ជាតិ
សង្គមជាតិ
វិទ្យាល័យ ហ៊ុន សែន ភ្នំពេញ​ថ្មី​៖ មាន​អ្នកពាក់ព័ន្ធ​ចំនួន​១៨៨​នាក់ ត្រូវបាន​យក​សំណាករ​កកូ​វីដ​-១៩
23, Feb 2021 , 9:59 pm        
រូបភាព
សកម្មភាពក្រុមគ្រូពេទ្យ​ដែលបានប្រមូលសំណាក​របស់ពលរដ្ឋ​នៅវិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មីដែលបានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១
សកម្មភាពក្រុមគ្រូពេទ្យ​ដែលបានប្រមូលសំណាក​របស់ពលរដ្ឋ​នៅវិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មីដែលបានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១
ដោយ:
ភ្នំពេញ​៖ នៅ​វិទ្យាល័យ សម្តេច ហ៊ុន សែន ភ្នំពេញ​ថ្មី មាន​អ្នកពាក់ព័ន្ធ​ចំនួន​១៨៨​នាក់ ក្នុងនោះ​ស្ត្រី​ចំនួន ៩០​នាក់ ត្រូវបាន​គ្រូពេទ្យ​យក​សំណាក ដើម្បី​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​-១៩​។ ក្នុងចំណោម​អ្នក​ត្រូវបាន​យក​សំណាក​ទាំងអស់ មាន​គ្រូបង្រៀន​ចំនួន​២៤​នាក់ សិស្ស​ចំនួន​៧៥​នាក់ អ្នកលក់ដូរ ពលរដ្ឋ និង​អាណាព្យាបាល​សិស្ស​ចំនួន​៨៩​នាក់​។ នេះ​បើតាម លោក ឆាយ សុង​លី នាយក​វិទ្យាល័យ​យ សម្តេច ហ៊ុន សែន​ភ្នំពេញ​ថ្មី បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ​។
 
​ប្រតិបត្តិការ ប្រមូលយក​សំណាក​រក​ជំងឺ​កូ​វីដ​-១៩ របស់​ក្រុមគ្រូពេទ្យ ចំពោះ​អ្នកពាក់ព័ន្ធ​នៅ​វិទ្យាល័យ សម្តេច ហ៊ុន សែន ភ្នំពេញ​ថ្មី  ត្រូវបាន​ធ្វើឡើង ពេញ​មួយ​ព្រឹក​ថ្ងៃទី​២២​កុម្ភៈ​។ 
 
​លោក ឆាយ សុង​លី នាយក​វិទ្យាល័យ​សម្តេច ហ៊ុន សែន ភ្នំពេញ​ថ្មី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​មាន​អ្នកពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ នៅ​វិទ្យាល័យ ហ៊ុន សែន ភ្នំពេញ​ថ្មី ចំនួន ១៨៨​នាក់ ត្រូវបាន​យក​សំណាក​ទៅ​វិភាគ​រក​ជំងឺ​កូ​វីដ​-១៩​។  ក្នុងចំណោម​អ្នកពាក់ព័ន្ធ​ទាំង​១៨៨​នាក់ មាន​ស្រី​ចំនួន​៩០​នាក់ ហើយ​ក្នុងនោះ​មាន​គ្រូបង្រៀន​ចំនួន​២៤​នាក់ ពលរដ្ឋ​ចំនួន​៨៩​នាក់ និង​សិស្សានុសិស្ស​ចំនួន​៧៥​នាក់​។ 


សកម្មភាពសិស្សានុសិស្សនៅវិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មីដែលកំពុងរង់ចាំ​ការ​ធ្វើតេស្តរកជំងឺកូវីដ-១៩ពីក្រុមគ្រូពេទ្យ​នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១

​បើតាម​លោក ឆាយ សុង​លី អ្នក​ដែល​ត្រូវបាន​យក​សំណាក គឺ​បាន​ពាក់ព័ន្ធ​ដោយ​ជាមួយនឹង​សិស្ស​ថ្នាក់​ទី​១២​ម្នាក់ ដែល​អាណាព្យាបាល​របស់គេ​មាន​វិជ្ជមាន​កូ​វីដ​-១៩​។  លោក ឆាយ សុង​លី ពន្យល់​បន្ថែម​៖«​ការធ្វើ​តេស្ត​ហ្នឹង គេ​សំដៅយក​ថ្នាក់​ដែលមាន​កូន​ម្នាក់ ដែល​ឪពុក​គាត់ មាន​ផ្ទុក​កូ​វីដ​-១៩​។ ចំពោះ​សិស្ស​ថ្នាក់​ក្បែរ​ហ្នឹង ក៏មាន​សិស្ស​រៀន​គួរ​ជាមួយនឹង​សិស្ស​ដែលមាន​ឪពុក​ឆ្លង​ហ្នឹង​។ គ្រូៗ​ដែល​ពាក់ព័ន្ធ ឬ​គ្រូ​ដែលមាន​កូន​រៀន​នៅ​ថ្នាក់​ជាមួយ​កូន​ហ្នឹង និង​ប្រជាជន​នៅក្បែរ​ហ្នឹង និង​អាជីវករ​លក់ដូរ​មួយចំនួន​ផងដែរ​»​។ 
 
​ដ្បិត​មិនមាន​ព័ត៌មាន​ជុំវិញ​លទ្ធផល​តេស្ត ប៉ុន្តែ​លោកនាយក​វិទ្យាល័យ សម្តេច ហ៊ុន សែន ភ្នំពេញ​ថ្មី បាន​អះអាងថា អ្នក​ដែល​ពាក់ព័ន្ធ​ទាំង​១៨៨​នាក់​នោះ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​គេហដ្ឋាន​រៀងខ្លួន ហើយ​ពួកគេ​ក៏​នឹង​បន្តធ្វើ​តេស្ត​ជា​បន្តបន្ទាប់​ទៀត​។​
 
 
​វិទ្យាល័យ សម្តេច ហ៊ុន សែន ភ្នំពេញ​ថ្មី ជា​សាលារៀន​មួយ ក្នុងចំណោម​សាលារៀន​ទាំង​៧​ដែល​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​។  
 
​ទាក់ទង​នឹង​ការប្រមូល​សំណាក របស់​សិស្សានុសិស្ស គ្រូ ឬ​អ្នក​ដែល​ពាក់ព័ន្ធ​នៅតាម​គ្រឹះស្ថានសិក្សា​នេះ ទាំង​ក្រសួង​អប់រំ និង​ក្រសួងសុខាភិបាល សុទ្ធតែ​បញ្ជាក់ថា មិនមាន​តួលេខ​នេះ​នោះទេ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​២៣ ខែកុម្ភៈ កម្ពុជា​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ សរុប​ចំនួន ៥៩៣​នាក់ អ្នក​សះស្បើយ ៤៧៥​នាក់ ខណៈ​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន ១១៦​នាក់​។ សូមបញ្ជាក់ថា អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ កើនឡើង​ដល់ ៩៩​នាក់​ហើយ​៕ 
 

សកម្មភាពសិស្សានុសិស្សនៅវិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មីដែលកំពុងរង់ចាំ​ការ​ធ្វើតេស្តរកជំងឺកូវីដ-១៩ពីក្រុមគ្រូពេទ្យ​នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១

Tag:
 វិទ្យាល័យ​
  កូ​វីដ​-១៩
 
© រក្សាសិទ្ធិដោយ thmeythmey.com