អន្តរជាតិ
ចិនបង្ហាញឆន្ទៈចង់ស្រោចស្រង់ចំណងពាណិជ្ជកម្មជាមួយអាមេរិកវិញ
25, Feb 2021 , 11:46 am        
រូបភាព
ដោយ:
រដ្ឋមន្តីក្រសួងពាណិជ្ជកម្មចិន Wang Wentao អះអាងថាខ្លួនរំពឹងធ្វើការជាមួយអាមេរិកដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរត្រឡប់ទៅរកភាពល្អប្រសើរវិញ។   មន្ត្រីជានខ្ពស់ចិនរូបនេះក៏ទទូចឱ្យអាមេរិកស្តារឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដែរ ប៉ុន្តែលោកពុំបានបញ្ជាក់ពីពេលវេលាក្នុងការចាប់ផ្តើមការចរចាឡើងវិញ ឬបង្ហាញពីសម្បទានអ្វីឡើយ។


«ចិនមានឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរពាណិជ្ជកម្ម សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការ[ជាមួយអាមេរិក] ដោយឈរលើការគោរពគ្នា សមភាព និងប្រយោជន៍រួម»។ លោកWang Wentao លើកឡើងដូច្នេះ ក្នុងសន្និសីទសារព័ត៌មានលើកទីមួយ នៅថ្ងៃទី២៤ ខែកុម្ភៈ។
 
មន្ត្រីរូបនេះបន្តថា នៅដំណាក់កាលបន្ទាប់ លោកនឹងប្រឹងប្រែងធ្វើការជាមួយអាមេរិកដើម្បីពង្រឹងទំនាក់ទំនង ពង្រឹងការយល់ដឹងពីគ្នា ជំរុញការគ្រប់គ្រងហានិភ័យរួម និង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មបន្ថែមទៀតឱ្យស្របតាមស្មារតីនៃកិច្ចសន្ទនារវាងប្រមុខរដ្ឋអាមេរិក និងចិន។ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។
 
ការលើកឡើងរបស់រដ្ឋមន្ត្រីពាណិជ្ជកម្មចិន ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយលោកស្រីJanet Yellen រដ្ឋមន្ត្រីក្រសួងរតនាគារជាតិអាមេរិកលើកឡើងថា រដ្ឋបាលលោកប្រធានាធិបតី ចូ បៃឌិន អនុវត្តគោលនយោបាយពាណិជ្ជកម្មដាក់ពន្ធលើទំនិញចិន ដែលដាក់ចេញដោយអតីតប្រធានាធិបតី ដូណាល់ ត្រាំ មួយរយៈសិន។ 
 
ដូចគ្នានេះដែរ ក្នុងការសួរដេញដោលដោយព្រឹទ្ធសភានៅថ្ងៃទី២៣ ខែកុម្ភៈ លោក Wally Adeyemo បេក្ខភាពអនុរដ្ឋមន្ត្រីក្រសួងរតនាគារជាតិ និយាយថារដ្ឋបាលអាមេរិក នឹងបន្តហាមឃាត់ការវិនិយោគពីចិន និងធ្វើយ៉ាងណាឱ្យចិនទទួលខុសត្រូវចំពោះការធ្វើពាណិជ្ជកម្មដែលផ្ទុយទៅនឹងច្បាប់អន្តរជាតិ និងប៉ះពាល់ដល់សន្តិសុខជាតិអាមេរិកដែរ។
 
ទំនងរំពឹងគិតថា រដ្ឋបាលលោកបៃឌិនអាចនឹងមានគោលនយោបាយតឹងតែងមកលើចិនជាងមុន លោកវ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនផ្តល់យោបល់ថា អាមេរិកគួរលុបចោលពន្ធលើទំនិញចិន ឈប់កៀបសង្កត់លើក្រុមហ៊ុនបច្ចេកវិទ្យាចិន និងឈប់ការរឹតបន្តឹងលើគ្រឹះស្ថានស្រាវជ្រាវវិទ្យាសាស្ត្រ។ 
 
ក្រុងប៉េកាំង និងវ៉ាស៊ីនតោន បានបន្តដាក់ពន្ធលើទំនិញគ្នាទៅវិញទៅមកដែលមានតម្លៃរហូតដល់រាប់សិបពាន់លានដុល្លារ ហើយភាគីទាំងពីរផ្អាកអនុវត្តពន្ធនេះនៅដើមខែមករា ឆ្នាំ២០២០ដោយសារជំងឺឆ្លងកូវីដ-១៩។
 
ជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មបណ្តោះអាសន្ន ចិនសន្យាទិញទំនិញ និងសេវាកម្មបន្ថែមពីអាមេរិកក្នុងតម្លៃ២០០ពាន់លានដុល្លារ សម្រាប់រយៈពេលពីរឆ្នាំ។ ប៉ុន្តែមកដល់ឥឡូវ ចិនទិញបានតែ៦០ភាគរយនៃការសន្យាប៉ុណ្ណោះ។
 
បើទោះបីជាសេដ្ឋកិច្ចប្រទេសទាំងពីររងគ្រោះដោយជំងឺកូវីដ-១៩ក្តី បើតាមរដ្ឋមន្ត្រីពាណិជ្ជកម្មចិន ទំហំពាណិជ្ជកម្មក្នុងឆ្នាំ២០២០ កើនឡើង៨,៨ភាគរយ ពោលគឺមានទំហំប្រមាណ៦២០ពាន់លានដុល្លារ។ ដោយសំដៅលើទិន្ន័យនេះ លោក Wang លើកឡើងថា មានតែកិច្ចសហប្រតិបត្តិការតែប៉ុណ្ណោះដែលជាជម្រើសត្រឹមត្រូវសម្រាប់ភាគីទាំងពីរ  ហើយជំនួញ និងការវិនិយោគរវាងប្រទេសទាំងពីររួមចំណែកវិជ្ជមានក្នុងការស្រោចស្រង់សេដ្ឋកិច្ច និងផ្តល់ផលប្រយោជន៍យ៉ាងពិតប្រាកដ៕
 
 

Tag:
 អាមេរិក
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com