COVID-19
ជាតិ
សង្គមជាតិ
​រដ្ឋមន្ត្រី​អប់រំ​ឲ្យ​អនុវត្តតាម​អន​ឡាញ​ចំពោះ​កិច្ចប្រជុំ សិក្ខាសាលា វគ្គ​បំប៉ន និង​វគ្គ​បណ្តុះបណ្តាល​នានា​
24, Feb 2021 , 9:59 pm        
រូបភាព
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
ដោយ:
​ភ្នំពេញ​៖ ក្រោយពី​កើតមាន​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ណែនាំ​អង្គភាព​នៅក្រោម​ទាំងអស់​ផ្អាក​បេសកកម្ម​ក្នុងប្រទេស​រយៈពេល​២​សប្តាហ៍​សិន​។ ប៉ុន្តែ​រាល់​កិច្ចប្រជុំ សិក្ខាសាលា វគ្គ​បំប៉ន និង​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ​គឺ​ត្រូវ​អនុវត្តតាម​អន​ឡាញ​វិញ​។
 
​បើតាម​សេចក្តីណែនាំ​ស្តីពី​វិធានការ​សម្រាប់​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​អប់រំ យុវជន និង​កីឡា​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នា​ថ្ងៃទី​២៤ ខែកុម្ភៈ លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រាប់​អង្គភាព​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ទាំងអស់ ត្រូវ​តាមដាន និង​រាយការណ៍​ជាប្រចាំ​អំពី​ស្ថានភាព​សុខភាព​របស់​មន្ត្រី​។ ក្នុងករណី​មន្ត្រី​ណា​ម្នា​ក់មាន​រោគសញ្ញា​សង្ស័យ​នឹង​ជំងឺ​កូ​វីដ​-១៩ គឺ​ត្រូវ​រាយការណ៍​មក​ក្រសួង​អប់រំ​។ 
 
​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ណែនាំ​ដល់​បុគ្គលិក គ្រូ និង​សិស្សានុសិស្ស​ជៀសវាង​ទៅ​កន្លែង​ដែលមាន​ហានិភ័យ​ខ្ពស់​ដែល​ងាយ​នឹង​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។ គ្រប់​គ្រឹះស្ថានសិក្សា​ទាំងអស់​គឺ​ត្រូវ​ផ្អាក​ការជួបជុំ និង​សកម្មភាព​លេង​កីឡា​ដែលមាន​មនុស្ស​លើសពី​២០​នាក់​។ នេះ​បើតាម​សេចក្តីជូនដំណឹង​ស្តីពី​ការ​រឹតបន្តឹង​ការអនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព​សិក្សា​នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ​និង​ឯកជន​ទូទាំងប្រទេស​នា​ថ្ងៃទី​២២ ខែកុម្ភៈ​។ 
 
​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​ប្រាប់​ដល់​គ្រឹះស្ថានសិក្សា​ទាំងអស់​បន្ត​អនុវត្ត​ឲ្យ​បាន​ម៉ឹង​មាត់​នូវ​គោលការណ៍​ស្តង់ដា​(SOP)​។ ក្នុងករណី​គ្រឹះស្ថានសិក្សា​ណា​សង្ស័យ​មាន​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ គ្រប់​គ្រឹះស្ថានសិក្សា​គឺ​ត្រូវ​រាយការណ៍ និង​បូកសរុប​របាយការណ៍​ជាបន្ទាន់​មក​អាជ្ញាធរ និង​ក្រសួង​អប់រំ​។ 
 
​លោក​រដ្ឋមន្ត្រី​អប់រំ បាន​ណែនាំ​ដល់​បុគ្គលិក គ្រូ និង​សិស្សានុសិស្ស​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ គឺ​ត្រូវ​ទៅធ្វើ​តេស្ត ពិនិត្យ​តាមដាន​សុខភាព​ខ្លួនឯង ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​រាយការណ៍​មក​អាជ្ញាធរ​អប់រំ​តាម​ឋា​នុ​ក្រម​។ 
 
​រហូតមកដល់​ពេលនេះ​សាលារៀន​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​ទាំងអស់​គឺ ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡា​ប្រកាស​ឲ្យ​ផ្អាក​រយៈពេល​២​សប្តាហ៍​សិន ក្រោយពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩​កាន់តែ​រាតត្បាត​ខ្លាំង​ឡើង ។ 
 
​ជាមួយគ្នានេះ​រាជរដ្ឋាភិបាល​ក៏បាន​ប្រកាស​បិទ​ទីតាំង​ចំនួន​៤៧​ទៀត ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ​។ រួមទាំង​បិទ​រោងភាពយន្ត រោង​សម្តែង​សិល្បៈ និង​សារមន្ទីរ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​រយៈពេល​២​សប្តាហ៍​សិន​។ លើសពីនេះ​រាជរដ្ឋាភិបាល​ក៏បាន​ប្រាប់​ដល់​ម្ចាស់​អាជីវកម្ម​KTV ក្លឹប​កម្សាន្ត ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក និង​បៀរហ្គាឌិន​បន្ត​ផ្អាក​អាជីវកម្ម​របស់ខ្លួន​ឲ្យ​បាន​ម៉ឹង​មាត់​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។ 
 
​គិត​មក​ថ្ងៃទី​២៤ ខែកុម្ភៈ​នេះ​កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​សរុប​ចំនួន​១៣៧​នាក់​ហើយ​។ សរុប​តួលេខ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​នៅ​កម្ពុជា​ទាំងមូល​មាន​ចំនួន​៦៣៣​នាក់ ក្នុងនោះ​ជាសះស្បើយ​ចំនួន​៤៧៦​នាក់​៕ 
 
 
 
 
 
 
 
 
 

Tag:
 អប់រំ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com