ស្រុកវ៉ារិន ខេត្តសៀមរាប៖ ធ្លាប់ជាពលករចំណាកស្រុកនៅប្រទេសថៃ តែបច្ចុប្បន្ន អ្នកស្រី តាំង ជឿន ជាយុវជនដ៏លេចធ្លោមួយរូបនៅសហគមន៍។ អ្នកស្រីមានតួនាទីជាអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍នៃអង្គការទស្សនៈពិភពលោកប្រចាំខេត្តសៀមរាប។ ថ្វីដ្បិតជាការងារស្ម័គ្រចិត្ត ប៉ុន្តែស្ត្រីវ័យ៤០ឆ្នាំរូបនេះ បំពេញការងារដោយក្តីស្រឡាញ់ពេញចិត្ត ព្រោះបានរួមចំណែកជួយដល់ពលរដ្ឋមូលដ្ឋាន រួមទាំងលើកមុខមាត់ខ្លួនឯង និងគ្រួសារ។
«ដំបូង ខ្ញុំយល់ថាខ្លួនជាពលរដ្ឋធម្មតាដែលមិនអាចធ្វើអ្វីបាននោះឡើយ ហើយគិតថា គេមិនផ្តល់តម្លៃ ប៉ុន្តែក្រោយចាប់ផ្តើមធ្វើសកម្មភាពស្ម័គ្រចិត្តក្នុងភូមិ ការងាររបស់ខ្ញុំមានការទទួលស្គាល់ និងត្រូវបានផ្តល់តម្លៃជាបន្តបន្ទាប់»។ អ្នកស្រី តាំង ជឿន បានរំលឹកយ៉ាងដូច្នេះ ទាក់ទងនឹងការសម្រេចប្រឡូកខ្លួនក្នុងបណ្តាញយុវជនសហគមន៍។
ចាប់តាំងពីឆ្នាំ២០១៤ អ្នកឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាបរូបនេះ បានផ្តើមការងារជាអ្នកស្ម័គ្រចិត្តសម្របសម្រួលគណនេយ្យភាពសហគមន៍ជាមួយអង្គការទស្សនៈពិភពលោក ក្រោយចំណាយពេលធ្វើជាពលករនៅប្រទេសថៃរយៈពេល៦ឆ្នាំ។ អ្នកស្រី សម្រេចចិត្តទៅធ្វើជាពលករខុសច្បាស់នៅប្រទេសថៃ ក្រោយរៀបការរួច។ នៅទីនោះ ប្ដីប្រពន្ធថ្មីថ្មោងគូនេះ មានការងារនិងស្នាក់នៅក្នុងការដ្ឋានសំណង់ ដែលទទួលបានប្រាក់ថ្ងៃ១៨០បាតសម្រាប់ប្រពន្ធ រីឯប្ដី ២២០បាត។ អ្នកស្រី តាំង ជឿន រំលឹកថា៖« យើងសម្រេចត្រឡប់មកស្រុកវិញ ព្រោះពេលនោះគ្រួសារខ្ញុំ (ប្ដី) គាត់មានម្ដាយចាស់ជរា»។
ជាអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ អ្នកស្រី តាំង ជឿន មានតួនាទីចុះផ្សព្វផ្សាយកញ្ចប់សេវាគណនេយ្យភាពដល់ពលរដ្ឋ រួមទាំងអាជ្ញាធរមូលដ្ឋាន។ អ្នកស្រីបានរៀបរាប់ថា៖ «យើងបញ្ជ្រាបពលរដ្ឋឲ្យយល់ដឹងពីតួនាទី និងសិទ្ធិរបស់ខ្លួន ហើយជំរុញអាជ្ញាធរមូលដ្ឋានឲ្យយល់កាន់តែច្បាស់ពីគណនេយ្យភាពសង្គម និងតួនាទីរបស់ខ្លួនក្នុងនាមជាអ្នកផ្តល់សេវា ដោយធ្វើយ៉ាងណាដើម្បីឲ្យអ្នកផ្តល់សេវា និងអ្នកទទួលសេវាធ្វើការជាមួយគ្នា យល់ពីគ្នា និងសហការគ្នាដោយជិតស្និទ្ធ»។
អ្នកស្រី តាំង ជឿន កំពុងបង្រៀនពីកម្មវិធីគណនេយ្យភាពសង្គម នៅស្រុកពួក នាពាក់កណ្ដាលខែ មករា ឆ្នាំ២០២១។ រូបភាព៖ អ៊ីសា រ៉ហានី
ជាការងារស្ម័គ្រចិត្ត ដែលទទួលបានតែប្រាក់ឧបត្ថម្ភ ប៉ុន្តែអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍រូបនេះ ពេញចិត្តធ្វើយ៉ាងរីករាយ បើទោះបីជាត្រូវជិះម៉ូតូផ្លូវឆ្ងាយ កាត់វាលស្រែ និងឆ្លងកាត់ឧបសគ្គមួយចំនួន ពេលចុះបំពេញការងារម្តងៗក៏ដោយ ពិសេសពេលអ្នកស្រីមានផ្ទៃពោះ និងកូននៅតូចៗ។ យ៉ាងណាក្ដី ឧបសគ្គទាំងនោះ មិនបានរាំងស្ទះដល់ស្ដ្រីដែលមានកូនបីនាក់ក្នុងបន្ទុករូបនេះ បោះបង់ឡើយ។ ពេលខ្លះ ស្ដ្រីរូបនេះ ត្រូវធ្វើដំណើរដោយស្ពាយកូនតូចជាប់ខ្លួនចុះតាមភូមិដែលឆ្ងាយពីផ្ទះ២០ទៅ៣០គីឡូម៉ែត្រ ដោយឆ្លងកាត់ផ្លូវពិបាក កាត់ភ្លៀងជាដើម។
អ្នកស្រីរំលឹកថា៖«ជួនណាប៉ះភ្លៀងផ្គរ ក៏រងារទាំងកូនទាំងម៉ែ ជួនមកដល់ផ្ទះទាំងយប់ផងក៏មាន»។
ក្នុងពាក្យសំដីមួយៗ និងទៅតាមសំនៀងរដឺន អ្នកស្រី តាំង ជឿន បន្ថែមថា ការចាប់ផ្តើមប្រឡូកក្នុងកិច្ចការងារនេះ ក៏មិនមែនងាយស្រួលប៉ុន្មានដែរ។ មុនដំបូងប្រជាពលរដ្ឋមិនចាប់អារម្មណ៍ជាមួយវត្តមានក្រុមអ្នកស្ម័គ្រចិត្ត ថែមទាំងមិនចង់ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយនានា រីឯមន្ត្រីខ្លះបានបោះសំដីក្នុងន័យមិនពេញចិត្តថា ពួកគេគឺជាអ្នកបំពុលសង្គម។
យ៉ាងណាក៏ដោយ ក្រោយមានការចុះអប់រំជាបន្ដបន្ទាប់ និងជំនះការលំបាកសព្វបែបយ៉ាង ទាំងប្រជាពលរដ្ឋនិងអាជ្ញាធរចាប់ផ្តើមយល់ពីសារសំខាន់នៃការងារនេះ និងសហការជាមួយក្រុមអ្នកស្ម័គ្រចិត្តដោយរលូន។
ក្នុងទឹកមុខញញឹម និងមានកម្លាំងចិត្តតស៊ូក្នុងការសង្គមនេះទៅមុខទៀត អ្នកស្រី តាំង ជឿនរៀបរាប់ថា៖« សាលាឃុំ ពីមុនក៏មិនសូវយល់ពីសកម្មភាពពួកយើង ដោយគិតថា ការងារនេះជារបស់អង្គការ តែរាល់ថ្ងៃគាត់ដឹងថាជាការងាររបស់ក្រុមគាត់ ជារបស់រដ្ឋាភិបាល»។
អ្នកស្រី តាំង ជឿន បានដិតដាមទៅនឹងការងារសហគមន៍តាំងពីកុមារភាពមកម្ល៉េះ ប៉ុន្តែកន្លងមក ក្តីស្រមៃនេះ ត្រូវអាក់ខាន ដោយសារអ្នកស្រីប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុទិយភូមិ (បាក់ឌុប) នៅឆ្នាំ២០០០។ គាត់បានក្លាយជាគ្រូកិច្ចសន្យាមួយរយៈ ប៉ុន្តែក្រោយមក បានរៀបការ ហើយចេញទៅធ្វើការជាពលករនៅប្រទេសថៃ។
មានកូនបីនាក់ក្នុងបន្ទុក អ្នកស្រីបានវិលត្រឡប់មកខ្មែរវិញ ហើយក៏បានមានឱកាសប្រឡូកក្នុងការងារសង្គមជាមួយអង្គការទស្សនៈពិភពលោក។ អ្នកស្រី តាំង ជឿន បានប្រៀបធៀបថា ការធ្វើចំណាកស្រុក ពិតជាបានចំណូលគួរសម ប៉ុន្តែជាការងារដែលប្រើកម្លាំងសុទ្ធសាធ ខណៈការងារស្ម័គ្រចិត្តនៅក្នុងស្រុក បានចំណូលតិច តែមានកិត្តិយស ហើយក៏មិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើបាននោះដែរ។ «ខ្ញុំមានមោទកភាព ទោះបីខ្ញុំជាមនុស្សធម្មតាមែន ទោះបីខ្ញុំអត់មានអីមែន ខ្ញុំគិតខ្លួនឯងថា ខ្ញុំជាមនុស្សដែលអស្ចារ្យម្នាក់ដែលអាចធ្វើអ្វីបាននៅក្នុងស្រុករបស់ខ្លួនឯង ដែលអ្នកដទៃមិនអាចធ្វើបាននៅក្នុងភូមិ នៅសម័យខ្ញុំ (អ្នករៀនជំនាន់ជាមួយ) សឹងតែមិនមានអ្នកដែលមានការយល់ដឹងច្រើន តែសម្រាប់ខ្ញុំប៉ុណ្ណេះ ធ្វើបានប៉ុណ្ណេះ ស័ក្ដិសមហើយ»។
នៅឆ្នាំ២០១៩ អ្នកស្រី តាំង ជឿន ដែលមានវោហាស័ព្ទ និងច្បាស់លាស់ជាមួយការងារ មានប្រជាប្រិយភាពកាន់តែខ្លាំងក្នុងចំណោមយុវជនស្ម័គ្រចិត្តគណនេយ្យភាពសហគមន៍ ហើយចុងក្រោយអ្នកស្រីត្រូវបានជ្រើសតាំងជាប្រធានក្រុមយុវជនថ្នាក់ខេត្ត។
ជាប្រធាន យុវជនថ្នាក់ខេត្ត អ្នកសៀមរាបរូបនេះ មានតួនាទីគ្រប់គ្រង សម្របសម្រួល ផ្តល់យោបល់ ប្រឹក្សា ចែករំលែកចំណេះដឹង ទៅដល់យុវជនជាអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ប្រមាណ២០០នាក់ តាមបណ្ដាស្រុកគោលដៅចំនួន៥ ក្នុងគម្រោងរបស់អង្គការទស្សនៈពិភពលោកទាំងមូលក្នុងខេត្តសៀមរាប។ អ្នកស្រី តាំង ជឿន មានមោទកភាពចំពោះខ្លួនឯងជាខ្លាំងក្នុងតួនាទីនេះ។ អ្នកស្រីរៀបរាប់ថា៖« ការខិតខំប្រឹងប្រែងរបស់ខ្ញុំប៉ុន្មានឆ្នាំ វាមិនខាតបង់ ចុងក្រោយយើងក្លាយជាប្រធានបណ្ដាញរបស់ថ្នាក់ខេត្ត ហើយអាចធ្វើការនេះ បានទាំងកិត្ដិយស អាចជួយការងារដល់បណ្ដាញថ្នាក់ស្រុក និងស្គាល់គេច្រើន បានជួយបណ្ដាញយុវជនថ្មីៗបន្តទៀត»។
លោក យក់ ឆែម ជាមិត្តភក្ដិជិតសិ្នទ្ធម្នាក់ រៀបរាប់ថា អ្នកស្រី តាំង ជឿន មានទេពកោសល្យខ្ពស់ក្នុងការនិយាយជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរ លើការផ្សព្វផ្សាយព័ត៌មានការងារគណនេយ្យភាពសង្គម។ លោកបន្ថែមថា៖« គាត់និយាយល្អ ច្បាស់ៗ ងាយយល់ ហើយដោយសារគាត់ជាស្ដ្រីផងនោះ ពេលនិយាយទៅកាន់អ្នកភូមិ ឬតាមឃុំអី មានលក្ខណៈពិសេស គេស្ដាប់បានច្រើន»។
ចំណែក អ្នកស្រី សៀក ស៊ួ ដែលជាមិត្តរួមការងារ ក៏បានកោតសរសើរពីទេពកោសល្យដ៏លេចធ្លោរបស់អ្នកស្រី តាំង ជឿន ផងដែរ។ អ្នកស្ម័គ្រចិត្តសម្របសម្រួលគណនេយ្យភាពសហគមន៍ក្នុងឃុំសសរស្ដម្ភ នៃស្រុកពួក រូបនេះរៀបរាប់ថា អ្នកស្រីបានស្គាល់អ្នកស្រី តាំង ជឿន នៅដើមឆ្នាំ២០១៨ ដោយសង្កេតឃើញថា បុគ្គលរូបនេះមានសមត្ថភាពខ្ពស់ក្នុងការទាញការចាប់អារម្មណ៍ពីអ្នកស្ដាប់ ពិសេសមានភាពក្លាហានក្នុងការងារ។ ជាសិស្សប្អូនមួយរូប អ្នកស្រី សៀក ស៊ួ លួចប្រាថ្នាថា ខ្លួនឯងនឹងមានសមត្ថភាពដូចរាមច្បងរូបនេះដែរ។
អ្នកស្រី តាំង ជឿន កំពុងផ្សព្វផ្សាយពីអត្ដសញ្ញាណកម្មក្រីក្រដល់ពលរដ្ឋនៅស្រុកពួក នាពាក់កណ្ដាលខែ មករា ឆ្នាំ២០២១។ រូបភាព៖ អ៊ីសា រ៉ហានី
មានបទពិសោធន៍ប្រមាណ៧ឆ្នាំក្នុងការងារគណនេយ្យសង្គម អ្នកស្រី តាំង ជឿន យល់ថា ការងារនេះពិតជាមានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាធ្វើឱ្យមានការអភិវឌ្ឍសហគមន៍មូលដ្ឋាន។ អ្នកស្រីពន្យល់យ៉ាងដូច្នេះ៖« ដោយសារពលរដ្ឋរាល់ថ្ងៃផ្តោតសំខាន់លើសេវាទាំង៣ (ឃុំ-សង្កាត់, សាលាបឋមសិក្សា, មណ្ឌលសុខភាព) បើសេវាទាំង៣នេះមិនបានផ្តល់សេវាបានល្អទេ សួរថាសហគមន៍យើងមានតម្លាភាពឬអត់ ហើយរីកចម្រើនឬអត់ សហគមន៍យើងជោគជ័យឬអត់»។
ក្រៅពីទទួលបានការគោរពស្រឡាញ់ពីប្រជាពលរដ្ឋហើយនោះ អ្នកស្ម័គ្រចិត្តរូបនេះ ក៏បានធ្វើឱ្យក្រុមគ្រួសារមានមោទកភាពដោយសារខ្លួនផងដែរ។ «កុំថាឡើយតែកូនៗ ទោះបងប្អូន មីងមា ម៉ែឪ ក៏គាត់មានមោទនភាពលើរូបខ្ញុំ រហូតដល់គាត់គិតថា មិនចង់ឱ្យទៅណាចង់ឱ្យធ្វើការងារនេះ ព្រោះមានមោទនភាព មានគេស្គាល់ច្រើន គ្រួសារក៏មានមុខមាត់»។
បច្ចុប្បន្ន ទោះស្ថិតក្នុងវិថីការងារនេះច្រើនឆ្នាំទៅហើយក្ដី ប៉ុន្តែអ្នកស្រី តាំង ជឿន នៅតែសប្បាយនិងស្រឡាញ់ការងារនេះ និងមិនទាន់ចង់ចេញឆ្ងាយពីការងារសង្គមមួយនេះឡើយ។ ក្នុងកិច្ចសម្ភាសចុងក្រោយជាមួយអ្នកសារព័ត៌មាន ស្ដ្រីរូបនេះថា ប្រសិនឱកាសនៅតែមានសម្រាប់ខ្លួន នោះនៅតែបំពេញការងារនេះរហូត គឺរហូតដល់ខ្លួនឯងលែងមានកម្លាំង ឬរហូតដល់ជីវិតចុងក្រោយ។ ក្នុងបុព្វហេតុតែម្យ៉ាង គឺដើម្បីជួយសហគមន៍ឱ្យមានការរីកចម្រើន៕