អត្ថបទពាណិជ្ជកម្ម
«​សហគ្រិន​ខ្មែរ និង​អង្គការ​ភាពជា​ដៃគូ​ដើម្បី​ចីរភាព​វិស័យ​កសិកម្ម​កម្ពុជា​» សហការគ្នា​ជំរុញ​វិស័យ​កសិឧស្សាហកម្ម តាមរយៈ​កម្មវិធី​បណ្តុះ​ធុរកិច្ច​ថ្មី សហគ្រិន​ក្នុង​សហគមន៍​កសិកម្ម​
23, Feb 2021 , 4:30 pm        
រូបភាព
​កាលពី​ថ្ងៃទី ១៨ ខែកុម្ភៈ​ឆ្នាំ ២០២១ សហគ្រិន​ខ្មែរ ដែលជា​ស្ថាប័ន​មួយ ស្ថិតនៅក្រោម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​ទស្សនវិស័យ ក្លាយជា​ថ្នាល​ជាតិ សម្រាប់​ការលើកកម្ពស់​គ្រប់​សកម្ម​ភា ព​របស់​រិ​ស័​យ​សហគ្រិនភាព និង​អង្គការ​ដៃគូ ដើម្បី​ចីរភាព​វិស័យ​កសិកម្ម​កម្ពុជា (CPSA)  ដែលជា​វេទិកា​ដៃគូ​ពហុភាគី បាន​ចូលរួម​សហការ​ជា​ដៃគូ ដើម្បី​លើកកម្ពស់​ភាពជា​សហគ្រិន​ក្នុង​វិស័យ​កសិកម្ម​។​
 
​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា ក្នុង​ដំណើរការ​ជំរុញឱ្យមាន​នវានុវត្តន៍ ការ​សម្រប​ខ្លួន​ទៅនឹង​បច្ចេកវិទ្យា​ថ្មី ដំណោះស្រាយ​ផ្នែក​ផលិតកម្ម ការអភិវឌ្ឍ​ជំនាញ ការផ្សារភ្ជាប់​គ្រឹះស្ថាន​អប់រំ និង​វិស័យ​ឧស្សាហកម្ម និង​ភាពជា​សហគ្រិន​ក្នុង​វិស័យ​កសិកម្ម ព្រមទាំង​ការផ្លាស់ប្តូរ​ព័ត៌មាន និង​ទិន្នន័យ ទាក់ទង​នឹង​វិស័យ​កសិកម្ម ក្នុង​គោលបំណង​បង្កើតជា​យន្ដការ​គាំទ្រ​នានា​។​


 
​ក្នុងឱកាស​នេះ សហគ្រិន​ខ្មែរ និង​អង្គការ​ដៃគូ​ដើម្បី​ចីរភាព​វិស័យ​កសិកម្ម​កម្ពុជា បានចាប់ផ្តើម​អនុវត្ត កម្មវិធី​បណ្ដុះ ធុរកិច្ច​ថ្មី សហគ្រិន​ក្នុង​សហគមន៍​កសិកម្ម ដែលមាន​រយៈពេល​បី​ឆ្នាំ ក្នុង​គោលបំណង បង្កើត​ឧស្សាហកម្ម​កសិកម្ម​ប្រកប ដោយ​ផលិតភាព និង​ចីរភាព​។ គម្រោង​នឹង​ស្វែងរក​ដំណោះស្រាយ ចំពោះ​បញ្ហា​ចម្បង​ចំនួន​ពីរ ដែល​ជះឥទ្ធិពល​ដល់​វិស័យ​កសិកម្ម​នៅ​កម្ពុជា រួមមាន​ផលិតភាព​ទាប និង​ខ្វះ​ការចូលរួម​ពី​យុវជន នៅក្នុង​វិស័យនេះ​។ គម្រោង​នេះ​មាន​សមាសធាតុ​ពីរ​សំខាន់ៗ ទីមួយ​គឺ “​ការបណ្ដុះ​ធុរកិច្ច​ថ្មី​” ដែល​យុវជន​ត្រូវបាន​បណ្តុះបណ្តាល​រយៈ ពេល ៤​ខែ លើ​មុខវិជ្ជា​បច្ចេកទេស​កសិកម្ម សហគ្រិនភាព និង​ជំនាញ​ធុរកិច្ច និង​ទី​ពីរ​គឺ “​ការចុះ​កម្មសិក្សា​” របស់​យុវជន រយៈពេល​មួយឆ្នាំ​ជាមួយ​សហគមន៍​កសិក​ម្ម ក្នុង​ខេត្ត​គោលដៅ​មួយចំនួន ដើម្បី​ជួយ​កសិករ និង​សហគមន៍​ជនបទ​។​
 
​វិស័យ​កសិកម្ម​ត្រូវបាន​ប៉ាន់ ស្មានថា មាន​កំណើន​វិជ្ជមាន​ប្រមាណ ០.៥ ភាគរយ ក្នុង​ឆ្នាំ​២០២០ ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ​-១៩ ខណៈដែល​វិស័យ​ដទៃទៀត ដូចជា​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម ត្រូវបាន​ប៉ាន់​ស្មានថា មាន​កំណើន​អវិជ្ជមាន​។  នេះ​ជាការ​លើកឡើង​របស់លោក ឈៀង វណ្ណ​មុនិ​ណ្ឌ នាយក​ប្រតិបត្តិ សហគ្រិន​ខ្មែរ ដោយបាន​យោង​របាយការណ៍​ស្តីពី ស្ថានភាព និង​ទស្សនៈវិស័យ​សេដ្ឋកិច្ចកម្ពុជា ដែល​រៀបចំ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ 
 


 
​លោក ឈៀង វណ្ណ​មុនិ​ណ្ឌ បន្តថា​៖« ក្នុង​បរិបទ​ថ្មី​នេះ យើង​រំពឹងថា ការបង្កើន​ឱ្យមាន​នវានុវត្តន៍ និង​ជំនាញ​អាជីវកម្ម នៅតាម​សហគមន៍​អាចជួយ​ជំរុញ វិស័យ​កសិកម្ម ឱ្យមាន​សក្ដានុពល​ពេល​លេញ​។   កម្មវិធី​បណ្ដុះ​ធុរកិច្ច​ថ្មី សហគ្រិន​ក្នុង​សហគមន៍​កសិកម្ម ផ្តួចផ្តើមឡើង​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ខាងលើ តាមរយៈ​ការលើកកម្ពស់​សហគ្រិន​ភាព​ដល់​យុវជន និង​និស្សិត នៅតាម​សកល​វិទ្យាល័យ ការពង្រីក​សមត្ថភាព​របស់​សហគមន៍​កសិក​ម្ម​ព្រមទាំង​កសិករ និង​ការបង្កើន​នវានុវត្តន៍​នៅក្នុង​ខ្សែសង្វាក់​តម្លៃ កសិកម្ម​»​។​
 
​លោក ច័ន្ទ សេរី​រដ្ឋា នាយក​ប្រចាំ​ប្រទេស អង្គការ​ដៃគូ​ដើម្បី​ចីរភាព​វិស័យ​កសិកម្ម​កម្ពុជា បង្ហាញ​សុទិដ្ឋិនិយម​ថា​៖   “​ប្រសិនបើ​អនុវត្តបាន​ល្អប្រសើរ គម្រោង​នេះ នឹងចូលរួម​ចំណែក​ព​ង្រឹ​ង​សេដ្ឋកិច្ច​ជនបទ តាមរបៀប​ច្រើនយ៉ាង គឺ​ទីមួយ​ទាក់ទាញ​យុវជន ឱ្យ​ងាក​មក​ចាប់អារម្មណ៍​ការងារ និង​របរ​កសិកម្ម​។ ដូច្នេះ វា​នឹង​នាំមក​នូវ​ផ្នត់គំនិត​ថ្មីៗ ដែល​ចូលរួមចំណែក​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ប្រកបដោយ​និរន្តរភាព​។ លើសពីនេះ​ទៀត គម្រោង​នេះ នឹង​ជួយ​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក ឆ្លងកាត់​ប្រទេស និង​ធ្វើ​ចំណាកស្រុក​ពី​ទីជនបទ​ទៅកាន់​ទីក្រុង​»​។​


 
​លោក ច័ន្ទ សេរី​រដ្ឋា ពន្យល់​បន្ថែមថា​៖«​ប្រសិនបើ​កសិកម្ម នៅ​តំបន់​ជនបទ បង្ហាញ​ភាព​ទាក់ទាញ​ផ្នែក​សេដ្ឋកិច្ច យុវជន ស្ត្រី និង​បុរស នឹងត្រូវ​ទទួល​អត្ថប្រយោជន៍​ពី​ការងារ នៅនឹងកន្លែង ពោលគឺ​នឹងមិន​បង្ខំចិត្ត​ធ្វើ​ចំណាកស្រុក ដើម្បី​ស្វែងរក​ឱកាស​ការងារ​នៅ​ឆ្ងាយ ពី​សហគមន៍​របស់ខ្លួន​ឡើយ​»​។ 
 
​គម្រោង​នេះ នឹង​ភ្ជាប់​បណ្តាញ​ជាមួយ​អ្នកពាក់ព័ន្ធ​ជាច្រើន មានដូចជា​សាកលវិទ្យាល័យ ក្រុម​កសិករ កសិពាណិជ្ជកម្ម ភ្នាក់ងារ​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​។ សហគ្រិន​ខ្មែរ និង​អង្គការ​ដៃគូ ដើម្បី​ចីរភាព​វិស័យ​កសិកម្ម​កម្ពុជា សូម​ស្វាគមន៍​ដៃគូ​ដទៃ ក្នុងការ​គាំទ្រ​ដល់​ដំណើរការ​អនុវត្ត​គម្រោង​នេះ​៕
 

'
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com