កីឡាជាតិ
ជាតិ
ពានសម្តេច ហ៊ុន សែន៖ ខេត្តកណ្តាលប្រកួតដំបូងនៅទឹកដីកំពង់ចាម និងជំនួប៣គូទៀត
24, Feb 2021 , 10:01 am        
រូបភាព
ខ្សែការពារ ស្មាន រ៉ូសាវី ដែលជាប្រធាន​ក្រុមមន្ទីរ អយកខេត្តកំពង់ចាម នាជំនួបជាមួយមន្ទីរអយក ខេត្តស្វាយរៀង។ រូបថត CNCC
ខ្សែការពារ ស្មាន រ៉ូសាវី ដែលជាប្រធាន​ក្រុមមន្ទីរ អយកខេត្តកំពង់ចាម នាជំនួបជាមួយមន្ទីរអយក ខេត្តស្វាយរៀង។ រូបថត CNCC
ដោយ: រួបរួម
ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្តនៅថ្ងៃពុធ ទី២៤ ខែកុម្ភៈ នេះ មាន៤គូ ដោយខេត្តព្រះសីហនុ និងបន្ទាយមានជ័យ ប្រឹងប្រែងយក៣ពិន្ទុបន្ថែមទៀតក្នុងនាមជាម្ចាស់ផ្ទះ ខណៈតាកែវ រំពឹងបាន៣ពិន្ទុដំបូង ស្របពេលដែលកណ្តាលបើកការប្រកួតលើកទី១នៅក្នុងពូលក្នុងដំណើរទៅទឹកដីកំពង់ចាម។ ការប្រកួតសុទ្ធតែប្រព្រឹត្តទៅនៅវេលាម៉ោង៣រសៀល។
 
នៅក្នុងពូល A រដ្ឋបាលខេត្តតាកែវ ព្យាយាមឲ្យបានពិន្ទុជាលើកដំបូង នៅពេលស្វាគមន៍ ភ្នំពេញហ្គាឡាក់ស៊ី នៅទីលានមណ្ឌលកីឡាខេត្តតាកែវ។ កាលពីសប្តាហ៍ទី១ តាកែវ បានចាញ់មន្ទីរ អយក ខេត្តកំពង់ឆ្នាំង ២-០ ស្របពេលដែលភ្នំពេញហ្គាឡាក់ស៊ី ស្មើ មន្ទីរអយក ខេត្តកំពង់ស្ពឺ ២-២។ កំពង់ស្ពឺឈរលេខ១បណ្តោះអាសន្ន ដោយមាន៤ពិន្ទុ ក្រោយឈ្នះកំពង់ឆ្នាំង ២-១។
 
 
សម្រាប់ពូល B  ខេត្តបន្ទាយមានជ័យ ស្វែងរកជ័យជម្នះបន្ថែមទៀតនៅពេលពួកគេបើកទីលានវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ដើម្បីស្វាគមន៍សូហ្វីយ៉ាប៉ៃលិន។ កាលពីសប្តាហ៍ទី១ បន្ទាយមានជ័យយកឈ្នះ ស.ស.យ. ខេត្តពោធិ៍សាត់ ៤-០ ខណៈប៉ៃលិន ចាញ់ ស.ស.យ.ក ខេត្តបាត់ដំបង ៤-១។ បាត់ដំបងឈរលើតារាងដោយមាន៦ពិន្ទុពេញ ក្រោយជ័យជម្នះដល់ទៅ ៨-១ លើពោធិ៍សាត់។
 
រីឯពូល D ឯណោះវិញ ខេត្តកណ្តាលចាប់ផ្តើមការប្រកួតលើកដំបូង ដោយត្រូវទៅជួបមន្ទីរ អយក ខេត្តកំពង់ចាម នៅទីលានវិទ្យាល័យព្រះសីហនុ។ កាលពីសប្តាហ៍មុន កំពង់ចាម និងមន្ទីរ អយក ខេត្តស្វាយរៀង បានបញ្ចប់ការប្រកួតក្នុងលទ្ធផលស្មើ ២-២ សម្រាប់ពូលដែលមានតែ៣ក្រុមនេះ។
 
ចំពោះពូល E ខេត្តព្រះសីហនុ រំពឹងដណ្តើមចំណាត់ថ្នាក់កំពូលតារាងរបស់ខ្លួនមកវិញ ខណៈពួកគេត្រូវទទួល កោះកុង អេហ្វស៊ី នៅទីលានអនុវិទ្យាល័យសម្តេចឪ។ កាលពីសប្តាហ៍ទី១ ខេត្តព្រះសីហនុ បានយកឈ្នះមន្ទីរ អយក ខេត្តកំពត ១-០ ខណៈកោះកុង អេហ្វស៊ី ស្មើកែប ១-១។ កែបឈរលើតារាងបណ្តោះអាសន្ន ក្រោយឈ្នះកំពត ៥-២ កាលពីថ្ងៃអង្គារ៕
 
 

Tag:
 Hun Sen Cup 2021
© រក្សាសិទ្ធិដោយ thmeythmey.com