អន្តរជាតិ
ប្រមុខការទូតឥណ្ឌូណេស៊ី៖ ឆន្ទៈរបស់ប្រជាជនមីយ៉ាន់ម៉ា ត្រូវតែគោរពតាម 23, Feb 2021 , 9:29 pm
ប្រមុខការទូតឥណ្ឌូណេស៊ី លោកស្រី Retno Marsudi។ រូបភាព៖ Twitter Retno
× ប្រមុខការទូតឥណ្ឌូណេស៊ី នៅថ្ងៃទី២៣ ខែកុម្ភៈ បានលើកឡើងថា ការផ្ទេរអំណាចនៅមីយ៉ាន់ម៉ា ទៅរកលទ្ធិប្រជាធិបតេយ្យ គួរតែគោរពតាមឆន្ទៈរបស់ប្រជាជន។ ការលើកបែបនេះ ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ចុះផ្សាយថា ឥណ្ឌូណេស៊ី កំពុងជំរុញប្រទេសសមាជិកអាស៊ានឯកភាពលើផែនការសកម្មភាព ក្នុងការរៀបចំការបោះឆ្នោតនៅមីយ៉ាន់ម៉ាឡើងវិញ។
នៅក្នុងការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែកុម្ភៈ ឥណ្ឌូណេស៊ី កំពុងជំរុញឱ្យប្រទេសសមាជិកអាស៊ាន ឯកភាពគ្នាលើការរៀបចំបោះឆ្នោតនៅមីយ៉ាន់ម៉ាឡើងវិញ។ យ៉ាងណាមិញ ក្រុមបាតុករមីយ៉ាន់ម៉ា មិនចង់ឱ្យមានការរៀបចំបោះឆ្នោតឡើងវិញដូចការសន្យារបស់ក្រុមយោធាឡើយ។ តែបាតុករមីយ៉ាន់ម៉ា ទាមទារឱ្យរបបសឹក បង្កើតរដ្ឋាភិបាលស៊ីវិលឡើងវិញ និងទទួលស្គាល់លទ្ធផលបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០២០។ បាតុករខ្លះ ក៏បានអំពាវនាវឱ្យមានបាតុកម្មនៅមុខស្ថានទូតឥណ្ឌូណេស៊ី នៅមីយ៉ាន់ម៉ាផងដែរ។
បន្ទាប់ពីចេញរបាយការណ៍នេះ ប្រមុខការទូតឥណ្ឌូណេស៊ី បានផ្ញើលិខិតមួយច្បាប់ទៅ Reuters។ «ការផ្ទេរអំណាចបែបលទ្ធិប្រជាធិបតេយ្យប្រកបដោយបរិយាបន្ន គួរតែគាំទ្រដោយផ្អែកឆន្ទៈរបស់ប្រជាជន»។ ការិយាល័យរបស់លោកស្រី Retno Marsudi បានលើកឡើងបែបនេះ។
ក្នុងលិខិតដដែលនោះ ឥណ្ឌូណេស៊ី បានបង្ហាញការបារម្ភ និងជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ គ្រប់គ្រងស្ថានការណ៍ឱ្យបាន ដើម្បីចៀសវាងការបង្ហូរឈាមដាក់គ្នា។ បើតាមប្រមុខការទូតឥណ្ឌូណេស៊ី សុខុមាលភាព និងសន្តិសុខរបស់ប្រជាជនមីយ៉ាន់ម៉ា ជាអាទិភាព។
យ៉ាងណាមិញ ឥណ្ឌូណេស៊ី បានបដិសេធមិនបញ្ចេញយោបល់អ្វីឡើយ ថាតើត្រូវគោរពលទ្ធផលបោះឆ្នោតក្នុងខែវិច្ឆិកា ឬយ៉ាងណា។ លើសពីនេះ ឥណ្ឌូណេស៊ី ក៏បានមិនបដិសេធលើរបាយការណ៍ជំរុញឱ្យមានការសម្របសម្រួលរវាងរបបសឹកយោធា និងក្រុមបាតុករផងដែរ។
សូមបញ្ជាក់ថា កន្លងមកសមាជិកអាស៊ាន បានបង្ហាញជំហរខុសគ្នា ជុំវិញស្ថានការណ៍នៅមីយ៉ាន់ម៉ា ខណៈអាមេរិក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចិន សហភាពអឺរ៉ុប ជំរុញឱ្យក្រុមប្រទេសមួយនេះជួយដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា៕
Tag:
ឥណ្ឌូណេស៊ី
មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com