អន្តរជាតិ
មេដឹកនាំយោធា គំរាមបិទប្រព័ន្ធផ្សព្វផ្សាយ បើហ៊ានប្រើពាក្យរដ្ឋាភិបាលយោធាឬរបបសឹក
24, Feb 2021 , 10:46 am        
រូបភាព
លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា នៅថ្ងៃទី២២ ខែកុម្ភៈ បានព្រមានបិទស្ថាប័នសារព័ត៌មានក្នុងស្រុកទាំងអស់ ប្រសិនបើហ៊ានហៅរដ្ឋាភិបាលមីយ៉ាន់ថា ថា «រដ្ឋាភិបាលយោធា» ឬ «របបសឹក»។ ការព្រមាននេះ ត្រូវបានអ្នកសារព័ត៌មានមីយ៉ាន់ម៉ា ចាត់ទុកជាទង្វើប៉ុនប៉ងបំបិទរបាយការណ៍ពិតនៅក្នុងប្រទេស។
 
កន្លងមក ក្រសួងព័ត៌មានមីយ៉ាន់ម៉ា បានផ្ញើសេចក្តីបង្គាប់ម្តងហើយ ទៅស្ថាប័នសារព័ត៌មានក្នុងស្រុក មិនអនុញ្ញាតឱ្យប្រើប្រាស់ពាក្យ «រដ្ឋាភិបាលយោធា ឬ របបយោធា» លើក្រុមប្រឹក្សារដ្ឋថ្មី ដែលត្រូវបានតែងតាំងដោយយោធា បន្ទាប់ពីដកហូតអំណាចពីរដ្ឋាភិបាលស៊ីវិល។ ប៉ុន្តែគេនៅតែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមីយ៉ាន់ម៉ាប្រើពាក្យនេះដដែល។
 
នៅថ្ងៃទី២៣ ខែកុម្ភៈ ប្រមុខរបបយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ក៏ចេញមុខព្រមានដោយផ្ទាល់។ នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាល លោកបានលើកឡើងថា វិធានការមួយចំនួន ត្រូវដាក់ចេញលើស្ថាប័នសារព័ត៌មាន ដោយផ្អែកតាមក្រមសីលធម៌សារព័ត៌មាន និងមានការតាមដានពីក្រុមប្រឹក្សាសារព័ត៌មីយ៉ាន់ម៉ា។ 
 
«ចំណាត់ការ នឹងត្រូវអនុវត្តលើអ្នកបំពាន ដែលបន្តប្រើប្រាស់រដ្ឋាភិបាលយោធា តាមរយៈការដកអាជ្ញាប័ណ្ណមិនឱ្យផ្សព្វផ្សាយ»។ មេដឹកនាំរបបសឹក បានព្រមានជាសាធារណៈបែបនេះ។ 
 
ការប្រកាសរបស់មេដឹកនាំយោធាខាងលើ បានធ្វើឱ្យអ្នកសារព័ត៌មានមីយ៉ាន់ម៉ាជាច្រើនរូប មិនពេញចិត្តយ៉ាងខ្លាំង។ និពន្ធនាយកស្តីទីរបស់សារព័ត៌មាន Myanmar Times បានប្រាប់សារព័ត៌មានក្នុងស្រុក The Irrawaddy ថា ការព្រមានរបស់ក្រុមយោធា ជាការប៉ុនប៉ងបំបិទព័ត៌មានមិនពិតនៅក្នុងប្រទេស ហើយវានឹងធ្វើឱ្យស្ថានភាពនៅមីយ៉ាន់ម៉ាកាន់តែអាក្រក់ថែមទៀត។ ចំណែកសារព័ត៌មាន Mizzima បានអះអាងថា ខ្លួននឹងនៅតែបន្តប្រើប្រាស់ ក្រុមប្រឹក្សាយោធា រដ្ឋាភិបាលយោធា ឬរបបសឹកដដែល ទោះមានការព្រមានយ៉ាងណាក្តី។
 
សូមបញ្ជាក់ថា បន្ទាប់ពីសេចក្តីបង្គាប់បញ្ជារបស់ក្រសួងព័ត៌មាន បុគ្គលិកសារព័ត៌មាន Myanmar Times ជាច្រើននាក់ បានលាលែងជាបន្ទាប់ ដើម្បីគោរពតាមការណែនាំ។ ចំណែកសារព័ត៌មាន The Irrawaddy បានធ្វើយុទ្ធនាការ «គាំទ្រសារព័ត៌មានឯករាជ្យ» តាមរយៈការបង្ហោះសារលើវេបសាយរបស់ខ្លួនដែរ៕ 
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com