COVID-19
ជាតិ
នាយករដ្ឋមន្ត្រី​៖«​ចេញ​បញ្ជា​ណាមួយ​ទាក់ទង​នឹង​ព្រំដែន សូមមេត្តា​ឲ្យ​ខ្ញុំ បាន​ដឹងផង​..»
24, Feb 2021 , 8:29 pm        
រូបភាព
សម្តេច ហ៊ុន សែន ស្ថិតក្នុងសន្និសីទសារព័ត៌មានមួយ នៅវិមានសន្តិភាព កាលពីខែកុម្ភៈ ឆ្នាំ២០២១។ រូបពី AFP
សម្តេច ហ៊ុន សែន ស្ថិតក្នុងសន្និសីទសារព័ត៌មានមួយ នៅវិមានសន្តិភាព កាលពីខែកុម្ភៈ ឆ្នាំ២០២១។ រូបពី AFP
សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានទទួល​ដំណឹង​ថា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ បានចេញ​បទបញ្ជា​ឲ្យ​ផ្អាក​ការដឹក​ទិញ​ពី​កម្ពុជា ឆ្លងកាត់​តាម​ព្រំដែន​ចូលទៅ​ថៃ តែ​នៅ​អនុញ្ញាត​ឲ្យ​ភាគី​ថៃ អាច​បន្ត​ដឹកទំនិញ​ចូលមក​កម្ពុជា​។ សម្តេចនាយក​រដ្ឋមន្ត្រី មិន​អនុញ្ញាត​ឲ្យ​អនុវត្ត​បទបញ្ជា​នេះឡើយ​។

​តាមរយៈ​សារ​ជា​សំឡេង ដែល​គេ​ចែករំលែក​ត​គ្នា​តាម​បណ្តាញ​ទំនាក់​ទំនាក់​តេ​ឡេ​ក្រាម នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ សម្តេចនាយក​រដ្ឋមន្ត្រី បាន​ជម្រាប​ទៅ​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏ដូចជា​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ផ្ទាល់ ឲ្យ​ប្រញាប់​ដក​បទបញ្ជា​ចេញ​វិញ បើ​បានចេញ​បទបញ្ជា​នេះ​មែន​។ ក្រោយ​បទបញ្ជា​នេះ ចេញ​ដោយ​ខ្លួន​មិនបាន​ដឹង​ជាមុន សម្តេច ក៏​ទាមទារ​ឲ្យ​មន្ត្រីក្រោមឱវាទ ផ្តល់ដំណឹង​ដល់​សម្តេច​សិន មុននឹង​ចេញ​បទបញ្ជា​ឬ​សេចក្តីសម្រេច​ណាមួយ​ពាក់ព័ន្ធ​នឹង​កិច្ចការ​តាម​ព្រំដែន​។ 
 
​ប្រមុខ​រដ្ឋាភិបាល ស្នើ​ទៅ​មន្ត្រី​ថ្នាក់ក្រោម​ដូច្នេះ​ថា​៖«​ការចេញ​បទបញ្ជា​ណាមួយ ទាក់ទង​នឹង​ព្រំដែន សូម​ឲ្យ​ខ្ញុំ បាន​ដឹងផង សូមមេត្តា​ឲ្យ​ខ្ញុំ​បាន​ដឹងផង ព្រោះ​ខ្ញុំ ទទួលខុសត្រូវ​ទៅលើ​បញ្ហា​កិច្ច​នយោបាយ​ក្នុងប្រទេស និង​នយោបាយ​ក្រៅប្រទេស​»​។
 
​សម្តេច​ប្រមុខ​រដ្ឋាភិបាល បញ្ជាក់ថា អាជ្ញាធរ ត្រូវ​ពិនិត្យ​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​ពី​ថៃ វៀតណាម និង ឡាវ ចូលមក​កម្ពុជា ហើយ​ត្រូវ​នាំ​ពួកគេ ទៅធ្វើ​ច​ត្តា​ឡី​ស័ក តែ​ការធ្វើ​ពាណិជ្ជកម្ម​តាម​ព្រំដែន និង​ការនាំ​ទំនិញ​ចូលទៅ​ប្រទេសជិតខាង​ទាំង​៣ នៅតែ​បន្ត​ដដែល​។ លើសពីនេះ សម្តេច បាន​ប្រាប់​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្ត​ជាប់​ព្រំដែន ជួយ​សម្រួល​ដល់​ការនាំ​ទំនិញ​របស់​ប្រជាពលរដ្ឋ​ចេញទៅ​ប្រទេសជិតខាង​ថែមទៀត និង​ជួយ​សម្រួល​ការរកស៊ីរ​បស់​ពួកគេ នៅតាម​ព្រំដែន​។ 
 
​ជាមួយគ្នានេះ សម្តេច បាន​ណែនាំ​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្ត​ជាប់​ព្រំដែន ​រាយការណ៍​ត្រង់ៗ ទៅ​សម្តេច បើ​មាន​បញ្ហា​ឬ​ការរអាក់រអួល​ណាមួយ ទាក់ទង​នឹង​ពាណិជ្ជកម្ម​នៅតាម​ព្រំដែន​រវាង​កម្ពុជា​និង​ប្រទេសជិតខាង​។ 
 
​និយាយ​ដល់​រឿង​នាំ​ទំនិញ​ចេញចូល​រវាង​កម្ពុជា​-​ថៃ សម្តេចនាយក​រដ្ឋមន្ត្រី ក៏​នឹកឃើញ​ដល់​រឿង​ដែល​ក្រសួងកសិកម្ម ហាមឃាត់​មិន​ឲ្យ​នាំចូល​ត្រី​៤​ប្រភេទ​ពី​វៀតណាម​កាលពីពេល​ថ្មីៗ​នេះ​។ តែ​ក្រោយមក ក្រសួងកសិកម្ម បានសម្រេច​ឲ្យ​នាំចូល​វិញ​។ សម្តេច ហៅ​ការចេញបម្រាមមិនឲ្យនាំត្រីចូលពីវៀតណាម ថា​ជាការសម្រេចចិត្ត ដែល​មានភាពឆក់ល្វែង ហើយ​ចាត់ទុកថា ខុស​ទៅនឹង​បទដ្ឋាន​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​ក្របខ័ណ្ឌ​នៃ​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន (AFTA)៕
 
 
 
 

Tag:
 COVID-19
  ហ៊ុន សែន​
  ពាណិជ្ជកម្ម​តាម​ព្រំដែន​
  នាំ​ទំនិញ​ចេញចូល​កម្ពុជា​-​ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com