ជាតិ
សង្គមជាតិ
ប្រមុខរដ្ឋាភិបាល បញ្ជាឲ្យស្រាវជ្រាវរក «ខ្សែរយៈឧក្រិដ្ឋជនគ្រឿងញៀនធំៗ ដើម្បីបង្ក្រាបឲ្យដល់ឫសគល់»
25, Feb 2021 , 1:05 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន (ស្តាំដៃ) និង សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ហើយក៏ជាប្រធាននៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ ទៅចូលរួមសមាជគណបក្សប្រជាជនកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨។ រូបពី AFP
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន (ស្តាំដៃ) និង សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ហើយក៏ជាប្រធាននៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ ទៅចូលរួមសមាជគណបក្សប្រជាជនកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨។ រូបពី AFP
ដោយ:
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន  បានបន្តដាក់ចេញនូវផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ ដោយផែនការនេះ គឺសម្រាប់អនុវត្តរយៈពេលមួយឆ្នាំពេញក្នុងឆ្នាំ២០២១។  ក្នុងឯកសារផែនការនេះ ដែលចុះហត្ថលេខា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេច បានផ្តល់អនុសាសន៍មួយចំនួន ឲ្យអាជ្ញាធរពាក់ព័ន្ធយកទៅអនុវត្ត ដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀននៅកម្ពុជា។


«[ត្រូវ] លើកកម្ពស់សកម្មភាពប្រតិបត្តិការទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿងញៀន ដែលនាំចូលពីក្រៅប្រទេស ដោយខិតខំពន្លាតនីតិវិធីស្រាវជ្រាវរកខ្សែរយៈឧក្រិដ្ឋជនគ្រឿងញៀនធំៗ ដើម្បីបង្ក្រាបឲ្យដល់ឫសគល់ ព្រមជាមួយនឹងការយកចិត្តទុកដាក់ក្នុងការបំប៉ន លើកកម្ពស់សមត្ថភាពមន្រ្តីអនុវត្តច្បាប់ ពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ សំដៅធ្វើឲ្យប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខុសច្បាប់ កាន់តែមានប្រសិទ្ធភាពខ្ពស់»។ នេះជាអនុសាសន៍មួយ ក្នុងចំណោមអនុសាសន៍ផ្សេងទៀតរបស់សម្តេចនាយករដ្ឋមន្រ្តី ដែលដាក់ឲ្យកងកម្លាំងនិងអាជ្ញាធរពាក់ព័ន្ធអនុវត្ត។

បន្ថែមពីនេះ សម្តេច បានជំរុញឲ្យអាជ្ញាធរ ប្រឹងប្រែងទប់ស្កាត់ការលួចនាំចូលគ្រឿងញៀនពីក្រៅប្រទេស ហើយត្រូវតស៊ូរកឲ្យឃើញទីតាំង ដែលលួចដាំ ផលិត និង កែច្នៃសារធាតុញៀននៅក្នុងប្រទេស។ ទន្ទឹមនឹងនេះ ប្រមុខរដ្ឋាភិបាល ប្រាប់ឲ្យអាជ្ញាធរ អនុវត្តច្បាប់លើបទល្មើសគ្រឿងញៀន ដោយគ្មានការយោគយល់និងការលើកលែង។ ប្រមុខរដ្ឋាភិបាល នៅតែជំរុញឲ្យអាជ្ញាធរ បង្កើនការផ្សព្វផ្សាយនិងការអប់រំដល់ប្រជាពលរដ្ឋ ដើម្បីឲ្យមានការយល់ដឹងពីគ្រោះថ្នាក់បណ្តាលមកពីគ្រឿងញៀន។

ក្នុងឆ្នាំ​២០២០ អាជ្ញាធរ បង្ក្រាបបទល្មើសគ្រឿងញៀន​បានជាង១ម៉ឺនករណី ដោយក្នុងនោះ ការ​ជួញដូរគ្រឿងញៀនខ្នាតធំៗ មាន​៧៧ករណី។ ការបង្ក្រាបបទល្មើសគ្រឿងញៀន​ជាង១ម៉ឺនករណីនេះ មានជនសង្ស័យ​ពាក់ព័ន្ធនឹងគ្រឿងញៀនជាង២,១ម៉ឺននាក់ ត្រូវចាប់ខ្លួន ហើយក្នុងចំណោមជាង២,១ម៉ឺនាក់នោះ មេខ្លោងគ្រឿងញៀនមាន៣១នាក់។ ក្នុងរយៈពេលពេញមួយឆ្នាំនៃឆ្នាំ២០២០កន្លងទៅ អាជ្ញាធរ រឹបអូសបានសារធាតុញៀន​​គ្រប់ប្រភេទ​ជាង៣,៨​ពាន់​​គីឡូក្រាម​ និងសារធាតុគីមីផ្សំ​ជាង​៤,៤ពាន់​គីឡូក្រាម​​។

សម្តេចឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅតែជាប្រធាននៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ ហើយលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអនុប្រធាន។

គោលដៅដ៏សំខាន់មួយ ដែលរដ្ឋាភិបាលកម្ពុជាចង់បាន គឺការកសាង «ភូមិ-ឃុំ-សង្កាត់ គ្មានគ្រឿងញៀន»៕

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com