COVID-19
ជាតិ
លោក អ៊ៀ ម៉ាលី​៖ ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី ក៏​ទទួលបាន​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ដែរ​
25, Feb 2021 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ លោក អ៊ៀ ម៉ាលី ជនជាតិខ្មែរ ដែល​កំពុង​រស់នៅក្នុង​ទីក្រុង​មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី លើកឡើងថា រដ្ឋាភិបាល​អូស្ត្រាលី នឹង​ផ្តល់​វ៉ាក់សាំង​កូ​វីដ​-១៩ ដល់​មនុស្ស​គ្រប់គ្នា ដោយ​រួមទាំង​ជនបរទេស ដែល​កំពុង​រស់នៅ​លើទឹក​ដី​អូស្ត្រាលី​ផងដែរ​។ លោក បញ្ជាក់ថា លោក នឹង​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ នៅពេល​រដ្ឋាភិបាល​អូស្ត្រាលី អនុញ្ញាត​។​


​លោក អ៊ៀ ម៉ាលី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ប្រអប់​ឆ្លងឆ្លើយ​ហ្វេ​ស​ប៊ុ​ក (Messenger Facebook) ថា នៅ​អូស្ត្រាលី មិន​ខុសពី​ប្រទេស​កម្ពុជា​ឡើយ គឺ​ក្រុមមនុស្ស​មាន​ហានិភ័យ​ខ្ពស់ ដូចជា​ចាស់ជរា ប៉ូលីស និង​គ្រូពេទ្យ ជាដើម នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង​មុនគេ​។ បុរស​វ័យ​៦៣​ឆ្នាំ​រូបនេះ អះអាងថា វ៉ាក់សាំង​កូ​វីដ​-១៩ នឹងត្រូវ​ចាក់​ជូន​មនុស្ស​គ្រប់រូប ដោយ​ឥតគិតថ្លៃ ដោយ​រួមបញ្ចូល​ទាំង​អ្នក​មិនមាន​ប័​ណ្ឌ​ថែទាំ​សុខភាព អ្នក​ទេសចរណ៍​អន្តរជាតិ និស្សិត​អន្តរជាតិ ជន​ដែលមាន​ទិដ្ឋាការ​ធ្វើការ និង អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​។ 


 
​លោក បន្តថា តាម​ការប៉ាន់ស្មាន​រប​ស់​រដ្ឋាភិបាល​អូស្ត្រាលី ការចាក់​វ៉ាក់សាំង​ការពារ​ជំ​ងី​កូ​វីដ​-១៩​នេះ ប្រហែលជា​អាច​ចាក់​បាន​៨​ម៉ឺន​នាក់ ក្នុង​មួយ​សប្ដាហ៍ ហើយ​តាម​ការប៉ាន់ស្មាន ប្រជាជន​អូស្ត្រាលី ប្រហែល​៨០​ភាគរយ​នឹង​ត្រូវបាន​ចាក់​វ៉ាក់សាំង​។ លោក បន្ថែមថា អ្នក​ដែល​ស្ថិតក្នុង​ក្រុម​អាទិភាព​ខ្ពស់​ជាងគេ ទំនង​បាន​ចាក់​វ៉ាក់សាំង ហ្វី​ស្សឺ (Pfizer) មក​ប្រទេស​បែ​ល​ហ្សិ​ក ហើយ​ចំពោះ​ប្រជាជន​ដទៃទៀត ប្រហែលជា​ចាក់​វ៉ាក់សាំង ដែល​ផលិត​ក្នុងប្រទេស​អូស្ត្រាលី​។ 
 
​លោក មានប្រសាសន៍​ថ​៖«​នៅ​អូស្ត្រាលី មិនមាន​លក្ខខណ្ឌ​ពិសេស​អ្វី​សម្រាប់​ជនបរទេស ឬ​ជន​ចំណាកស្រុក​ឡើយ គឺ​ពួកគាត់​នឹង​ទទួលបាន​វ៉ាក់សាំង​ដោយ​ឥតគិតថ្លៃ​គ្រប់គ្នា ទៅតាម​ការស្ម័គ្រចិត្ត​។ ខ្ញុំ​នឹង​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ព្រោះ​ខ្ញុំ​ជឿជាក់​លើ​វ៉ាក់សាំង​មកពី​អឺរ៉ុប [​វ៉ាក់សាំង​ពី​បែ​ល​ហ្សិ​ក​]...​។ ស្ថានភាព​រស់នៅ​របស់​ខ្ញុំ និង​ប្រជាជន​ដទៃទៀត​ក្នុង​តំបន់​ដែល​ខ្ញុំ​រស់នៅ នៅពេល​បច្ចុប្បន្ននេះ​គឺ​ធម្មតា ព្រោះ​នៅទីនេះ​មិនមាន​ករណី​ឆ្លង​ទៀត​ទេ​។ ខ្ញុំ​មិនសូវ​ចេញទៅ​ក្រៅ​ទេ ប្រសិនបើ​មិនចាំបាច់ ខ្ញុំ​នៅតែ​រក្សា​អនាម័យ និង​ប្រយ័ត្នប្រយែង​ជានិច្ច ដើម្បី​ការពារ​ខ្លួន​»​។ 
 
​នៅ​អូស្ត្រាលី​ក៏​ដូច​នៅ​កម្ពុជា​ដែរ ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ឬ​មិន​ចាក់ គឺ​ផ្អែកលើ​សម្រេចចិត្ត​រប​ស់បុ​គ្គល​ម្នាក់ៗ​៕ 
 
 
 

Tag:
 វ៉ាក់សាំង​
  កូ​វីដ​-១៩
  អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com