ភ្នំពេញ៖ កម្ពុជាត្រូវការបោសសំអាតផ្ទៃដីដែលមានមីនចំនួន៨៣៥គីឡូម៉ែត្រក្រឡា និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងគ្រាប់បែកចង្កោមចំនួន១៣១៦គីឡូម៉ែត្រក្រឡាទៀត ទើបអាចសម្រេចផែនការយុទ្ធសាស្ត្រកម្ពុជាគ្មានមីននៅឆ្នាំ២០២៥។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន សែននៅក្នុងសារលិខិតស្តីពីទិវាជាតិយល់ដឹងអំពីមីន២៤កុម្ភៈ ឆ្នាំ២០២១។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា គ្រាប់មីន គ្រាប់បែកចម្កោម និងសំណល់ជាតិផ្ទុះជាច្រើនដែលបន្សល់ពីសង្គ្រាម ដែលបណ្តាលឲ្យពលរដ្ឋរាប់ម៉ឺននាក់ រងរបួស ធ្លាក់ខ្លួនពិការ និងស្លាប់បាត់បង់ជីវិត និងរាំងស្ទះដល់ការអភិវឌ្ឍប្រទេសកម្ពុជា។
ដើម្បីសម្រេចឲ្យកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ សម្តេច ហ៊ុន សែន នឹងប្តេជ្ញា និងអនុវត្តឲ្យបានត្រឹមត្រូវតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា២០១៦-២០៣០ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ២០១៨-២០២៣ និងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន២០១៨-២០២៥។
នាយករដ្ឋមន្ត្រីកម្ពុជាបានអំពាវនាវដល់អាជ្ញាធរមីនត្រូវបន្តប្រតិបត្តិការជាមួយនឹងប្រតិបត្តិករជាតិ អន្តរជាតិ និងភាគីពាក់ព័ន្ធដើម្បីកំណត់ឲ្យបានជាក់លាក់នូវតំបន់ និងទីតាំងដែលប្រឈមគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
សម្តេច ហ៊ុន សែន បានណែនាំដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយពីគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ទៅពលរដ្ឋ សិស្សានុសិស្ស កុមារ កុមារី និងយុវជនក្រៅសាលា នៅតាមសហគមន៍ សាលារៀន និងវត្តអារាម រួមទាំងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងមានការផ្សព្វផ្សាយតាមទូរទស្សន៍ វិទ្យុ បណ្តាញសង្គម ផ្ទាំងប៉ាណូ និងខិតបណ្ណជាដើម។
សម្តេចនាយករដ្ឋមន្ត្រីក៏បានណែនាំដល់ពលរដ្ឋនៅពេលដែលប្រទះឃើញគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះផ្សេងៗនៅកន្លែងណាមួយ សូមកុំដំ កុំប៉ះ កុំដុត និងកុំគប់លេង ព្រោះវាអាចបង្កឲ្យគ្រោះថ្នាក់ដល់ជីវិត។ ក្នុងករណីប្រទះឃើញនូវកន្លែងណាមួយ គឺត្រូវរាយការណ៍មកអាជ្ញាធរមីនជាបន្ទាន់ ដើម្បីជៀសវាងគ្រោះថ្នាក់ដល់ជីវិត។
គិតពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២០ កម្ពុជាបានបោសសំអាតផ្ទៃដីដែលមានមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះផ្សេងៗបានចំនួន២១៣៨គីឡូម៉ែត្រក្រឡាហើយ សម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផលក្នុងវិស័យកសិកម្ម៥៨ភាគរយ ហេដ្ឋារចនាសម្ព័ន្ធ១២ភាគរយ និងវិស័យផ្សេងៗចំនួន៣៨ភាគរយ។
មីនចំនួនជិត១,១លានគ្រាប់ មីនរថក្រោះចំនួនជាង២ម៉ឺនគ្រាប់ គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះចំនួន២,៨លានគ្រាប់ហើយដែលត្រូវបានបំផ្លាញចោល។ ក្នុងឆ្នាំ២០២០កន្លងមកកម្ពុជាមានមនុស្សចំនួន៦៥នាក់បានរងគ្រោះដោយសារគ្រាប់មីនផ្សេងៗ។ តួលេខនេះបើប្រៀបធៀបទៅឆ្នាំ១៩៩៦ គឺមានការថយចុះចំនួន៤៣២០នាក់។
កម្ពុជាមិនត្រឹមតែជួយឲ្យប្រទេសខ្លួនជោគជ័យលើការបោសសំអាតមីននោះទេ កម្ពុជាក៏បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពចូលរួមបំពេញបេសកម្មជាង៧ពាន់នាក់ ស្រីចំនួន៤១៩នាក់ ក្នុងក្របខណ្ឌប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងប្រទេសចំនួន៩ ដូចជា ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ស៊ីប ស៊ីរី យេម៉ែន ឆាដ ម៉ាលី និងអាហ្វ្រិកកណ្តាលផងដែរ៕