ដូចជា​តែ ភេសជ្ជៈ​កំប៉ុង និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ផង​។​
 
៦. វា​អាច​បណ្ដាលឱ្យ​ស្បែក​ស្ងួត​
 
​នេះ​ក៏​ព្រោះតែ​កាហ្វេ​អ៊ី​ន​មាន​លក្ខណៈសម្បត្តិ​បញ្ចុះ​ទឹកនោម​ដែល​អាច​បង្ក​អាកា​រៈ​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​។ ដូច្នេះ​ជាតិពុល​ពិបាក​នឹង​កម្ចាត់​ចេញពី​រាងកាយ​តាមរយៈ​ស្បែក​។ ជា​លទ្ធផល​ស្បែក​នឹង​ស្ងួត ហើយ​ងាយ​រងគ្រោះ​ពី​បញ្ហា​ផ្សេងៗ​ដូចជា​ស្នាម​ជ្រីវជ្រួញ​ជាដើម​។​
 
៧. វា​អាច​បង្កើន​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​
 
​កាហ្វេ​ពេលព្រឹក​របស់​អ្នក​អាច​បណ្ដាលឱ្យ​កោសិកា​ពិបាក​នឹង​គ្រប់គ្រង​ជាតិ​ស្ករ​ដែលជា​លទ្ធផល​នៃ​បញ្ហា​សុខភាព​ផ្សេងៗ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​
 

© រក្សាសិទ្ធិដោយ thmeythmey.com