អន្តរជាតិ
ក្នុង​ថ្ងៃ​ចម្រើន​ព្រះជន្ម អធិរាជ​ជប៉ុន ណា​រូ​ហ៊ី​តុ សង្ឃឹមថា ជប៉ុន​នឹងមាន​អនាគត​ភ្លឺស្វាង​
23, Feb 2021 , 10:29 pm        
រូបភាព
​អធិរាជ​ជប៉ុន Naruhito បានបង្ហាញ​សេចក្តីសង្ឃឹម​ចំពោះ​អនាគត​ដ៏​ភ្លឺស្វាង​របស់​ជប៉ុន ខណៈពេល​ករណី​ឆ្លង​កូ​វីដ​-១៩ ថ្មី ចាប់ផ្ដើម​ធ្លាក់ចុះ ហើយ​កម្មវិធី​ចាក់​វ៉ាក់សាំង ក៏​ចាប់ផ្តើម​ដែរនោះ​។

​នៅ​ឆ្នាំ​២០២១ ការ​ប្រារព្ធ​ពិធី​អបអរសាទរ​ថ្ងៃ​ចម្រើន​ព្រះជន្ម​៦១​វស្សា​របស់​ព្រះ​ចៅ​អធិរាជ​ជប៉ុន ណា​រូ​ហ៊ី​តុ ត្រូវបាន​ធ្វើឡើង​ដោយ​ស្ងប់ស្ងាត់ ដោយសារតែ​ជំងឺ​កូ​វីដ​-១៩​។ អធិរាជ​អង្គ​នេះ នឹងមិន​ចេញ​ជួប​ប្រជាជន​ដូច​ពេលកន្លងមក​ឡើយ​។  
 
«​ជា​រឿង​ល្អ​ណាស់​ដែល​ចំនួន​នៃ​ករណី​ឆ្លង​ថ្មី​កំពុងតែ​ថយចុះ​ជា​លំដាប់​នៅ​ទូទាំងប្រទេស ហើយ​ថែមទាំង​មានការ​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ថែមទៀត​។​» នេះ​ជា​បន្ទូល​របស់​អធិរាជ​ជប៉ុន​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​នៅ​រាជវាំង​តូ​ក្យូ​នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ​។ ប្រមុខរដ្ឋ​ជប៉ុន​បន្តថា ទ្រង់​ទន្ទឹងរង់ចាំ​មើល អនាគត​ភ្លឺស្វាង​របស់​ជប៉ុន​នៅពេល​ខាងមុខ ខណៈ​ប្រជាជន​ជម្នះ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ការចែករំលែក​ភាពឈឺចាប់ និង​ការជួយ​គ្នា​ទៅវិញទៅមក​។  
 
​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ របស់​ជប៉ុន​បានចាប់ផ្តើម​នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ដោយ​បុគ្គលិក​សុខាភិបាល​មន្ទីរពេទ្យ​ក្នុង​ក្រុង​តូ​ក្យូ ទទួលបាន​វ៉ាក់សាំង​មុនគេ​។ ជំហាន​បន្ទាប់ ជប៉ុន​នឹង​ចាក់​វ៉ាក់សាំង​ឱ្យ​បុគ្គលិក​សុខាភិបាល​ជាង​៣,៧​លាន​នាក់​ទៀត មុននឹង​ចាក់ឱ្យ​ប្រជាជន​ចាស់ជរា​ដែលមាន​អាយុ​ចាប់ពី​៦៥​ឆ្នាំ​ឡើង​។​
 
​ជា​រៀងរាល់ឆ្នាំ ពិធី​ចម្រើន​ព្រះជន្ម​អធិរាជ​ជប៉ុន​វិញ តែងតែមាន​វត្តមាន​ភ្ញៀវកិត្តិយស ចូលរួម​ជូនពរ និង​ចុះហត្ថលេខា​លើ​សៀវ​ភឿ​ក្រាំងមាស​នៅ​រាជវាំង​។ ចំណែក​អធិរាជ​ក៏​បង្ហាញខ្លួន​ជាមួយ​សមាជិក​រាជវង្ស​ឯទៀត​ដើម្បី​ស្វាគមន៍​ប្រជាជន​ផងដែរ​។ ប្រពៃណី​បែបនេះ ត្រូវបាន​អនុវត្ត​តាំងពី​ឆ្នាំ​១៩៤៨ មក​ម្លេះ​។ ប៉ុន្តែ​ព្រឹត្តិការណ៍​ទាំងនោះ​ត្រូវបាន​លុបចោល​នៅ​ឆ្នាំនេះ​។ សូម្បីតែ​ការបង្ហាញ​ខ្លួន​ជា​សាធារណៈ​ក្នុងពេល​មាន​ពិធីបុណ្យ​ឆ្នាំ​ថ្មី ក៏ត្រូវ​បាន​ជំនួស​ដោយ សារ​ជា​វីដេអូ​ផងដែរ​។​
 
​សូមបញ្ជាក់ថា អធិរាជ​ជប៉ុន ណា​រូ​ហ៊ី​តុ ជា​បុត្រា​អតីត​អធិរាជ អាគី​ហ៊ី​តុ និង​ជា​ចៅប្រុស​របស់​អធិរាជ ហ៊ី​រ៉ូ​ហ៊ី​តុ​។ អធិរាជ ណា​រូ​ហ៊ី​តុ ជា​ព្រះមហាក្សត្រ​ដំបូងបង្អស់​របស់​ជប៉ុន​ដែល​បាន​ប្រសូត្រ​បន្ទាប់ពី​សង្គ្រាម​។ ព្រះអង្គ​បាន​ឡើង​គ្រងរាជ្យ​នៅ​ឆ្នាំ ២០១៩ ៕
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com