អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភាអាមេរិក ជំរុញឱ្យតាក់តែងច្បាប់ដើម្បីទប់ទល់ចិន
24, Feb 2021 , 1:50 pm        
រូបភាព
ដោយ:
លោក Chuck Schumer ប្រធានក្រុមសំឡេងភាគច្រើននៃព្រឹទ្ធសភាអាមេរិកមកពីបក្សប្រជាធិបតេយ្យ បានបង្គាប់ឱ្យសមាជិកព្រឹទ្ធសភាតាក់តែងកញ្ចប់ច្បាប់មួយដែលសំដៅទប់ទល់ឥទ្ធិពលចិន។ វិស័យសំខាន់ៗដូចជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអនុវត្តពាណិជ្ជកម្មមិនស្មើភាព ជាអ្វីដែលលោក Schumer ចង់ឃើញអាមេរិកមានច្បាប់ដើម្បការពារផលប្រយោជន៍របស់ខ្លួន។ បក្សសាធារណរដ្ឋ ដែលមានជំហរតឹងរ៉ឹងដាក់ចិន ត្រូវរំពឹងថា នឹងគាំទ្រសំណើនេះដែរ។


ក្នុងសន្និសីទសារព័ត៌មានប្រចាំសប្ដាហ៍ លោក Chuck Schumer ប្រធានក្រុមសំឡេងភាគច្រើន និយាយថា លោកបានណែនាំឱ្យគណៈកម្មាធិការព្រឹទ្ធសភាដែលពាក់ព័ន្ធទាំងអស់ តាក់តែងច្បាប់ទប់ទល់ចិនដោយផ្អែកលើអ្វីដែលលោកធ្លាប់បានស្នើកាលពីឆ្នាំមុន។ សំណើរបស់លោក Schumer គ្រោងផ្តល់លុយ១០០ពាន់លានដុល្លារសម្រាប់ការស្រាវជ្រាវលើបច្ចេកវិទ្យាគន្លឹះដូចជាប្រាជ្ញាសិប្បនិម្មិត និងបន្ទះឈីបជាដើម។

«នៅក្នុងកិច្ចប្រជុំថ្ងៃនេះ ខ្ញុំតម្រូវឱ្យប្រធាន និងសមាជិកនៃគណៈកម្មការពាក់ព័ន្ធចាប់ផ្តើមព្រាងច្បាប់ដើម្បីប្រកួតឱ្យឈ្នះចិន និងបង្កើតការងារដល់ពលរដ្ឋអាមេរិក»។ នេះជាការលើកឡើងរបស់លោកSchumer ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២៣ ខែកុម្ភៈ។

សម្រាប់សេចក្ដីព្រាងច្បាប់ថ្មី លោក Schumer លើកឡើងថា នឹងបង្កើនការវិនិយោគក្នុងវិស័យផលិតកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ច្រវាក់ផ្គត់ផ្គង់ និងបន្ទះឈីប។ លោកចង់ឃើញសេចក្តីព្រាងច្បាប់នេះចេញជារូបរាងនៅចន្លោះខែមីនា និងមិថុនា។ ជាផ្នែកមួយនៃសេចក្តីព្រាងច្បាប់ សមាជិកព្រឹទ្ធសភា នឹងយកថវិកាមួយចំនួនពីក្រសួងការពារជាតិ ដើម្បីផ្គត់ផ្គង់ថវិកាជាបន្ទាន់ដល់កម្មវិធីស្រាវជ្រាវ និងផលិតបន្ទះឈីប។

ជុំវិញបញ្ហាបន្ទះឈីបនេះ ការប្រកាសរបស់លោក Schumer ធ្វើឡើងចំពេលដែលឧស្សាហកម្មរថយន្តពន្យឺតផលិតកម្មរបស់ខ្លួនដោយខ្វះខាតបន្ទះឈីប មួយផ្នែកដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងមួយផ្នែកទៀតដោយសារការកើនឡើងតម្រូវការទូរសព្ទ និងឧបករណ៍អេឡិចត្រូនិកជាដើម។

សមាគមន៍ឧស្សាហកម្មបន្ទះឈីប ស្វាគមន៍គំនិតនៃសេចក្តីព្រាងច្បាប់នេះ ដោយអះអាងថាជាមូលដ្ឋាននៃបច្ចេកវិទ្យា ការពង្រឹងសេដ្ឋកិច្ចអាមេរិក ការបង្កើតការងារ ការការពារសន្តិសុខជាតិ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។

មូលហេតុដែលនាំឱ្យមានគំនិតក្នុងការតាក់តែងច្បាប់នេះ ផ្ដើមចេញពីតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋមួយចំនួនដែលបានដាក់សម្ពាធកាន់តែខ្លាំងឡើងលើប្រធានាធិបតី ចូ បៃឌិន ឱ្យបន្តអនុវត្តតាមគោលនយោបាយរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ ។ រដ្ឋបាល បៃឌិន អះអាងថា ខ្លួនកំពុងពិនិត្យឡើងវិញគោលនយោបាយដែលដាក់ចេញដោយលោក ត្រាំ និងសន្យាអនុវត្តគោលនយោបាយទាំងនោះឱ្យបានតឹងតែងជាងមុន ប៉ុន្តែដោយមានការពិភាក្សាជាមួយសម្ព័ន្ធមិត្ត៕

Tag:
 អាមេរិក
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com