COVID-19
អន្តរជាតិ
WHO ស្នើ​ប្រទេស​អ្នកមាន​ឱ្យ​គិតគូរ​ពេល​ទិញ​វ៉ាក់សាំង​ដើម្បី​កុំឱ្យ​ប៉ះពាល់​យន្តការ COVAX
24, Feb 2021 , 8:29 am        
រូបភាព
រូបថត Xinhua
រូបថត Xinhua
​ប្រមុខ​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus នៅ​ថ្ងៃទី​២២ ខែកុម្ភៈ បានស្នើ​ដល់​ប្រទេស​អ្នកមាន ឱ្យ​ពិនិត្យមើល​មុនពេល​បញ្ជា​ទិញ​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ដើម្បី​ធានាថា មិន​ប៉ះពាល់​យន្តការ COVAX ។
 
​ការទិញ​វ៉ាក់សាំង​ច្រើន​ហួសហេតុ​របស់​ប្រទេស​អ្នកមាន​នៅតែ​ជា​បញ្ហា​ចោទ​សម្រាប់​ការ​ចែកចាយ​វ៉ាក់សាំង​ដល់​ប្រទេស​ក្រីក្រ​។ នា​សន្និសីទ​ប្រចាំ​ថ្ងៃទី​២២ ខែកុម្ភៈ លោក Tedros Adhanom Ghebreyesus បាន​រិះគន់​យុទ្ធសាស្ត្រ​ទិញ​វ៉ាក់សាំង​របស់​ប្រទេស​អ្នកមាន ដែល​លោក​អះអាងថា ធ្វើឱ្យប៉ះពាល់​ដល់​កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង​របស់ COVAX ។ លោក​ថែមទាំង​និយាយថា ការទាក់ទង​ផ្ទាល់​របស់​ប្រទេស​អ្នកមាន​ទៅកាន់​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង នាំឱ្យ​ចំនួន​វ៉ាក់សាំង​របស់ COVAX ធ្លាក់ចុះ​ទៀត​។  
 
​កន្លងមក បណ្តា​ប្រទេស​អ្នកមាន នាំគ្នា​ប្រមូល​ទិញ​វ៉ាក់សាំង​រាប់ពាន់​លាន​ដូ​ស​ទុក​ចាក់ឱ្យ​ប្រជាជន​របស់​ពួកគេ ខណៈពេលដែល​ប្រទេស​កំពុង​អភិវឌ្ឍ​មួយចំនួនទៀត​ទើបតែ​ទទួលបាន​វ៉ាក់សាំង​តិចតួច ហើយ​ប្រទេស​ខ្លះ​នៅ​មិនទាន់​ទទួលបាន​នៅឡើយ​។ ត្រង់ចំណុច​នេះ លោក Tedros ស្នើ​ជាថ្មី​ឱ្យ​ប្រទេស​អ្នកមាន​ពិចារណា​ឱ្យ​ច្បាស់​ថា កិច្ចព្រមព្រៀង​របស់​ពួកគេ មិន​ប៉ះពាល់​យន្តការ COVAX ឡើយ​។​
 
«​មធ្យោបាយ​ល្អ​បំផុត​ដើម្បី​ការពារ​ខ្លួន​អ្នក​គឺ មិន​ត្រឹមតែ​ចាក់​វ៉ាក់សាំង​លើ​ខ្លួនឯង​ម្នាក់​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ត្រូវ​ចាក់​វ៉ាក់សាំង​ឱ្យ​អ្នក​ដទៃទៀត ដោយ​ការចែករំលែក​វ៉ាក់សាំង​ជាមួយ​ពិភពលោក​ទាំងមូល​»​។ នេះ​ជា​អ្វីដែល​លោក Tedros ណែនាំ​មេដឹកនាំ​ប្រទេស​នានា​ឱ្យ​ប្រាប់​ប្រជាជន​ពួកគេ​។​
 
​តាមពិតទៅ ប្រទេស​អ្នកមាន ក៏បានផ្ដល់​ថវិកា​ជា​បន្តបន្ទាប់​សម្រាប់​យន្តការ COVAX ដែរ​។ COVAX មាន​គោលដៅ​ចែក​វ៉ាក់សាំង​ឱ្យ​ពីរពាន់​លាន​ដូ​ស​នៅ​ឆ្នាំ​២០២១ ទៅកាន់​ប្រទេស​ក្រី​ក្រី​។ តាម​គម្រោង វ៉ាក់សាំង​របស់ COVAX នឹងត្រូវ​ដឹក​នៅ​ចុងខែ​កុម្ភៈ និង​ដើមខែ​មីនា​។ សម្រាប់​ប្រទេស​អឺរ៉ុប បន្ថែម​ពីលើ​ជំនួយ​ហិរញ្ញវត្ថុ ពួកគេ​ក៏​ពិចារណា​ចែក​វ៉ាក់សាំង​ដែល​ខ្លួន​មាន​ផងដែរ​៕
 
 

Tag:
 WHO
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com