ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ធ្វើ​ដូចម្ដេច​ទើប​ដឹង ខ្លួនឯង​មាន​ក្លិន​មាត់​មិនល្អ ឬ​អត់​?
23, Feb 2021 , 8:59 pm        
រូបភាព
​កំពុង​សង្ស័យ​មិន​ច្បាស់​ក្នុង​ចិត្ត​ថា​តើ​ខ្លួនឯង​កំពុងមាន​បញ្ហា​ក្លិន​មាត់​មិនល្អ​មែន​ទេ​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ពី​របៀប​ពិនិត្យ​ឱ្យដឹងថា​តើ​ក្លិន​ខ្យល់​ដង្ហើម​របស់​អ្នក​ពិតជា​មិនល្អ​មែនឬ​យ៉ាងណា ៖
 
១. លិទ្ធ​ផ្នែក​ខាងក្នុង​នៃ​កដៃ​រួច​ហិត​ស្រងក្លិន​
 
​ក្រោយពេល​លិទ្ធ​ផ្នែក​ខាង​ក្នុងនៃ​ករួច ចូរ​រងចាំ​សម្រាប់​រយៈពេល​ពី ៥ ទៅ ១០ វិនាទី បន្ទាប់មក​សឹម​ហិត​។ វិធី​នេះ​អាចឱ្យ​អ្នក​ដឹងបាន​យ៉ាង​ងាយ​ថា​តើ​អ្នក​ធុំក្លិន​មាត់​ឬ​អត់​!
 
២. ប្រើ​ម្រាមដៃ​លូក​ប៉ះ​គល់​អណ្ដាត​
 
​ក្រោយពេល​ទឹកមាត់​ដែល​ជាប់​លើ​ម្រាមដៃ​ស្ងួត ចូរ​ហិត​ម្រាមដៃ​របស់​អ្នក​។​
 
៣. ដកដង្ហើម​ចូលក្នុង​កែវ​ស្អាត​មួយ​
 
​ក្រោយពេល​ដកដង្ហើម​ចូល​ក្នុង​កែវ​រួច ចូរ​ប្រើ​កែវ​នោះ​គ្រប​ច្រមុះ រួច​ដក​ដង្ហើមចូល​។ ក្លិន​ដែល​អ្នក​ស្រង​បាន​អាចជួយ​ឱ្យ​អ្នកកំណត់​បាន​ថា​ក្លិន​ខ្យល់​ដង្ហើម​មាន​សភាព​យ៉ាងណា​។​
 
៤. ប្រើប្រាស់​ក្រដាស​ជូត​មាត់​ទន់​មួយ​ជូត​កៀស​ផ្ទៃ​អណ្ដាត​
 
​ប្រសិនបើ​មាន​ពណ៌​លឿង​នោះ​មានន័យថា​ប្រាកដជា​ធុំក្លិន​មិនល្អ​ហើយ​។​
 
៥. ប្រើប្រាស់​ស្លាបព្រា​
 
​ប្រើប្រាស់​ស្លាបព្រា​មួយ ហើយ​កោស​លើ​អណ្ដាត​។ រងចាំ​ឱ្យ​ស្ងួត​សិន សឹម​ហិតក្លិន​។ អ្នក​ក៏​គួរ​សម្គាល់​មើលថា​តើ​មាន​ជាប់​អ្វី​ពី​ផ្ទៃ​នៃ​អណ្ដាត​លើ​ស្លាបព្រា​ឬ​អត់​។​
 
​សម្គាល់​! អ្នក​ចាំបាច់​គួរ​រក្សា​អនាម័យ​មាត់​ធ្មេញ​និង​សម្អាត​អណ្ដាត​ឱ្យបាន​ត្រឹមត្រូវ​ជាប្រចាំ​ដើម្បី​ចៀសវាង​បញ្ហា​ក្លិន​មាត់​មិនល្អ​។ ទោះជា​យ៉ាងណា​បញ្ហា​ក្លិន​មាត់​មិនល្អ​អាច​បណ្ដាលមកពី​ភាព​ស្ងួត​ក្នុង​មាត់​, អាហារ​មួយចំនួន​(​ខ្ទឹមស​,​ខ្ទឹមបារាំង​) និង​ស្ថានភាព​សុខភាព​ដូចជា​ជំងឺ​ច្រាល​ទឹក​អាស៊ីត​ក្រពះ​។​
 
​ចំពោះ​បញ្ហា​ក្លិន​មាត់​ដោយសារ​ក្រពះ​អ្នក​អាច​សាកល្បង​បំបាត់​បាន​គន្លឹះ​ខាងក្រោម ៖
 
១. ទំពារ​ការ៉ុត មើម​គិ​ន​ឆាយ ឬ​ផ្លែ​ប៉ោម​
 
​ផ្លែ​ប៉ោម​និង​ការ៉ុត​ជួយ​ធ្វើឱ្យ​ការរំលាយ​អាហារ​មាន​ភាពប្រសើរឡើង ក៏ដូចជា​រក្សា​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ផងដែរ​។ នេះ​មានន័យថា​គ្មាន​ហ្គាស ឬ​ឧស្ម័ន​ផ្ដុំ​ឡើង​ក្នុង​ក្រពះ​ឡើយ ហើយ​អ្នកនឹង​ចៀសផុត​បញ្ហា​ក្លិន​មាត់​មិនល្អ​។ ម្យ៉ាងវិញទៀត​បន្លែ​ផ្លែឈើ​ស្រស់ៗ​ជួយ​បង្កើន​ការផលិត​ទឹកមាត់​ក្នុង​មាត់​ដែល​ជម្រះ​រាល់​បាក់តេរី​បង្ក​ក្លិន​ខ្យល់​ដង្ហើម​មិនល្អ​ពី​ធ្មេញ អណ្ដាត និង​អញ្ចាញ​។ ក្រពះ​ទទេរ​ក៏​អាច​បង្កបញ្ហា​ក្លិន​ខ្យល់​ដង្ហើម​មិនល្អ​ផងដែរ​ដោយសារ​ការកកើតឡើង​នូវ​ជាតិ​អាស៊ីត ហើយ​ការ​ទំពារ​ផ្លែឈើ​និង​បន្លែ គឺជា​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។​
 
២. ទទួលទាន​បន្លែ​
 
​ក្លិន​ខ្យល់​ដង្ហើម​មិនល្អ​អាចជា​រោគសញ្ញា​មួយ​នៃ​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ ឬ​ជំងឺ​ពាក់ព័ន្ធ​ប្រព័ន្ធ​រំលាយ​អាហារ​ផ្សេងៗ​។ ទោះជា​យ៉ាងណា​បញ្ហា​ទាំងនេះ​មិន​ងាយ​នឹង​កើតឡើង​ទេ​ប្រសិនបើ​អ្នកមាន​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​រឹងមាំ​។ ហើយ​ការ​ទទួលទាន​បន្លែ​ជា​វិធី​ដ៏​ងាយ​និង​ប្រសើរ​បំផុត​មួយ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​។ លើសពីនេះទៅទៀត​បន្លែ​បៃតង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ក្លរ៉ូភីល​ជ​ទត​កម្ចាត់​ក្លិន​ខ្យល់​ដង្ហើម​មិនល្អ​ពី​ក្នុង​មាត់​។​
 
៣. រួមបញ្ចូល​យ៉ា​អួរ​គ្មាន​ជាតិ​ស្ករ​ក្នុង​របប​អាហារ​
 
​បាក់តេរី​ល្អៗ​ក្នុង​យ៉ា​អួរ​ជួយ​សម្រួល​ដល់​ការរំលាយ​អាហារ ជាពិសេស​ប្រភេទ​ផលិតផល​ផ្សំ​ឡើង​ពី​ទឹកដោះគោ​។ វា​ជួយ​រក្សា​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​កាត់បន្ថយ​បញ្ហា​ក្លិន​ខ្យល់​ដង្ហើម​មិនល្អ​គួរឱ្យកត់សម្គាល់​។ បាក់តេរី​ល្អៗ​ក្នុង​យ៉ា​អួរ​ក៏​ជួយ​កាត់បន្ថយ​កម្រិត​នៃ​សមាសធាតុ sulfite ក្នុង​មាត់​បំបាត់​បញ្ហា​ក្លិន​មិនល្អ​បាន​យ៉ាង​ប្រសើរ​ផងដែរ​។ ទោះជា​យ៉ាងណា​ត្រូវ​ប្រាកដថា​ជ្រើស​យក​យ៉ា​អួរ​គ្មាន​ជាតិ​ស្ករ​។​
 
៤. តែ​បៃតង​
 
​ការទទួល​ទាន​តែ​បៃតង​អាច​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ចំពោះ​សុខភាព​រួមបញ្ចូល​ទាំង​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​មុខងារ​ខួរក្បាល​និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​។ វា​ក៏​ជួយ​បន្សាប​ជាតិពុល​ក្នុង​រាងកាយ ហើយ​អ្នក​ប្រាកដជា​ចៀស​ផុតពី​បញ្ហា​ក្លិន​ខ្លួន​និង​ក្លិន​ខ្យល់​ដង្ហើម​មិនល្អ​គួរឱ្យកត់សម្គាល់​។ តែ​បៃតង​ក៏មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម catechin ដែល​កម្ចាត់​រាល់​បាក់តេរី​បង្ក​ក្លិន​ខ្យល់​ដង្ហើម​មិនល្អ​ក្នុង​មាត់​ផងដែរ​។​
 
៥. ទទួលទាន​តែ​ខ្ញី​លាយ​ក្រូចឆ្មារ​
 
​ការរួមបញ្ចូល​តែ​ខ្ញី​លាយ​ក្រូចឆ្មារ​ក្នុង​របប​អាហារ​អាចជួយ​ព្យាបាល​អា​ការៈឈឺ​ក្រពះ​ដែល​អាច​ក្លិន​មិនល្អ​ក្នុង​មាត់​បាន​យ៉ាង​ប្រសើរ​។ ទោះបី​អ្នក​មិន​ចូលចិត្ត​ទទួលទាន ប៉ុន្តែ​អ្នក​អាច​គ្រាន់តែ​ខ្ពុរ​សម្អាត​មាត់​ជាមួយ​ភេសជ្ជៈ​នេះ​ក៏បាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com