អន្តរជាតិ
រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា ទៅថៃដើម្បីជួបសមភាគីឥណ្ឌូណេស៊ី
24, Feb 2021 , 5:07 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា លោក Wunna Maung Lwin នៅថ្ងៃទី២៤ ខែកុម្ភៈ បានជិះយន្តហោះទៅប្រទេសថៃ ដើម្បីជួបជាមួយសមភាគីឥណ្ឌូណេស៊ី លោកស្រី Retno Marsudi ជជែកពីបញ្ហានយោបាននៅមីយ៉ាន់ម៉ា។ ជំនួបរដ្ឋមន្រ្តីការបរទេស ដែលនឹងប្រព្រឹត្តទៅនៅក្នុងក្រុងបាងកកនេះ ធ្វើឡើងបន្ទាប់ពី រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី លុបចោលដំណើរទៅមីយ៉ាន់ម៉ា។
 
 
តាមការចុះផ្សាយរបស់សារព័ត៌មាន Reuters រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi គ្រោងទស្សនកិច្ចទៅមីយ៉ាន់ម៉ានៅថ្ងៃទី២៤ ខែកុម្ភៈនេះ។ ប៉ុន្តែក្រោយមក អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៊ី បានអះអាងថា ទស្សនកិច្ចទៅមីយ៉ាន់ម៉ា នៅពេលនេះ មិនមែនជាជម្រើសល្អទេ និងត្រូវលុបចោលវិញ។ 
 
ស្របពេលប្រមុខការទូតឥណ្ឌូណេស៊ីមានវត្តមានក្នុងប្រទេសថៃស្រាប់ រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា លោក Wunna Maung Lwin ក៏បានធ្វើដំណើរទៅថៃដែរ។ តាមប្រភពមន្រ្តីរដ្ឋាភិបាលថៃម្នាក់ ប្រមុខការទូតទាំងពីរ អាចនឹងមានជំនួបដាច់ដោយឡែកមួយ។ លោក Wunna Maung Lwin ក៏ត្រូវមានជំនួបជាមួយប្រមុខការទូតថៃ លោក Don Pramudwinai ផងដែរ។ ជំនួបត្រីភាគី រំពឹងនឹងកើតមាន។  
 
ក្នុងជំនួបនេះ ភាគីមីយ៉ាន់ម៉ា និងថៃ ឥណ្ឌូណេស៊ី នឹងជជែកពីស្ថានការណ៍នយោបាយ និងដំណោះស្រាយនៅមីយ៉ាន់ម៉ា។ ការគ្រប់គ្រងស្ថានការណ៍ មិនឱ្យឈានទៅដល់ការបង្ហូរឈាម និងការសម្របសម្រួលរវាងក្រុមបាតុករ និងរបបសឹក ក៏អាចស្ថិតក្នុងរបៀបវារៈនៃជំនួបខាងលើដែរ។ 
 
កន្លងមក គេឃើញមានរបាយការណ៍ចុះផ្សាយថា ឥណ្ឌូណេស៊ី កំពុងស្វែងរកការគាំទ្រលើផែនការសកម្មភាពពីសំណាក់សមាជិកអាស៊ាន ក្នុងការសម្របសម្រួលឱ្យរបបសឹកយោធារៀបចំការបោះឆ្នោតឡើងវិញ ប៉ុន្តែផែនការនេះ មិនត្រូវបានក្រុមបាតុករមីយ៉ាន់ម៉ា គាំទ្រឡើយ ព្រោះវាជាសញ្ញាបញ្ហាថា ឥណ្ឌូណេស៊ី គាំទ្ររដ្ឋប្រហារនៅមីយ៉ាន់ម៉ា។ ក្រុមបាតុករ ទាមទារឱ្យរបបសឹកទទួលស្គាល់លទ្ធផលបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០២០។ យ៉ាងណាមិញ របាយការណ៍នេះ ក្រោយមក ត្រូវក្រសួងការបរទេសឥណ្ឌូណេស៊ីបដិសេធ។ 
 
ស្របគ្នានេះដែរ រដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាង យី បានប្រកាសគាំទ្រកិច្ចខិតខំរបស់អាស៊ានក្នុងការដោះស្រាយបញ្ហានយោបាយនៅមីយ៉ាន់ម៉ា។ នៅក្នុងការចុះផ្សាយរបស់សារព័ត៌មានរដ្ឋ លោក វ៉ាង បានបញ្ជាក់ថា ចិន ត្រៀមខ្លួនរួចរាល់ហើយ ក្នុងការសហការជាមួយអាស៊ាន ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅមីយ៉ាន់ម៉ា។ មិនតែប៉ុណ្ណោះ ប្រមុខការទូតចិនរូបនេះ ក៏បានជំរុញជាថ្មី ឱ្យភាគីនយោបាយពាក់ព័ន្ធទាំងអស់ ដោះស្រាយបញ្ហាប្រកបដោយស្ថិរភាព ដើម្បីផលប្រយោជន៍របស់ប្រទេស៕ 
 

Tag:
 មីយ៉ាន់ម៉ា
  ថៃ
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com